ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យមានវិធានការតឹងរុឹងឱ្យដូចភ្លៀងរលឹម ក្នុងការបង្ក្រាប និងទប់ស្កាត់ភាពអសន្តិសុខសង្គមតួយ៉ាងការបាញ់បោះសេរី និងបញ្ហាគ្រឿងញៀន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ខណៈមន្ត្រីនគរបាលដែលពាក់ព័ន្ធការបាញ់បោះសេរីនៅគិរីរម្យត្រូវបានបណ្តេញពីក្របខ័ណ្ឌរដ្ឋ។
ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ» កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បានថ្លែងជាសាធារណៈថា៖ «សូមសរសើរសមត្ថកិច្ច ឥឡូវនេះឃើញវិន័យតឹងពីម្សិលឃើញមាននៅគិរីរម្យនោះ សួរចុះសួរឡើង ស្រាវជ្រាវចុះឡើងជាអកុសលរកឃើញថានៅក្នុងកម្លាំងសមត្ថកិច្ច ត្រូវតែកាត់បន្ថយដូចជាចាត់វិធានការតឹងរុឹងបណ្តេញចេញពីក្របខ័ណ្ឌ ដូចជា ៤ នាក់ នេះជាគំរូ»។
លោកសង្កត់ធ្ងន់ថា កិច្ចការបង្ក្រាបបទល្មើសបង្កអសន្តិសុខនេះត្រូវតែមានការពង្រឹងតួយ៉ាងបញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ-សង្កាត់ ជាដើម ដើម្បីអាចគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈបានល្អ។ លោកបន្តថា កិច្ចការងារនេះ ត្រូវបន្តធ្វើជាយន្តការដូចជាភ្លៀងរលឹម តិចក្តី ច្រើនក្តី ប៉ុន្តែត្រូវតែពង្រឹងមិនត្រូវធ្វើឡើងតែមួយឆាវឡើយ ដើម្បីទៅរកការមានម្ចាស់ការអាចគ្រប់គ្រងអំពើអសន្តិសុខទាំងនេះបាន។
គួរបញ្ជាក់ថា អ្នកពាក់ព័ន្ធ ៤ រូប ក្នុងករណីបាញ់បោះសេរីនៅផ្ទះលម្ហែលើខ្នងភ្នំគិរីរម្យ ភូមិថ្មី (ចម្ការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កន្លងទៅបានចូលខ្លួនទៅសារភាពកំហុសនៅស្នងការនគរបាលខេត្តកំពង់ស្ពឺរួចហើយដោយភ្ជាប់ជាមួយកាំភ្លើងខ្លី ៣ ដើម។
ចំណែកម្ចាស់ផ្ទះលម្ហែឈ្មោះកង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ខណៈកម្លាំងសមត្ថកិច្ចកំពុងតាមស៊ើបចាប់ខ្លួន។ តាមចម្លើយរបស់ជនពាក់ព័ន្ធទាំង ៤ រូបបានសារភាពថា នៅថ្ងៃកើតហេតុ ១១ វិច្ឆិកា ២០២៣ ពួកគេបានបាញ់កាំភ្លើងជិត ៣០ គ្រាប់ ខណៈសមត្ថកិច្ចបានរកឃើញសម្បកគ្រាប់ចំនួន ២០០ គ្រាប់ ដែលសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា នៅទីតាំងខាងលើធ្លាប់មានការបាញ់បោះសេរី។
ជុំវិញបញ្ហានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លើកឡើងថា ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលជុំវិញការបង្ក្រាបការបាញ់បោះសេរីជាដើមនេះ ជាវិធានការម៉ឺងម៉ាត់ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជា ដែលទាមទារមូលដ្ឋាន ៣ ពោលគឺ ភាពស្ងប់ស្ងាត់ ភាពស្អាតបាត និងភាពសុខសុវត្ថិភាព ដែលបានធានាតាមរយៈរដ្ឋធម្មនុញ្ញជាតិ។
លោកថ្លែងថា៖ «ការអំពាវនាវនេះជាផ្នែកមួយនៃវិធានការនានាក្នុងការពង្រឹងលើការអនុវត្តច្បាប់របស់ប្រទេស។ ដោយកម្ពុជាយើងជាប្រទេសនីតិរដ្ឋ ដូច្នេះទាមទារគោរពឱ្យបានម៉ឺងម៉ាត់ទៅតាមរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមានហើយក្នុងនោះក៏មានពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ផងដែរ»។
លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ចសង្កត់ធ្ងន់ថា ការបង្ក្រាប និងការទប់ស្កាត់ការប្រើប្រាស់អំណាចហួសដែនកំណត់របស់មន្ត្រីមានអំណាចជារឿងសំខាន់ និងជាគោលដៅរបស់រដ្ឋាភិបាលផង ដើម្បីអាចឱ្យមានមន្ត្រីផ្តល់សេវាសាធារណៈល្អដល់ពលរដ្ឋជាជាងប្រើអំណាចបំពានសិទ្ធិពលរដ្ឋ។
លោកបន្តថា សម្រាប់ក្រសួងអធិការកិច្ចក៏មានចំណែកក្នុងកិច្ចការនេះដែរ ពោលគឺធានាមិនឱ្យមន្ត្រីអនុវត្តន៍ច្បាប់ ជាពិសេសមន្ត្រីតាមមូលដ្ឋាន ប្រព្រឹត្តអំពើល្មើសច្បាប់ និងរំលោភអំណាចជាដើម។
សម្រាប់លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ គាំទ្រលើចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបទៅលើមន្ត្រីមានអំណាច ដែលប្រើអំណាច ប្រើអំពើផ្តេសផ្តាសតួយ៉ាងការបាញ់កម្សាន្តលេងរាប់រយគ្រាប់នៅថ្ងៃខួបកំណើតខ្លួន ជាទង្វើអសីលធម៌ហើយប្រាសចាកច្បាប់សង្គម។
លោកស្នើឱ្យមានការដាក់ទោសទណ្ឌទៅតាមច្បាប់កំណត់ចំពោះមន្ត្រីមានអំណាចដែលប្រព្រឹត្តខុសច្បាប់ តួយ៉ាងករណីបាញ់បោះសេរីនេះជាដើម ដែលជាគំរូសម្រាប់មន្ត្រីមានអំណាចដទៃទៀត ដើម្បីកុំឱ្យចេះតែប្រើអំណាចផ្តេសផ្តាសរំលោភលើសិទ្ធិអ្នកដទៃ។
គួរជម្រាបជូនថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត មានគោលដៅពង្រឹងសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ការពង្រឹងយន្តការភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ពង្រឹងវិន័យមន្ត្រីរាជការ និងលើកកម្ពស់អភិបាលកិច្ចជាដើម៕