លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពាវនាវ​ដល់គ្រប់​មជ្ឈដ្ឋាន​ដែលកំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ប៉ុន្តែ​មានជំនឿ​សាសនា​ខុសគ្នា រួមគ្នា​ថែរក្សា​សុខដុមនីយកម្ម​សាសនា និងចូលរួម​ផ្សព្វផ្សាយ​ការលើកកម្ពស់​សីលធម៌​សង្គម ខណៈ​រដ្ឋាភិបាល​អាណត្តិទី៧ នៅតែប្រកាន់​គោលនយោបាយ​ក្នុងការធានា​សិទ្ធិសេរីភាព​គ្រប់​សាសនា​ទាំងអស់។

ការថ្លែង​របស់​លោកនាយក​រដ្ឋមន្រ្តី បានធ្វើ​ឡើងក្នុង​ឱកាស​អញ្ជើញ​ស្រោចស្រព​ព្រះសុគន្ធវារីប្រគេន​ព្រះមន្ត្រី​សង្ឃ​ជាន់ខ្ពស់ គណៈ​មហានិកាយ នៃព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ១១ អង្គ ដែល​ពិធីនេះ​ប្រព្រឹត្តទៅ​នៅ​វត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
 
លោក ហ៊ុន ម៉ាណែត បានថ្លែង​ថា ក្រោយបញ្ចប់​សង្គ្រាម ឆ្នាំ ១៩៧៩ មក គឺបាន​ស្រោចស្រង់ និង​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​សាសនា​ទាំងអស់​ស្មើគ្នា ការគោរព​ប្រតិបត្តិ ការជំរុញ និងការលើកកម្ពស់​នូវ​សិទ្ធិសេរីភាព​សាសនា​ត្រូវបាន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់។

លោកបន្ត​ថា ទោះបីជា​ពុទ្ធសាសនា ជាសាសនា​របស់​រដ្ឋ សិទ្ធិសេរីភាព ការគោរព​ជំនឿ​សាសនា ត្រូវបាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប​មានសិទ្ធិ​ពេញលេញ ក្នុងការគោរព​ប្រតិបត្តិ​សាសនា​ផ្សេងៗ ដោយគ្មាន​ការរើសអើង​ឡើយ។

លោកថ្លែង​ថា៖« រហូត​មកទល់​ពេលនេះ​នៅក្នុង​ប្រទេស​កម្ពុជា គ្មាន​ប្រជាពលរដ្ឋ​ណាម្នាក់​ដែលត្រូវ​បានធ្វើ​ទុក្ខបុកម្នេញ​ដោយសារ​គោរព​ជំនឿ​សាសនា​របស់​ពួកគាត់​ឡើយ ផ្ទុយទៅវិញ​ការគោរព និងការប្រតិបត្តិ ជំនឿ​សាសនា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវបាន​ធានា​ការពារ​នៅក្នុង​លក្ខខណ្ឌ​ដែលមិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំនឿ ឬសាសនា​ដទៃ​ក៏ដូចជា​ផ្តល់​សណ្តាប់ធ្នាប់​សង្គម និងសន្តិសុខ​សាធារណៈ»។ 

«យើង​អាចនិយាយ​បាន​ថា មិនមាន​ជម្លោះ​សាសនា​នៅកម្ពុជា​នោះទេ នេះជា​តថភាព​ដែលយើង​គួរមាន​មោទនភាព​ព្រោះមាន​ប្រទេសជាច្រើន​ដែលមិនអាច​ធានា​បាននូវ​សុខដុម​រមណីយកម្ម​សាសនា ដែល​ពេលខ្លះ​បានបង្ក​ជម្លោះ​បែកបាក់​រវាង​ប្រជាជន​នៅក្នុង​សហគមន៍​សាសនា រហូត​ដល់​បង្កើត​ទៅជា​សង្គ្រាម​ថែមទៀតផង។

នៅកម្ពុជា​មិនមាន​សាសនា​ណាមួយ ដែលប្រកាន់​នូវ​និន្នាការ​ជ្រុលនិយម​នោះទេ ពិតណាស់​នៅក្នុង​ព្រះពុទ្ធសាសនា យើងមាន​និកាយ​ខុសគ្នា នៅក្នុង​សាសនា​អ៊ិស្លាម ក៏មាន​និកាយ​ខុសគ្នា នៅក្នុង​គ្រឹស្តសាសនា ក៏មាន​និកាយ​ខុសគ្នា ប៉ុន្តែ​មិនមាន​ការប្រតិបត្តិ​ជ្រុលនិយម ដែលធ្វើ​ឱ្យមាន​ជម្លោះ​នៅក្នុង​សាសនា​តែមួយ ឬរវាង​សាសនា និងសាសនា នៅ​កម្ពុជា​នោះទេ។ នេះបើតាម​លោក ហ៊ុន ម៉ាណែត បញ្ជាក់​បន្ថែម។

 លោករំលេច​ថា ការប្រកាន់​គោលជំហរ គោលនយោបាយ​រើសអើង ឬគោលនយោបាយ​ទស្សនៈ​ជ្រុលនិយម​បែបណាមួយនោះ គឺដាច់​ខាត​ត្រូវរួមគ្នា ការពារ​កុំឱ្យ​កើតមាន ហើយកើត​មានត្រូវ​លុបបំបាត់​ឱ្យ​អស់ ដើម្បី​ថែរក្សា​នូវ​សុខសន្តិភាព និងសុខដុម​រមណីយកម្ម​នៅក្នុង​សង្គមខ្មែរ។

លោកសង្កត់ធ្ងន់​ថា៖«ទស្សនៈ និងគោលការណ៍​ជ្រុលនិយម មិនថា​នៅក្នុង​សាសនា ឬនយោបាយ ត្រូវ​លុបបំបាត់ បំផ្លាញ​ចោល​ឱ្យអស់ ព្រោះវា​ធ្វើឱ្យ​បែកបាក់​សាមគ្គី ក្នុងសង្គម​ជាតិ ដែលជា​កត្តា​បំផ្លាញ​នូវ​សុខសន្តិភាព សេរីភាព។ ព្រោះ​សង្គ្រាម​មិនចាំបាច់​កើតឡើង​ដោយសារ​អាវុធ​នោះទេ អាវុធ​គឺជា​ឧបករណ៍ អ្វីដែល​កើតឡើង​មុនគេ​គឺ​ជម្លោះ នៅក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ ការប្រកាន់ ការរើសអើង ការលាប​ពណ៌គ្នា ការឱ្យ​ស្អប់​សញ្ជាតិនេះ សាសនា​នោះ គឺជា​កត្តា​ធ្វើឱ្យ​មនុស្ស​ឈានទៅដល់​ការស្អប់គ្នា»។

ជាមួយគ្នា​នេះ លោក​ស្នើ​ឱ្យមាន​ការគោពគ្នា​ទៅវិញទៅមក​គ្រប់​សាសនា ការទុក​ចិត្តគ្នា ការយោគ​យល់គ្នា ដែលជាមូលដ្ឋាន​គ្រឹះ អាច​ឱ្យ​យើង​ថែរក្សា​នូវ​សុខសន្តិភាព​បាន ខណៈ​លោកសង្កេតឃើញ​ថា ការរៀបចំ​ពិធី​សាសនា ប្រពៃណី​ទំនៀមទម្លាប់ ពីមួយឆ្នាំ​ទៅមួយឆ្នាំ​កាន់តែ​មានភាព​អធិកអធម​ខ្លាំងឡើងៗ។ 

បើតាមលោក​នាយក​រដ្ឋមន្រ្តី៖«បច្ចុប្បន្ន មានវត្ត​អារាម​សរុប​ចំនួន ៥១៣៣ វត្ត ដែលមាន​ព្រះសង្ឃ​ចំនួន ៦៨ ៩៦៧ អង្គ និងមានវិហារ​នៃសាសនា​អ៊ិស្លាម និងសាសនា​គ្រឹស្ត ជាច្រើនទៀត​នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សមិទ្ធផល​ទាំងនេះ​ដែលភាគច្រើន​បានមកពី​ការរួមជា​ភាគទាន​របស់​ប្រជាជន​កម្ពុជា​ផ្ទាល់ បង្ហាញច្បាស់​អំពី​ទំនាក់ទំនង​មិនអាច​កាត់ផ្តាច់​បានរវាង​ផ្នែក​អាណាចក្រ និងសាសនា​ចក្រ»៕

ពិធីស្រោចស្រព​ព្រះសុគន្ធវារីប្រគេន​ព្រះមន្ត្រី​សង្ឃ​ជាន់ខ្ពស់ គណៈ​មហានិកាយ នៃព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ១១ អង្គ។ រូបថត តេឡេក្រាម ហ៊ុន ម៉ាណែត

ពិធីស្រោចស្រព​ព្រះសុគន្ធវារីប្រគេន​ព្រះមន្ត្រី​សង្ឃ​ជាន់ខ្ពស់ គណៈ​មហានិកាយ នៃព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ១១ អង្គ ដែល​ពិធីនេះ​ប្រព្រឹត្តទៅ​នៅ​វត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត តេឡេក្រាម ហ៊ុន ម៉ាណែត