ភ្នំពេញៈ រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា បានអំពាវនាវឱ្យអាស៊ានបន្តស្វែងរកយន្តការនានាដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងតំបន់ខណៈរដ្ឋមន្ត្រីការពារជាតិអាស៊ានបានជួបប្រជុំគ្នាពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នានៅឥណ្ឌូនេស៊ីលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។
លោក ទៀ សីហា អំពាវនាវដូច្នេះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីដែលដឹកនាំដោយលោក ប្រាបូវូ ស៊ូប៊ីនតូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ លោក ទៀ សីហា ដែលជាឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ជាមួយនឹងការរួមចំណែកប្រកបដោយថាមវន្តរបស់រដ្ឋមន្ត្រីការពារជាតិប្រទេសអាស៊ានពីអតីត និងរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលមានវត្តមាននាពេលនេះ កិច្ចប្រជុំនេះបានជំរុញបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ដោយផ្អែកលើគោលការណ៍នៃមជ្ឈភាព ឯកភាពអាស៊ាន និងការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដែលជាការរួមចំណែកដ៏ធំក្រៃលែងក្នុងការកសាងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដ៏រឹងមាំ និងធន់។
សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នាថ្ងៃទី ១៥ វិច្ឆិកា ថា៖ «ឯឧត្តម [លោក ទៀ សីហា] បានអំពាវនាវដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ ធ្វើការពិភាក្សាគ្នា ដើម្បីស្វែងរកយន្តការផ្សេងៗ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដូចជាបញ្ហានៅក្នុងតំបន់»។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា លោក ស៊ូប៊ីនតូ បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ កាលពីឆ្នាំ ២០២២ ហើយតាមរយៈកិច្ចប្រជុំនៅកម្ពុជាប្រទេសឥណ្ឌូនេស៊ីបានប្តេជ្ញាចិត្តបន្តលទ្ធផលដែលកម្ពុជាសម្រេចបាន។ លោកក៏បានសម្តែងការស្វាគមន៍ចំពោះរដ្ឋមន្ត្រីការពារជាតិ ដែលទើបបានតែងតាំងថ្មីមកពីកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។
លោក ស៊ូប៊ីនតូ បានបញ្ជាក់ថា៖ «សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្កើនសេដ្ឋកិច្ច។ ប្រសិនបើសន្តិសុខមិនរឹងមាំទេ គឺមិនអាចធ្វើបានឡើយក្នុងការទាក់ទាញវិនិយោគទុន និងការសម្រេចបានស្ថិរភាពនៅក្នុងសង្គមរបស់យើង និងប្រជាជនរបស់យើង។ ដូចនេះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺសំដៅដោះស្រាយបញ្ហាសន្តិសុខ»។
លោកថា កិច្ចប្រជុំនេះបន្តស្វែងរកការបង្កើន និងពង្រឹងនិមាបនកម្ម សន្តិសុខក៏ដូចជាការជំរុញឱ្យមានបរិយាបន្ននៅលើពិភពលោក។
កិច្ចប្រជុំរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ១៥-១៦ វិច្ឆិកា នេះបានប្រព្រឹត្តទៅក្រោមមូលបទ «សន្តិភាព វិបុលភាព និងសន្តិសុខ» ដោយផ្តោតលើកិច្ចពិភាក្សាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ការពង្រឹងជំនឿទុកចិត្ត និងការលើកកម្ពស់សមត្ថភាព និងភាពធន់របស់តំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ។ រដ្ឋមន្ត្រីការពារជាតិប្រទេសទីម័រខាងកើតបានចូលរួមប្រជុំនេះក្នុងនាមជាអ្នកសង្កេតការណ៍។
កិច្ចប្រជុំ ADMM នេះបានអនុម័តឯកសារសំខាន់ៗមួយចំនួន រួមមាន ផែនការសកម្មភាពនៃកិច្ចប្រជុំ ADMM ឆ្នាំ ២០២៣-២០២៦, ឯកសារទស្សនទានស្តីពីការអនុវត្តទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ពីទស្សនវិស័យការពារជាតិ, ឯកសារទស្សនទានស្តីពីការធ្វើសុខដុមនីយកម្មកិច្ចប្រជុំ ADMM និងគំនិតផ្តួចផ្តើមកិច្ចប្រជុំ ADMM បូក, និងសេចក្តីប្រកាសរួមទីក្រុងហ្សាការតានៃកិច្ចប្រជុំ ADMM សម្រាប់សន្តិភាព វិបុលភាព និងសន្តិសុខ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា បញ្ហានយោបាយសន្តិសុខ គឺជាសសរស្ដម្ភមួយសំខាន់របស់អាស៊ានក្នុងចំណោមសសរស្តម្ភ ៣ ហើយកិច្ចការដំណោះស្រាយបញ្ហាតំបន់នេះគឺជាការណ៍មួយដែលល្អ ពីព្រោះសន្តិសុខតំបន់ក៏រួមចំណែកទៅដល់ការធានាស្ថិរភាពនៃសន្តិសុខជាតិរៀងៗខ្លួនដែរ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ាន។
លោកថ្លែងថា៖ «ដោយឡែក យើងឃើញថា អាស៊ានកន្លងទៅក៏ជាចំណែកប្រទាញប្រទង់នៃសន្តិសុខតំបន់ផងដែរ ជាពិសេសទៅលើបញ្ហាសមុទ្រចិនខាងត្បូងដែលប៉ះពាល់ទៅដល់សន្តិសុខតំបន់ដែលអាចនាំឱ្យអាស៊ានមិនមានការឯកភាព។ នេះជាបញ្ហាមួយដែលអាស៊ានត្រូវតែគិតឡើងវិញទៅលើបញ្ហាសន្តិសុខតំបន់ដែលជះឥទ្ធិពលទៅដល់ទី ១ សន្តិសុខជាតិរៀងខ្លួន ទី២ សន្តិសុខតំបន់ផ្ទាល់ទី៣ ការឯកភាពរបស់អាស៊ានទៅលើបញ្ហាទាំងសកល និងបញ្ហាតំបន់»។
លោក យង់ ពៅ ថ្លែងថា អាស៊ានត្រូវតែមានលទ្ធភាពក្នុងការដោះស្រាយឬមានការចូលរួមដោយឆន្ទៈនយោបាយច្បាស់លាស់ និងមុតស្រួចទៅលើបញ្ហាដែលកើតមានឡើងនៅក្នុងតំបន់អាស៊ានខ្លួនឯងជាក់ស្ដែងបញ្ហានៅមីយ៉ាន់ម៉ា ដែលកំពុងតែកើតមាន៕