ភ្នំពេញៈក្រសួងអធិការកិច្ចនិងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បានពិនិត្យលទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) ជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខ ដោយភាគីទាំង២ បានព្រមព្រៀងចាត់តាំងក្រុមការងារបច្ចេកទេសពិភាក្សាគ្នាលម្អិត ខណៈអង្គការមូលនិធិអាស៊ីធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិអធិការកិច្ចផងដែរ។
ការពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការ របស់ស្ថាប័នទាំង២នេះ ធ្វើឡើងតាមរយៈជំនួបទ្វេភាគីរវាងលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកស្រី Meloney C. Lindberg ប្រធានមូលនិធិអាស៊ីប្រចាំប្រទេស កម្ពុជា (Asian Foundation) កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអធិការកិច្ចនៅថ្ងៃទី១៨ ខែវិច្ឆិកា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា លោកហួត ហាក់ បានជម្រាបដល់លោកស្រី Meloney ពីស្ថានភាពនយោបាយនៅកម្ពុជា ដែលលោកអះអាងថា មានទិដ្ឋភាពល្អប្រសើរជារួម ដែលបង្កបរិយាកាស អំណាយផល ដល់ការអភិវឌ្ឍន៍ និងការទាក់ទាញផ្នែកវិនិយោគ។
លោកបានបន្តថា ៖ «បេសកកម្មចម្បងរបស់ក្រសួង ក៏ដូចជាហេតុផល ដែលរដ្ឋាភិបាលសម្រេចផ្លាស់ប្តូរឈ្មោះក្រសួង ពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ចវិញ គឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តោតលើកំណែទម្រង់ពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋ ក្នុងបំណងប្រែក្លាយទៅជារដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ»។
លោក ហួត ហាក់ ក៏បាបញ្ជាក់ពីផែនការចម្បងចំនួន ៤ របស់ក្រសួងអធិការកិច្ចរួមាន ពង្រឹងស្ថាប័ន, បង្កើតមូលធនមនុស្ស, រៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ និងការធ្វើសុខដុមនីយកម្មនៅក្នុងក្រសួង។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល លោកស្រី Meloney ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលបានជួបជាមួយលោកស្រី និងដើម្បីអាចឱ្យលោកស្រីរាយការណ៍ពីគោលបំណង សកម្មភាព និងគម្រោងដែលអង្គការមូលនិធិអាស៊ីកំពុងអនុវត្ត។
ជាលទ្ធផល ភាគីទាំង២ បានពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ ក្នុងពេលឆាប់ៗ ខណៈអង្គការមូលនិធិអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមដែលមានកន្លងមកជាមួយវិទ្យាស្ថានជាតិអធិការកិច្ច។
លោកហួត ហាក់ មិនអាចទាក់ទងដើម្បីសុំបញ្ជាក់បន្ថែម ពីការចុះ MoU នេះបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា។
ប៉ុន្តែលោកធ្លាប់បានប្រាប់ឱ្យដឹងនាពេលកន្លងមកថា ការធ្វើអធិការកិច្ចនេះ គឺសំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើអសកម្មនានាក្នុងសង្គម។ វាក៏ចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយនឹងឈានទៅលុបបំបាត់អំពើពុករលួយ ដែលជាកត្តាបំផ្លិចបំផ្លាញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកយង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រចំពោះចំណងកិច្ចសហប្រតិបត្តិការ រវាងអង្គការមូលនិធិអាស៊ី ជាមួយក្រសួងអធិការកិច្ច ចំពោះការងារអធិការកិច្ច និងលើកកម្ពស់អភិបាលកិច្ច ខណៈនៅកម្ពុជាមានស្ថាប័នពង្រឹងអធិការកិច្ចជាច្រើនដែរ តួយ៉ាងក្នុងនោះក៏រួមមានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ផងដែរ។
លោកបានថ្លែងថា៖ «ក្នុងវិស័យអធិការកិច្ចនៅកម្ពុជាយើងនេះ កត្តាសំខាន់គឺ ការពង្រឹងវិជ្ជាជីវៈ នៃវិស័យអធិការ កិច្ច ពង្រឹងច្បាប់គាំទ្រការធ្វើអធិការកិច្ច ហើយជាពិសេសមន្ត្រីរាជការ និងមន្ត្រីមានសមត្ថកិច្ចត្រូវចូលរួមគោរព ច្បាប់ មានតម្លាភាព សុចរិតភាព»។
ទោះជាយ៉ាងណា លោកយង់ ពៅ លើកឡើងថា សាធារណមតិនៅតែបន្តត្អូញត្អែរចំពោះបញ្ហាអំពើពុករលួយ ដែលនៅតែបន្តកើតមាននៅសង្គមកម្ពុជា ទោះបីមានស្ថាប័ន ក្រសួង ពង្រឹងវិស័យអធិការកិច្ចជាច្រើនក្តី ដែលទាមទារឱ្យរដ្ឋាភិបាល ពង្រឹងវិស័យនេះបន្ថែមទៀត ទាំងក្នុងទិដ្ឋភាពច្បាប់ វិជ្ជាជីវៈ និងតម្លាភាពក្នុងការអនុវត្ត។
សូមជម្រាបថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជ្រើសរើសយកវិស័យអធិការកិច្ចជាមូលដ្ឋានមួយសំខាន់ ក្នុងការលើកកម្ពស់អភិបាលល្អ និងគុណភាពស្ថាប័នរដ្ឋ ដើម្បីភាពស្អាតស្អំនូវស្ថាប័នរដ្ឋ ពង្រឹងយុត្តិធម៌សង្គម ដែលជាចំណុចអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕