​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក បាន​ឯកភាពគ្នា​លើ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ឆ្លើយតប​ការបង្ក្រាប និង​សង្គ្រោះ​នៃ​ការជួញដូរ​មនុស្ស ជាពិសេស​បណ្តុះបណ្តាល​ព​ង្រឹ​ង​សមត្ថភាព​ក្នុងការ​អនុវត្ត​ទៅដល់​សមត្ថកិច្ច​គ្រប់ផ្នែក​ដែល​ពាក់ព័ន្ធ ដើម្បី​យល់ដឹង និង​សហការគ្នា​កាន់តែ​ល្អប្រសើរ លើ​ការកំណត់​អត្តសញ្ញាណ​ការបង្ក្រាប សង្គ្រោះ ការផ្តន្ទាទោស ការផ្តល់សេវា និង​សមាហរណកម្ម​ជនរងគ្រោះ ឱ្យបាន​កាន់តែ​ល្អប្រសើរ​។​
 
​ការឯកភាព​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) និង​លោកស្រី ស៊ិន​ឌី ដា​យ័រ (Ms. Cindy Dyer) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ការិយាល័យ​ត្រួតពិនិត្យ និង​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក និង​ជា​អ្នកទទួលបន្ទុក​សរសេ​រ​របាយការណ៍​វាយតម្លៃ​ប្រចាំឆ្នាំ​។ នេះ​បើ​យោងតាម​ក្រសួងមហាផ្ទៃ​បាន​បង្ហោះ​ខ្លឹមសារ​នៃ​ជំនួប កាលពី​ថ្ងៃទី​​ ១៧​ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ 
 
​នាឱកាស​នោះ លោកស្រី ជូ ប៊ុន​អេង បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​គណៈកម្មាធិកា​រ​ជាតិ ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ជា​សេនាធិការ និង​ជា​យន្តការ​អន្តរក្រសួង ស្ថាប័ន និង​បើកទូលាយ ក្នុង​កិច្ចសហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន និង​បានទទួល​លទ្ធផល​គួរឱ្យកត់សម្គាល់​។ 
 
​លោកស្រី​បន្តថា កិច្ចពិភាក្សា​នៅពេលនេះ គឺជា​ជំហាន​នៃ​ការរីកចម្រើន​ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ក្នុង​បរិបទ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ 

​ជាការ​ឆ្លើយ​លោកស្រី ស៊ិន​ឌី ដា​យ័រ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់ឱកាស​ឱ្យ​លោកស្រី​បានមក​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ​សំខាន់ៗ និង​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប​.​ជ ដែល​ធ្វើឱ្យ​លោកស្រី​យល់​កាន់តែច្បាស់​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​។ 
 
​លោកស្រី​បញ្ជាក់ថា​៖ «​មុននឹង​មកដល់​កម្ពុជា លោកស្រី​បាន​ជួបពិភាក្សា និង​សិក្សា​ស្វែងយល់​ពី​ប្រទេស​មួយចំនួន ដែល​លោកស្រី​កត់សម្គាល់​ឃើញថា ភាព​ប្រឈម​នឹង​បទល្មើស​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ មាន​ភាពស្មុគស្មាញ ប្រហាក់ប្រហែលគ្នា​។ ហើយ​លោកស្រី​ក៏​ទទួលស្គាល់ថា នេះ​ជា​បទល្មើស​បែប​ថ្មី ដែល​ប៉ះពាល់​ទៅគ្រប់​ប្រទេស មិនមែន​តែ​កម្ពុជា​នោះទេ​»​។  

​ជាមួយគ្នា​នោះ លោកស្រីក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបើក​ទូលាយ​ឱ្យមាន​កិច្ចសហការ ដើម្បី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​បាន​សន្យាថា​នឹង​ពិនិត្យឡើងវិញ​នូវ​ការវាយតម្លៃ​ដែល​ធ្វើឡើង​កន្លងមកនេះ និង​ខិតខំ​បន្ត​ប្រមូល​ទិន្នន័យ​ឱ្យបាន​ពេញលេញ​។​
 
​គួររំឭកថា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី ​១៦ ខែមិថុនា ឆ្នាំ ២០២៣ បានចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស ដោយ​ផ្តោតទៅលើ​ពលកម្ម​ដោយ​ចាប់បង្ខំ និង​ការជួញដូរ​ក្មេងប្រុស ដែល​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំនេះ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានបង្ហាញ​ថា កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន ២៤ ដែល​ជាប់​ចំណាត់ថ្នាក់ កម្រិត​ទី​៣ ដែលជា​ចំណាត់ថ្នាក់​ដ៏​អាក្រក់​បំផុត ដោយសារ​មិនបាន​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​។​
 
​ទោះជា​បែបនេះ​ក្តី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឆ្លើយតប​ភ្លាមៗ និង​បានចាត់ទុក​របាយការណ៍​របស់​សហរដ្ឋអាមេរិក​នេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត ខណៈ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការជួញដូរ​មនុស្ស​យ៉ាងសកម្ម​បំផុត​៕​