ភ្នំពេញៈ អ្នកវិភាគលើកឡើងថា កម្ពុជាក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ បានខិតខំស្វះស្វែងវិធីសាស្ត្រនានាក្នុងការបង្កើតទំនុកចិត្តរវាងអាស៊ាន និងមីយ៉ាន់ម៉ា ខណៈឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ ២០២៣ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចរចាផ្ទាល់ជាច្រើនលើកច្រើនសាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ទោះយ៉ាងណា វិបត្តិនៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយមកដល់ពេលនេះ។ អ្នកវិភាគក៏បានលើកឡើងដែរថា មានកត្តាធំ ២ ដែលនាំឱ្យវិបត្តិប្រទេសនេះបន្តអូសបន្លាយ។
វិបត្តិនៅមីយ៉ាន់ម៉ាបានបន្តអូសបន្លាយ ដែលមកដល់ពេលនេះមានរយៈពេលជិត ៣ ឆ្នាំហើយ ចាប់តាំងពីឆ្នាំ ២០២១ ក្រោយពេលដែលមេដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។
អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក៏ធ្លាប់បានលើកឡើងថា ត្រឹមរយៈពេល ១ ឆ្នាំក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាននេះ វិបត្តិនៅមីយ៉ាន់ម៉ាមិនអាចដោះស្រាយឱ្យចប់ទាំងស្រុងបានទេ ព្រោះវាជាបញ្ហាសាំញ៉ាំ ដែលគ្រប់គ្រងដោយយោធាអស់រយៈពេល ៧០ ឆ្នាំកន្លងមកហើយ។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពុជាបានបំពេញតួនាទី និងកាតព្វកិច្ចជាប្រធានអាស៊ានបានយ៉ាងល្អ ហើយនៅក្នុងកិច្ចប្រជុំអាស៊ាននានា គឺសុទ្ធតែទទួលបានជោគជ័យ និងទទួលបានការកោតសរសើរពីប្រទេសដទៃផងដែរ។
លោកបានថ្លែងទៀតថា៖ «កម្ពុជាបានខិតខំស្វះស្វែងរកវិធីសាស្ត្រនានាក្នុងការបង្កើតទំនុកចិត្តរវាងអាស៊ាន និងមីយ៉ាន់ម៉ា ក៏ដូចជារវាងរដ្ឋាភិបាលយោធា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន ដើម្បីជំរុញឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលយកការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ឬកុងសង់ស៊ីស ៥ ចំណុច និងជាលទ្ធផល រដ្ឋាភិបាលយោធា ក៏បានដោះលែងអ្នកទោសជាច្រើន»។
លោក ថុង ម៉េងដាវិត លើកឡើងថា សម្រាប់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានហាក់បីដូចជាផ្តោតសំខាន់លើការពង្រីកកំណើនសេដ្ឋកិច្ច និងកិច្ចសហ ប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់ ក៏ប៉ុន្តែឥណ្ឌូនេស៊ីក៏បានដាក់ចេញយុទ្ធសាស្ត្រចរចាផ្ទាល់ជាច្រើនលើកច្រើនសា និងសន្យាថា នឹងបង្កើតយន្តការត្រយកា (Troika) ថ្មីមួយដែលមានភាគី ៣ ប្រទេសក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ក៏ប៉ុន្តែបញ្ហានេះទាមទារឱ្យមានការប្តេជ្ញាចិត្តទាំងសងខាង ដើម្បីឈានទៅរកការស្វែងរកសន្តិភាព និងដំណោះស្រាយនយោបាយដ៏មានប្រសិទ្ធភាពនៅមីយ៉ាន់ម៉ា។
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី ជិតនឹងផុតអាណត្តិជាប្រធានអាស៊ានឆ្នាំ ២០២៣ ហើយឋានៈជាប្រធានអាស៊ានបន្ទាប់ក៏ត្រូវបានប្រគល់ទៅឱ្យប្រទេសឡាវធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៤ រួចហើយដែរកាលពីកិច្ចប្រជុំកំពូលអាស៊ានកាលពីដើមខែកញ្ញា នៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា មានកត្តាធំ ២ ដែលវិបត្តិនៅមីយ៉ាន់ម៉ាបន្តអូសបន្លាយ។ ទី១ គឺកត្តានយោបាយអំណាចផ្ទៃក្នុងរវាងការរស់រានមានជីវិតរបប (regime survival) របស់ក្រុមយោធាដែលក្តោបក្តាប់អំណាចទ័ពរឹងមាំ ដែលហាក់បាត់បង់ប្រយោជន៍ និងការរស់រានមានជីវិតរបបយោធាក្រោមរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលធ្វើកំណែទម្រង់រដ្ឋ នយោបាយ និងសេដ្ឋកិច្ច ដែលការធ្វើកំណែទម្រង់នេះមានផលជះអវិជ្ជ
មានដល់ក្រុមយោធា។ នេះជាការប្រកួតប្រជែងផ្ទៃក្នុងមីយ៉ាន់ម៉ា រវាងក្រុមអភិរក្សនិយមយោធា និងក្រុមកំណែទម្រង់និយមស៊ីវិល ដែលមិនអាចរកច្រកចេញបាន។
លោកថ្លែងថា៖ «កត្តាទី២ គឺការប្រែប្រួលអំណាចភូមិសាស្ត្រនយោបាយដ៏សំខាន់ក្នុងតំបន់ និងពិភពលោក។ ការរះឡើងរបស់ចិនជាមហាអំណាចនៅក្នុងតំបន់ និងពិភពលោក ដែលគ្រប់គ្រងបែបអាជ្ញានិយម (authoritarianism) ប្រជែងសណ្តាប់ធ្នាប់សេរីដែលគ្រប់គ្រងដោយអាមេរិក ដែលកំពុងចុះខ្សោយអំណាច»។
លោក រ៉ូ វណ្ណៈ ថ្លែងថា៖ «ការប្រែប្រួលតុល្យភាពអំណាច និងប៉ូលអំណាចពីឯកប៉ូលត្រួតត្រាផ្តាច់មុខដោយអាមេរិកចាប់តាំងពីការបញ្ចប់ទៅនៃសង្គ្រាមត្រជាក់រហូតដល់ឆ្នាំ ២០១៦ មកកាន់ពិភពលោកពហុប៉ូល ដែលមានមហាអំណាចដទៃទៀត ដូចជាចិន រុស្ស៊ី ជាដើម ធ្វើឱ្យមានជម្លោះ និងសង្គ្រាមជាបន្តបន្ទាប់ ជាពិសេសនិន្នាការទៅរកការគ្រប់គ្រងផ្តាច់ការ យោធានិយម ដូចករណីភូមា ជាឧទាហរណ៍។ ការពាក់ព័ន្ធនៃផលប្រយោជន៍របស់មហាអំណាចនៅក្នុងជម្លោះភូមា ជាកត្តាសំខាន់ដែលភូមាមិនអាចបញ្ចប់ជម្លោះដោយឆាប់ៗបានទេ»។
ចំណែក លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានមានការ «ប្រឹងប្រែងមែនទែន» ហើយបានបង្កើតអភិក្រមថ្មីដែលអ្នកការទូត និងអ្នកនយោបាយការបរទេសអន្តរជាតិមិនសូវសាទរ គឺអភិក្រមដែលលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រថុយប្រថានទៅទីក្រុងណៃពិដោ (Naypyitaw) ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយអ្នកនយោបាយគូបដិបក្ខ។ យ៉ាងហោចណាស់លោកក៏បានជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលជាអ្នកដឹកនាំនយោបាយដ៏សំខាន់បើទោះជាផ្នែកយោធាក៏ដោយ។
លោកបន្តថា លោក ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ានៅពេលនោះ មានបំណងជួបគ្រប់ដៃគូសន្ទនាទាំងអស់។ ក៏ប៉ុន្តែដោយសារស្ថានភាពមិនអនុញ្ញាតលោកមិនអាចជួបគ្រប់គូសន្ទនាបានទេ។ ទោះយ៉ាងណាកម្ពុជាបានប្រឹងប្រែងអស់លទ្ធភាព។ កម្ពុជាក៏បានស្នើតែងតាំងប្រេសិតពិសេស លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ានហើយបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាដោយជួបអ្នកនយោបាយមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយ និងស្វែងយល់ពីបញ្ហាគន្លឹះៗក៏ដូចជាការជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន ឬហៅថា កុងសង់ស៊ីសដែលមីយ៉ាន់ម៉ាបានព្រមព្រៀងជាមួយអាស៊ានតាំងពីឆ្នាំ ២០២១។
លោក យង់ ពៅ បញ្ជាក់ថា៖ «អ៊ីចឹងនេះជាអ្វីដែលកម្ពុជាបានប្រឹងប្រែងក្នុងឋានៈជាប្រធានអាស៊ាន។ កម្ពុជាប្រឹងប្រែងដោយសារតែកម្ពុជាបានយល់ច្បាស់ពីទុក្ខលំបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់។ អ៊ីចឹងហើយ កម្ពុជាយល់ពីទុក្ខលំបាកនេះ។ អ៊ីចឹងកម្ពុជាប្រឹងប្រែង ទី១។ ទី២ កម្ពុជាបានទទួលបានសន្តិភាពដោយសារតែសហគមន៍អន្តរជាតិជួយជ្រោមជ្រែងរួមនឹងឆន្ទៈនយោបាយរបស់អ្នកនយោបាយផ្ទៃក្នុង»។
លោក យង់ ពៅ ថ្លែងថា វិបត្តិនៅមីយ៉ាន់ម៉ានេះ គឺមិនទាន់មានសញ្ញាណវិជ្ជមានទេ គឺហាក់ដូចជានៅទ្រឹងក្នុងខណៈដែលស្ថានភាពពិភពលោកកំពុងតែក្ដៅរោលរាលនៅតំបន់ផ្សេងៗទៀតផ្ដើមពីតំបន់អ៊ុយក្រែន នៅអឺរ៉ុបខាងកើត ឥឡូវមកដល់មជ្ឈិមបូព៌ាបន្ថែមទៀត ដោយជម្លោះរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា (Gaza) កាន់តែក្តៅគគុកថែមទៀត។ ប្រទេសមហាអំណាចបានដាក់ទម្ងន់យុទ្ធសាស្ត្រនៅទីនោះខ្លាំងជាពិសេសបស្ចិមលោក។
លោកថ្លែងថា៖ «អ៊ីចឹងបញ្ហាមីយ៉ាន់ម៉ាហាក់នៅទ្រឹងហើយប្រទេសអាស៊ានដែលមានគំនិត ផ្ដួចផ្ដើមចង់មានដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ានេះមានកម្ពុជា និងប្រទេសថៃដែលដុតដៃដុតជើងទៅលើកិច្ចការមីយ៉ាន់ម៉ានេះ។ តែទោះយ៉ាងណា អាស៊ានត្រូវការកុងសង់ស៊ីស»។
កាលពីថ្ងៃទី ១៧ ខែតុលា អាស៊ានបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការទម្លាក់គ្រាប់បែកលើទីតាំងជំរំជនភៀសខ្លួនក្នុងរដ្ឋកាឈិន (Kachin) នៅប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តាលឱ្យជនស៊ីវិលដែលត្រូវបានរាយការណ៍ថា មានចំនួន ២៨ នាក់បានស្លាប់ ដែលក្នុងនោះមានកុមារយ៉ាងតិច ១២ នាក់ផង និងបណ្តាលឱ្យមនុស្សចំនួន ៥៧ នាក់ ផ្សេងទៀតបានរងរបួស។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ កាលពីដើមខែកញ្ញា ដែលដឹកនាំដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ក្នុងឋានៈឥណ្ឌូនេស៊ីជាប្រធានអាស៊ានឆ្នាំ ២០២៣ ក៏បានពិភាក្សាអំពីការវិវឌ្ឍក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសការអនុវត្តកុងសង់ស៊ីស ៥ ចំណុច។
ក្រោយកិច្ចប្រជុំកំពូលនេះ ប្រធានអង្គប្រជុំក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តកើនឡើងនៃអំពើហិង្សា ដែលនាំឱ្យបន្តអូសបន្លាយនូវការឈឺចាប់ដល់ប្រជាជនមីយ៉ាន់ម៉ា វិបត្តិមនុស្សធម៌ ការបំផ្លិចបំផ្លាញផ្ទះសំបែង និងអគារសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ ផ្សារ ព្រះវិហារ និងវត្តអារាម និងផលប៉ះពាល់អវិជ្ជមានលើស្ថិរភាពក្នុងតំបន់ ជាពិសេសនៅតាមតំបន់ព្រំដែន។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងបញ្ជាក់សារជាថ្មីនូវជំហររបស់យើងថា កុងសង់ស៊ីសទាំង ៥ ចំណុចនេះនៅតែជាឯកសារយោងដ៏មានសារៈសំខាន់របស់អាស៊ានក្នុងការដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងន័យនេះ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការមិនមានការរីកចម្រើនជាដុំកំភួនក្នុងការអនុវត្តកុងសង់ស៊ីសនេះពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា បើទោះបីជាមានការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកុងសង់ស៊ីសនេះកាលពីខែមេសាឆ្នាំ ២០២១ ក៏ដោយ»។
អង្គប្រជុំបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន កិច្ចសហការ និងការចូលរួមយ៉ាងធំធេង និងប្រកបដោយបរិយាបន្នរបស់ការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាក្នុងការធានានូវវឌ្ឍនភាពជាក់ស្តែងលើការអនុវត្តកង់សង់ស៊ីសនេះ និងស្វាគមន៍ចំពោះរបាយការណ៍ និងការវាយតម្លៃគ្រប់ជ្រុងជ្រោយរបស់ប្រធានអាស៊ាន។
គួររំឮកថា ក្រោយពីកម្ពុជាបានចូលកាន់ដំណែងជាប្រធានអាស៊ានបាន ១ សប្តាហ៍លោក ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២ ដោយបានជួបជាមួយមេដឹកនាំយោធា លោក មីន អ៊ុងឡាំង ក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្គ្រាមស៊ីវិលតាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
ខណៈក៏មានការរិះគន់អំពីដំណើរទស្សនកិច្ចរបស់លោកក្នុងការជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ានេះ លោក ហ៊ុន សែន បានអះអាងនៅក្នុងពិធីមួយនៅខែកុម្ភៈ ឆ្នាំ ២០២២ ថា លោកក៏ទទួលបានការគាំទ្រជាច្រើនផងដែរពីដំណើរទស្សនកិច្ចនេះ ព្រោះវាជាវិធីសាស្ត្រ ក្នុងការបញ្ចៀសមិនឱ្យមានមនុស្សស្លាប់។
ក្នុងខែឧសភា ឆ្នាំ ២០២២ លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ម្តងទៀតតាមប្រព័ន្ធវីដេអូពីភូមិគ្រឹះរបស់លោកនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានជជែកគ្នាក្នុងការឆ្ពោះទៅរកការពន្លឿនការអនុវត្តកុងសង់ស៊ីស ៥ ចំណុចនេះ។
ក្រោយមកនៅខែមិថុនា ឆ្នាំ ២០២២ លោក ហ៊ុន សែន បានសរសេរលិខិតទៅកាន់លោក មីន អ៊ុងឡាំង ដោយស្នើមេដឹកនាំយោធាមីយ៉ាន់ម៉ា
រូបនេះពិចារណាឡើងវិញ ចំពោះផែនការអនុវត្តការកាត់ទោសប្រហារជីវិតដល់ក្រុមប្រឆាំង ហើយលោក ហ៊ុន សែន ក៏បានបង្ហាញពីបំណងប្រាថ្នាក្នុងការជួយប្រទេសនេះឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ។
លោកបញ្ជាក់ក្នុងលិខិតនេះថា ការផ្ដន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួនដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។
រហូតមកដល់ខែវិច្ឆិកា ឆ្នាំ ២០២២ អាជ្ញាធរមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសនយោបាយទ្រង់ទ្រាយធំដែលមានចំនួនជិត ៦ ០០០ នាក់ ដែលក្នុងនោះក៏មានលោក Sean Turnell សាស្ត្រាចារ្យសេដ្ឋកិច្ចអូស្ត្រាលី និងជាទីប្រឹក្សារបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។ អ្នកទោសចំនួនជិត ៦ ០០០ នាក់នេះត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលមានភាពចលាចលនយោបាយដែលបានកើតឡើង បន្ទាប់ពីមានរដ្ឋប្រហារយោធា។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបង្ហោះសារនៅក្នុងតេឡេក្រាម (Telegram) កាលពីថ្ងៃទី ១ ខែវិច្ឆិកាថា៖ «និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកនិងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត ៣ ទសវត្សរ៍និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ»។
លោកបន្ថែមថា ពិភពលោកដែលកំពុងព្យាយាមដោយលំបាកបំផុតក្នុងការបញ្ចប់សង្គ្រាម ជាពិសេសប្រទេសដែលកំពុងមានសង្គ្រាមដោយផ្ទាល់គួរតែមកសិក្សាពីនយោបាយឈ្នះឈ្នះរបស់កម្ពុជាដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងល្អឯកក្នុងការបញ្ចប់សង្គ្រាមដោយមិនមានអ្នកចាញ់៕