ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងលុបឈ្មោះប្រជាពលរដ្ឋ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត រួមជាមួយនឹងឈ្មោះរបស់មេដឹកនាំគណបក្សប្រឆាំងចេញពីបញ្ជីបោះឆ្នោតសរុបចំនួនជាង ១២ ម៉ឺន នាក់ខណៈអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០២៣ នឹងត្រូវបិទផ្សាយលើកដំបូងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានចំនួនជាង ៩ លាន ៨ សែននាក់។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី ១៩ ខែវិច្ឆិកា បានប្រាប់ឱ្យដឹងថា ឈ្មោះប្រជាពលរដ្ឋដែល គ.ជ.ប ត្រូវលុបចេញពីបញ្ជីបោះឆ្នោតដំបូងមាន ៣ ករណីក្នុងនោះពាក់ព័ន្ធនឹងមរណភាព ដែលមានឯកសារ ឬលិខិតបញ្ជាក់ច្បាស់លាស់, អ្នកផ្លាស់លំនៅ ទៅរស់នៅក្នុងឃុំ សង្កាត់ផ្សេង និងអ្នកដែលត្រូវដកសិទ្ធិបោះឆ្នោតមួយចំនួន ដូចដែលបានឃើញកន្លងមក។
លោកបញ្ជាក់ថា អ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោតមួយចំនួននាពេលកន្លងមកនោះ រួមមានលោក សម រង្ស៊ី និងបក្ខពួក ដែលបាន«ញុះញង់ពលរដ្ឋ ឱ្យបំផ្លាញសន្លឹកឆ្នោត» ជាដើម។
លោក សោម សូរីដា បានថ្លែងថា៖ «អីចឹង នៅក្នុងឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត (១២០ ៨៨៣ នាក់) នឹងបិទផ្សាយទន្ទឹមគ្នា ជាមួយនឹងបញ្ជីបោះឆ្នោតដំបូងនេះ ហើយអ្នកដែលត្រូវ គ.ជ.ប ពិន័យជាប្រាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៣ នាក់ (ក្រុមមេដឹកនាំប្រឆាំង)»។
លោកបន្តថា៖ «យើងមិនកំណត់ថា អ្នកណាជាសកម្មជនរបស់គណបក្សប្រឆាំងទេ តែឱ្យតែបុគ្គលណាក៏ដោយ ដែលរំលោភលើមាត្រា ១ ថ្មី ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានប្រព្រឹត្តបទញុះញង់ ឬណែនាំឱ្យប្រជាពលរដ្ឋ គូសបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត នោះគឺប្រឈមនឹងការពិន័យជាប្រាក់ និងដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោត ផងដែរ»។
បើតាមលោក សោម សូរីដា ក្នុងករណីបិទផ្សាយបញ្ជីឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ហើយពុំមានការតវ៉ា ឬជំទាស់អ្វីនោះទេ គឺនឹងត្រូវលុបទៅតាមចំនួនដែល គ.ជ.ប បានកំណត់នោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី ១៦ ខែវិច្ឆិកា បានឯកភាពលើចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ ២០២៣ សម្រាប់ឃុំ សង្កាត់ ធ្វើការបិទផ្សាយ ជាសាធារណៈនៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ហើយក៏នឹងមានការផ្សព្វផ្សាយតាមគេហទំព័របញ្ជីបោះឆ្នោត គ.ជ.ប នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា តាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១២០ ៨៨៣ នាក់, អ្នកសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ១៨ ៦៦៨ នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២ ០២៣ មានចំនួន ៩ ៨៧១ ៥០២ នាក់។
ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយតាមទីតាំង និងពេលវេលាកំណត់ផងដែរ។
បើតាមគ.ជ.ប ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.បសង្កត់ធ្ងន់ថា៖«ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ ជាថ្ងៃចុងក្រោយ)»៕