កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ និងកងកម្ទេច​គ្រាប់មិន​ទាន់ផ្ទុះ​របស់​កម្ពុជា​ចំនួន ៩០ នាក់ បានធ្វើ​មាតុភូមិ​និវត្តន៍​មកដល់​ប្រទេសកម្ពុជា​វិញហើយ ក្រោយសម្រេច​បាននូវ​ជោគជ័យនៅក្នុង​ដំណើរ​បំពេញបេសកកម្ម​រក្សាសន្តិភាព​នៅក្រៅ​ប្រទេស ក្រោមឆត្រ​អង្គការ​សហប្រជាជាតិ (UN)។

កាលពីថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ និងជាអគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​រក្សាសន្តិភាព លោក សែម សុវណ្ណនី បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ទទួលដំណើរ​មកដល់​របស់កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះលេខ ៧២៩ និងកងកម្ទេច​គ្រាប់មិនទាន់ផ្ទុះ​លេខ ៨២៨ ដែលបានបញ្ចប់​បេសកកម្ម​រក្សាសន្តិភាព ក្រោមឆ័ត្រអង្គការ​សហប្រជាជាតិ នៅសាធារណរដ្ឋ​ម៉ាលី។ នេះបើតាម​ការជូនដំណឹង​របស់​ក្រសួង​ការពារជាតិ​តាមបណ្តាញ​សង្គមហ្វេសប៊ុក។

កម្លាំង​ដែលមកដល់​មាតុភូមិ​នាពេលនេះ មានចំនួន​សរុប ៩០ នាក់ ក្នុងនោះ ៦៧ នាក់ ជាកងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ ៧២៩ ដែលបាន​បំពេញ​បេសកកម្ម​នៅតំបន់​គីដាល់ និង ២៣ នាក់ ជាកងកម្ទេចគ្រាប់​មិនទាន់ផ្ទុះ​លេខ ៨២៨ ដែលបាន​បំពេញ​បេសកកម្ម​នៅទីក្រុង​ហ្គាវ នៃ​សាធារណរដ្ឋ​ម៉ាលី។  

នាឱកាសនោះ​ដែរ លោក សែម សុវណ្ណនី បាននាំយក​ពាក្យពេចន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លោក ទៀ សីហា ដែលបានអញ្ជើញ​ចូលកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន នៅឯប្រទេស​ឥណ្ឌូនេស៊ី ជូន​ចំពោះ​កងកម្លាំង​ទាំងអស់​ផងដែរ។

លោក សែម សុវណ្ណនី បញ្ជាក់​ថា៖«កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញ​ភារកិច្ច ការគោរព និងការចូលរួម​បេសកកម្ម​នេះ គឺជាការរួម​ចំណែកជា​មគ្គុទេសក៍​សម្រាប់​ជំនាន់ក្រោយ ដើម្បី​សន្តិភាព​ពិភពលោក»។ កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះលេខ ៧២៩ និង កងកម្ទេច​គ្រាប់​មិនទាន់ផ្ទុះ​លេខ ៨២៨ មិនត្រឹមតែ​ជាកងយោធពល​ខេមរភូមិន្ទ​ប៉ុណ្ណោះទេ អ្នកក៏ជា​គ្រួសារមួយ​របស់​អង្គការ​សហប្រជាជាតិ លើសពីនោះ អ្នកក៏ជា​និមិត្តរូប​នៃភាពក្លាហាន​ក្នុងការចូលរួម​ចំណែក​បំពេញ​ភារកិច្ច​ក្នុងប្រទេស​ដែលរង​ជម្លោះ និងអស្ថិរភាព»។

ពិធីទទួល​ដំណើរ​នាពេលនេះ គឺជាការទទួល​បណ្តោះអាសន្ន ត្បិតនឹង​មានពិធី​ទទួល​ជាផ្លូវការ ក្រោមអធិបតីភាពលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្ទាប់ពី​កងកម្លាំង​ទាំងអស់​បានមកដល់​នាពេល​ខាងមុខនេះ។

គួរបញ្ជាក់ផងដែរ​ថា នេះជាការមកដល់​លើកទី២ បន្ទាប់ពី​កងនាំមុខ​បានមកដល់​មាតុភូមិ កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដែល​ពេលនោះ កងអនុសេនាធំ​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ៧២៩ ចំនួន ៥៣ នាក់ បានធ្វើ​មាតុភូមិ​និវត្តន៍​មកដល់​ប្រទេស​កម្ពុជា ក្រោយសម្រេច​បាននូវ​ជោគជ័យ នៅក្នុងដំណើរ​បំពេញ​បេសកកម្ម​មនុស្សធម៌ ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ (UN) នៅ​សាធារណរដ្ឋ​ម៉ាលី៕

កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ និងកងកម្ទេច​គ្រាប់មិន​ទាន់ផ្ទុះ​របស់​កម្ពុជា​ចំនួន ៩០ នាក់។រូបថត ក្រសួង​ការពារជាតិ

កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ និងកងកម្ទេច​គ្រាប់មិន​ទាន់ផ្ទុះ​របស់​កម្ពុជា​ចំនួន ៩០ នាក់។រូបថត ក្រសួង​ការពារជាតិ