រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានធ្វើការជំរុញទៅកាន់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham Cambodia) ឱ្យជួយទាក់ទាញអ្នកធុរកិច្ច ឬក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីឱ្យងាកមកចាប់អារម្មណ៍វិនិយោគនៅកម្ពុជាបន្ថែមទៀត។
ការស្នើរបស់ភាគីកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ខណៈដែលលោកបានដឹកនាំគណៈប្រតិភូចូលជួប សម្តែងការគួរសមនៅទីស្តីការក្រសួងការងារ កាលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។
នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងការងារតាមបណ្តាញសង្គមតេឡេក្រាម។
ក្រសួងការងារបានឱ្យដឹងថា នាឱកាសនោះ លោករដ្ឋមន្ត្រី ហេង សួរ បានស្វាគមន៍ចំពោះការជួបពិភាក្សាការងាររបស់ពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ខណៈលោកក៏បានលើកឡើងពីកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧ ដែលសំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើង។
លោកបន្តថា៖ «ក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់លក្ខខណ្ឌការងារ ក្នុងគោលបំណងបង្កើតឱ្យមានបរិយាកាសនៃការវិនិយោគដែលមានស្រាប់កាន់តែមានភាពប្រសើរឡើងជាលំដាប់ និងការទាក់ទាញវិនិយោគថ្មីបន្ថែមទៀត ជាពិសេសការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប»។
រដ្ឋមន្ត្រីក្រសួងការងារ ក៏បានសង្កត់ធ្ងន់ដែរថា ក្រសួងនឹងខិតខំពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកក្នុងរោងចក្រ សហគ្រាស និងការហ្វឹកហ្វឺនកូនជាងដែលជាចំណុចគន្លឹះនៃការបង្កើនផលិតភាពការងារខ្ពស់ដែលអ្នកវិនិយោគចង់បានផងដែរ។
ជាការឆ្លើយតប លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ ខណៈលោកថាបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌការងារនៅកម្ពុជាបច្ចុប្បន្នមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
លោកបានបញ្ជាក់បន្ថែមថា៖ «វាជាតួនាទីរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបកម្ពុជា ដើម្បីបង្ហាញដល់អ្នកវិនិយោគរបស់អឺរ៉ុបដែលកំពុងមានវត្តមាននៅតំបន់អាស៊ី ឱ្យងាកមកចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា»។
ជុំវិញរឿងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានថ្លែងថា ការជំរុញការបង្ហាញយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ក្រសួងការងារ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទាក់ទាញវិនិយោគអន្តរជាតិ គឺជារឿងសមស្រប និងគួរឱ្យសាទរ ដែលនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
យ៉ាងណាមិញ លោកថា៖ «ជាភារកិច្ចដែលរាជរដ្ឋាភិបាល ឬក្រសួងគួរធ្វើបន្ថែមទៀត ដើម្បីផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ គឺចាំបាច់ត្រូវមានកិច្ចសន្ទនាច្បាស់លាស់ តាមរយៈការជំរុញកិច្ចសហការជាមួយវិនិយោគិន បង្ហាញពីសុទិដ្ឋិនិយមពីកម្ពុជា និងបង្ហាញពីសក្តានុពលនូវវិស័យអាទិភាពដល់វិនិយោគិនបរទេសទាំងនោះ ថាយើងពិតជាមានផែនការច្បាស់លាស់ ដើម្បីធានាសុខុមាលភាពរបស់កម្ពុជារយៈពេលវែង»។
នៅក្នុងជំនួបខាងលើ ក្រសួងការងារ-សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក៏បានបង្ហាញសុទ្ធិដ្ឋិនិយមថា នឹងពង្រឹងកិច្ចសហការបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀតក្នុងគោលបំណងធ្វើឱ្យកម្ពុជាមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ការវិនិយោគជាតិ និងអន្តរជាតិឱ្យខ្លាំងថែមទៀត៕