ក្រសួងបរិស្ថាន និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឯកភាព​ធ្វើការ​រៀបចំ នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា (SOP) សម្រាប់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ឱ្យបាន​គង់វង្ស​នូវ​ព្រៃឈើ សត្វព្រៃ ព្រមទាំង​ធនធានធម្មជាតិ​ដទៃទៀត​។​
 
​ការឯកភាព​នេះ ធ្វើឡើង​ក្នុងពេល​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅឯ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងបរិស្ថាន​។ 
 
​ប្រភព​ដដែល​បានឱ្យដឹងថា បន្ទាប់ពី​កិច្ចពិភាក្សា និង​មានការ​ឯកភាព​នូវ​គោល​គំនិត គោលជំហរ​រឹងមាំ ក្នុង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រួចមក លោក អ៊ាង សុផល្លែត អមដំណើរ​ដោយ លោក សៅ សុខា និង​សហការី បានធ្វើការ​ត្រួតពិនិត្យ​កម្លាំង​កងរាជអាវុធហត្ថ និង​គ្រឿង​បំពាក់​មធ្យោបាយ ដែល​ត្រៀម​សម្រាប់​កិច្ច​អន្តរាគមន៍​ទូទាំងប្រទេស​។​
 
​នាឱកាស​នោះ សៅ សុខា បាន​លើកឡើងថា​៖«​កងរាជអាវុធហត្ថ​បាន​ត្រៀមកម្លាំង មធ្យោបាយ សម្រាប់​អន្តរាគមន៍​តាម​ការស្នើ​សុំ​ពី​ក្រសួង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​រាជធានី​-​ខេត្ត ក្នុងករណី​មាន​បទល្មើស​មានការ​លំបាក​ដែល​ក្រសួង​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​មិនអាច​បង្ក្រាប​ឬ​ទប់ស្កាត់បាន ដោយសារ​ខ្វះ​កម្លាំង ឬ​មធ្យោបាយ​។​ល​។ »​។ 
 
​លោក សៅ សុខា ធ្លាប់​សង្កត់ធ្ងន់ថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ មិនមាន​ការយោគយល់​ឬ​លើកលែង​នោះឡើយ​គឺ​រាល់​បទល្មើស​ត្រូវតែ​បង្ក្រាប ហើយ​អំពើ​ល្អ​ត្រូវតែ​ការពារ​។ លោក​ថា​៖«​រាល់​អន្តរាគមន៍​រប​ស់​មន្ត្រី​ណាក៏ដោយ​រាប់ទាំង​អ្នកមាន​បុណ្យស័ក្តិ អ្នកមាន​លុយ និង​អ្នកណា​យកឈ្មោះ​មេដឹកនាំ​ទៅប្រើ លោក​ស្នើ​សុំឱ្យ​កត់​ឈ្មោះ និង​រាយការណ៍​ជូន​មក​គណៈកម្មការ​ជាតិ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​បង្ក្រាប និង​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ព្រោះ​ទាំងអស់គ្នា​ត្រូវ​ស្មើមុខ​ចំពោះ​ច្បាប់​»​។  
 
«​ចាប់ពីពេលនេះ​តទៅ យើង​និយាយ​ពី​ការអនុវត្ត​ច្បាប់ មិនអាច​យក​លេស​ថា មាន​បងប្អូន​ជា​អ្នកធំ​នេះ ឬ​អ្នកធំ​នោះ ...​មើល​ច្បាប់​ទៅ បើ​ចង់​ចាញ់ឈ្នះ ទៅ​ប្តឹងផ្តល់​គ្នា​នៅក្នុង​តុលាការ​។ ចំពោះ​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ត្រូវតែ​ចាប់​យកមក​រក្សាទុក និង​រឹបអូស​តាមច្បាប់ ទុកជា​ទ្រ​ព​សម្បត្តិ​រដ្ឋ​ទាំងអស់​។

បើ​ត្រឹមត្រូវ​យើង​ត្រូវការពារ ខុស​ប្រឆាំង​ដាច់ខាត ដើម្បី​ការពារ​ថែរក្សា​ធនធានធម្មជាតិ​យើង​រួមទាំង​ព្រៃឈើ​ដីព្រៃ​ឱ្យនៅ​គង់វង្ស​រាប់​ជំនាន់​។ សូម​ស្នើ​គ្រប់​ខេត្ត​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​បញ្ហា​នេះ​ឱ្យបាន​ច្បាស់​»​។ នេះ​ការបញ្ជាក់​បន្ថែម​របស់​លោក សៅ សុខា​។​
 
​គួររំឭកថា លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ជាតិ​ទប់ស្កាត់​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ​តាមរយៈ​សេចក្តីសម្រេច​លេខ ១២៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រីក​វិសាលភាព​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ទូទាំងប្រទេស​។  
 
​ជាមួយគ្នានេះ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត អាណត្តិ​ទី៧ ក៏បាន​សម្រេច​ជាគោលការណ៍ គឺ​ចំពោះមុខ​រក្សា​គ្រប់​យន្តការ ដែលមាន​ស្រាប់ និង​ពង្រឹង​ការអនុវត្ត​រាល់​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ជា​ធរមាន ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​
 
​បើតាម​សេចក្តីសម្រេច​នេះ គណៈកម្មការ​នេះ​មាន​ភារកិច្ច ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដូចជា ការកាប់​ព្រៃឈើ ការដឹកឈើ និង​ការនាំចេញ ឈើ​ខុសច្បាប់ ការចាប់​សត្វព្រៃ និង​ការនាំចេញ​សត្វព្រៃ​ខុសច្បាប់ ការកាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ ព្រមទាំង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​នៅ​ទូទាំងប្រទេស​៕