អគ្គនាយកដ្ឋានពន្ធដារ បានបន្តធ្វើការរំឭកជាថ្មីទៀត ដល់ម្ចាស់យានយន្តនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ឱ្យរួសរាន់ទៅបង់ពន្ធឱ្យបានទាន់ពេលវេលា យ៉ាងយូរត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ជាកំហិត។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការរំឭកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៣ នេះ ចុះថ្ងៃទី ១៦ ខែវិច្ឆិកា បានឱ្យដឹងថា ដោយអនុលោមតាមប្រកាស ឆ្នាំ ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំ ឆ្នាំ ២០១៩ ការប្រមូលពន្ធនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
យ៉ាងណាមិញ ពន្ធដារសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។
ក្នុងន័យនេះ ៖«ពន្ធដារ បានក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
ចំពោះការបង់ពន្ធនេះដែរ ម្ចាស់យានយន្តអាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក»។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។
ពន្ធដារបញ្ជាក់ថា៖ «ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើ មធ្យោបាយដឹកជញ្ជូន(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌ យានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច»។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
ជាងនេះទៀត អង្គភាពពន្ធដារ នឹងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ហេតុនេះ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់យានយន្តទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន។
សូមបញ្ជាក់ថា របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញថា គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានយានយន្តចំនួន ១៥ ៥១៥ គ្រឿងបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ ២០២៣ តាមកម្មវិធី GDT Taxpayer App ដែលចំនួននេះមានការកើនឡើងលើសឆ្នាំ២០២២ ដល់ទៅ ៧៥%។
ការកើនឡើងនៃចំនួនអ្នកបង់ពន្ធ តាមកម្មវិធី GDT Taxpayer App នេះ បានបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិករបស់អគ្គនាយកដ្ឋាន ពន្ធដារ និងភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី ដែលអាចកាត់បន្ថយការរអ៊ូរទាំលើការចំណាយពេលវេលារង់ចាំយូរ ធ្វើដំណើរឆ្ងាយជាដើម ក្នុងការបង់ពន្ធ៕