ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានស្នើសុំអង្គការយូណេស្កូ បញ្ជូនអ្នកជំនាញបច្ចេកទេស ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាពីការងារ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការត្រៀមរៀបចំចុះបញ្ជីនិងការការពារ បេតិកភណ្ឌនូវមរតករូបីនិងអរូបី ជាដើម។
ព្រះរាជសំណើរបស់ព្រះករុណា ព្រះមហាក្សត្រនេះ ទ្រង់បានលើកឡើងនៅអំឡុងពេលដែលព្រះអង្គ បានយាងចូលរួមនៅក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ទីក្រុងប៉ារីស ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ តបតាមការសូមយាងរបស់លោកស្រី អូដ្រេ អាហ្ស៊ីឡាយ (Audrey Azoulay) អគ្គនាយិកាអង្គការ យូណេស្កូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
នៅក្នុងជំនួបសវនាការមុនពិធីបើកសន្និសីទនេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នាពេលកន្លងមក។
ព្រះមហាក្សត្រ បានគូសបញ្ជាក់នូវតួនាទីយ៉ាងសំខាន់របស់អង្គការយូណេស្កូ នៅកម្ពុជា និងជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC Angkor) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតទៅលើការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេស លើជំនាញដូនតាខ្មែរ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការត្រៀមរៀបចំចុះបញ្ជី បេតិកភណ្ឌនូវមរតករូបីនិងអរូបីរបស់កម្ពុជានាពេលអនាគត ការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីរក្សាការពារ នូវតម្លៃអង្គរ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានស្នើសុំអង្គការយូណេស្កូបញ្ជូនអ្នកជំនាញបច្ចេកទេសមកកម្ពុជា ដើម្បីផ្ដល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះ។
ជាកិច្ចឆ្លើយតប លោកស្រី អូ អាហ្ស៊ីឡាយ បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវតម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។
បន្ទាប់មក នាពិធីបើកសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្ដីពីអង្គរ នៅក្នុងព្រះរាជសុន្ទរកថាគន្លឹះ ទ្រង់បានថ្លែងអំណរគុណចំពោះសហប្រធានបារាំង និង ជប៉ុន ព្រមទាំងប្រទេសសមាជិកទាំងអស់ (ICC Angkor ជាពិសេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋម៉ីតាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងអង្គការយូណេស្កូ ដែលបានផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏ អស្ចារ្យប្រកបដោយប្រសិទ្ធភាព និងសាទរការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ក្នុងទម្រង់បច្ចុប្បន្នសម្រាប់រយៈពេល ១០ ឆ្នាំបន្តទៀត។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យថ្លែងព្រះរាជបន្ទូលស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានបង្ហាញពីឆន្ទៈយ៉ាងមោះមុតក្នុងការផ្តល់អាទិភាព លើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវដល់អង្គការយូណេស្កូឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ៕