នៅក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​​ ២០២៣​ នេះ ជប៉ុនបានផ្តល់​ថវិកា​ប្រមាណ​ជាង​ ១​ លាន​ដុល្លារ​ហើយ​ដល់​កម្ពុជា ក្រោម​គ្រោងការណ៍​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​ជប៉ុន ដែលជា​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ តូច​សន្តិសុខ​មនុស្សជាតិ (​គូ​សាណូ​ណិ​)​។ 


​ជំនួយឥតសំណង​ដល់​កម្ពុជា​ទាំង​៣​លើក ដែលមាន​ទឹកប្រាក់​សរុប​ជាង​ ១​​​​ ​លាន​ដុល្លារ​នោះ​រួមមាន ដោយ​លើកទីមួយ បានផ្តល់​ថវិកា​សរុប​ចំនួន ៣៤៨ ៩១៩ ដុល្លារ ដែលជា​ជំនួយឥតសំណង សម្រាប់​វិស័យ​អប់រំ និង​ទឹកស្អាត ដល់​ខេត្ត​ចំនួន​ ៣ រួមមាន កំពង់ស្ពឺ កំពង់ធំ និង​មណ្ឌលគិរី​, លើក​ទី​ពីរ ផ្តល់​ថវិកា​សរុប​ចំនួន ៤២៤ ៩០៧ ដុល្លារ សម្រាប់​ការស្ដារ​ប្រព័ន្ធធារាសាស្ត្រ និង​ការសាងសង់​ស្ពាន ក្នុង​ខេត្ត​ចំនួន ​៣ ដល់​ខេត្ត​ចំនួន​ ៣ រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ខេត្តកំពង់ឆ្នាំង និង​ខេត្តស្ទឹងត្រែង​។​
 
​ចំណែក​លើក​ទី​៣ គឺ​នៅ​រសៀល​ថ្ងៃទី ​១៧ ខែវិច្ឆិកា ឆ្នាំ ​២០២៣ នេះ នៅ​ស្ថានទូត​ជប៉ុន រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ២៥២ ១៣៦ ដុល្លារ ដល់​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន​ពីរ គឺ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តព្រៃវែង សម្រាប់​គម្រោង​សាងសង់​អគារ​ស្នាក់នៅ និង​ដំឡើង​ឧបករណ៍ នៅ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តព្រៃវែង និង​គម្រោង​លទ្ធកម្ម​បរិក្ខារ​ពេទ្យ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្តសៀមរាប សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​
 
​នា​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក តា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែងថា នៅក្នុង​រយៈពេល​ជាង​ ៣០ ​ឆ្នាំ​ចុង​ក្រោយនេះ ស្ថានទូត​ជប៉ុន បាន​ចូលរួមចំណែក​ក្នុង គម្រោង​ចំនួន ៦៨១ នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​គ្រោងការណ៍​ជំនួយឥតសំណង​គូ​សាណូ​ណិ​។ 
 
​លោក​បាន​បញ្ជាក់ទៀតថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​គម្រោង​ទាំងនេះ បាន​ចូលរួមចំណែក​ដោយផ្ទាល់​ក្នុងការ​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន​។ ទោះយ៉ាងណា លោក​ក៏​ទទួលស្គាល់ថា​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​។ ជប៉ុន នឹង​បន្ត​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាមរយៈ​គ្រោងការ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្សេងៗ រួមទាំង ជំនួយ​គូ​សាណូ​ណិ​ផងដែរ​»​។​
 
​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ​ ១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយឥតសំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​នៅ​កម្ពុជា ដើម្បី​ជួយ​ដោយផ្ទាល់​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​នានា ក្នុងការ​អនុវត្ត​គម្រោង​របស់​ពួកគាត់​។ គូ​សាណូ​ណិ មានន័យថា «​ឬ​ស​ស្មៅ​» ក្នុង​ភាសា​ជប៉ុន​៕​