សៀមរាបៈ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលមានតម្លៃប្រមាណ ១ ១០០ លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាសមិទ្ធផលប្រវត្តិសាស្ត្រមួយ ដែលកើតចេញពីសុខសន្តិភាព និងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាយ៉ក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែងដែលមានចម្ងាយប្រមាណជាង ៤០ គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងប្រមាណជាង ៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងក្នុងពិធីសម្ពោធនាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ក្រោមក្របខ័ណ្ឌនៃគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ (BRI) និងគំនិតផ្ដួចផ្ដើមពីប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំង ២។
លោកបន្តថា នៅឆ្នាំ ២០១៩ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបបានទទួលអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៣,៩ លាននាក់ និងទទួលជើងហោះហើរជិត ៤០ពាន់ជើង (ទ្វេទិស) ដែលក្នុង ១ ថ្ងៃមានជើងហោះហើរប្រមាណជាង ១០០ ជើង។
លោកបានថ្លែងថា៖ «ទោះបីនាពេលបច្ចុប្បន្ននេះមានជើងហោះហើរប្រចាំថ្ងៃត្រឹមតែ ៣៤ ជើង ឬស្មើ ៣២% នៃឆ្នាំ ២០១៩ តែយើងសង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាទាក់ទាញជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកជាពិសេសជើងហោះហើរពីប្រទេសចិន ដែលអាចធ្វើឱ្យវិស័យអាកាសចរណ៍នៅប្រទេសកម្ពុជាត្រឡប់មករកប្រក្រតីភាពវិញនាពេលឆាប់ៗនេះ»។
បើតាមការលើកឡើងរបស់លោក ម៉ៅ ហាវណ្ណាល់ ក្នុងរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៣ នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៤ លាននាក់ ដែលមានការកើនឡើងចំនួន ១៤៤% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ រីឯជើងហោះហើរមានចំនួនជាង ៤១ ពាន់ជើង កើនឡើងចំនួន ៩៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងទៅ។
លោកបានថ្លែងថា៖ «ជារួម យើងអាចសន្មតបានថា វិស័យឧស្សាហកម្មតាមផ្លូវអាកាសនៅកម្ពុជាបានស្ដារឡើងវិញជាង ៥៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ មុនវិបត្តិជំងឺកូវីដ ១៩។ មួយវិញទៀត កម្ពុជាបាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន ២ ទៀតផងដែរ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតារាសាគរ និងលើកកម្រិតស្តង់ដាអាកាសយានដ្ឋានអន្តរជាតិចំនួន ១ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ»។
លោក ម៉ៅ ហាវណ្ណាល់បានបន្តថា៖ «ជាមួយគ្នានេះ យើងក៏មានគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងអាកាសយានដ្ឋានកោះរ៉ុង ក៏ស្ថិតនៅក្នុងរបៀបវារៈផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍»។
នៅក្នុងពិធីប្រកាសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាសមិទ្ធផលប្រវត្តិសាស្ត្រមួយដែលជាព្រលានយន្តហោះមានលក្ខណៈទំនើបដែលអាចទទួលជើងយន្តហោះច្រើន ហើយវាក៏មិនមែនជាសមិទ្ធផលសម្រាប់បច្ចុប្បន្នកាលទេ តែវាក៏ជាការត្រៀមលក្ខណៈសម្រាប់អនាគតផងដែរ។ លោកក៏បានពន្យល់ដែរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិនឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន ២ របស់លោកហ៊ុន សែនផងដែរនោះគឺការអភិរក្ស និងការអភិវឌ្ឍ។
លោកក៏បានបញ្ជាក់ដែរថា៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព និងជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន បន្ទាប់ពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលជាផ្លូវល្បឿនលឿនជាងគេនៅកម្ពុជាដែលបានដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ ២០២២ កន្លងទៅនេះ»។
លោកបានបន្តដែរថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម ជាពិសេសនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រីលើកឡើងដែរថា តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ «ទស្សនាកម្ពុជាឆ្នាំ ២០២៤» ទេសចរចិន នឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ ២០២៤ ខាងមុខនេះ។
កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។ កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន (PASSPORT) ទេ។
លោកមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា ឆ្នាំ ២០២៤ ជាឆ្នាំនៃការចាប់ផ្តើមជំរុញការរស់ឡើងវិញនៃវិស័យទេសចរណ៍នៅខេត្តសៀមរាប និងជាមូលដ្ឋានសម្រាប់ការពង្រីកវិស័យទេសចរណ៍នៅទូទាំងប្រទេស ក៏ដូចជាការជំរុញការអភិវឌ្ឍវិស័យផ្សេងៗទៀតផងដែរ»។
ឆ្លៀតឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរខេត្តសៀមរាប ត្រូវខិតខំក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្នុងខេត្តសៀមរាបទាំងមូលផងដែរ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តនេះ។
លោកថ្លែងថា៖«អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព សន្តិសុខ នៅក្នុងតំបន់ជុំវិញព្រលានថ្មីនេះ ក៏ដូចជាក្នុងខេត្តឱ្យមានដំណើរការបានល្អ ធានាសន្តិសុខ សុវត្ថិភាព ស្ថិរភាពជូនទេសចររបស់យើងនៅក្នុងខេត្តកិច្ចការនេះសំខាន់ណាស់»។
លោកក៏បានលើកឡើងពីគម្រោងសំខាន់ៗមួយចំនួនផងដែរទាក់ទងនឹងការភ្ជាប់ជាមួយនឹងព្រលានយន្តហោះថ្មីនេះ ក្នុងនោះមានដូចជា ការរៀបចំប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរចូលដល់កម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងដាក់ឱ្យអនុវត្តមុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅចុងឆ្នាំ ២០២៣ នេះ។
គម្រោងពង្រីកការដាក់ឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន (PASSPORT), គម្រោងធ្វើរថភ្លើង
កម្រិតស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅក្រុងសៀមរាបដើម្បីងាយស្រួលធ្វើដំណើរឱ្យបានលឿន ជាដើម។
ដោយឡែក នៅថ្ងៃដដែលនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយនឹងលោកវ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈតេឡេក្រាម លោក ហ៊ុន ម៉ាណែត, អភិបាលខេត្តយូណាន បានលើកឡើងថា ខេត្តយូណានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះទ្បើងក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុតក្រោម «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប «សាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)»។
សូមជម្រាបផងដែរថា អាកាសយានដ្ឋាននេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិលំដាប់/ប្រភេទ ៤ អ៊ី (4E) ដែលអាចបម្រើការហោះហើររបស់យន្តហោះស្ទើរគ្រប់ប្រភេទ (ក្នុងដំណាក់កាលទី ១) ចាប់ពីអាកាសយានប្រភេទតូច រហូតដល់ប្រភេទធំៗ ក៏ដូចជាសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ៕