
មន្ត្រីអាជ្ញាធរមីន និងអាជ្ញាធរពាក់ព័ន្ធក្នុងពិធីផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីននៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី ១៧ខែវិច្ឆិកា។ រូបថត អាជ្ញាធរមីន
ភ្នំពេញៈ មន្រ្តីជំនាញនៃអាជ្ញាធរមីន តែងតែចុះផ្សព្វផ្សាយ អប់រំទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍នៅតាមតំបន់រងផលប៉ះពាល់ខ្ពស់ ឱ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ខណៈដែលការផ្សព្វផ្សាយនេះ គ្រោងធ្វើទៅដល់ប្រជាពលរដ្ឋឱ្យបានចំនួន ១,៤លាននាក់។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា ការផ្សព្វផ្សាយអប់រំនេះ អាជ្ញាធរមីនបានចុះផ្ទាល់ ដោយកំណត់នៅតាមសហគមន៍ដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកបានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០២៣ នេះ អាជ្ញាធរមីនបានកំណត់តំបន់សហគមន៍ដែលរងផលប៉ះពាល់ខ្ពស់ដែលត្រូវធ្វើការផ្សព្វផ្សាយអប់រំឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងខេត្តគោលដៅមួយចំនួនរួមមាន៖ ព្រះវិហារ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ជាដើម។
ជាមួយគ្នា លោកក៏បានបញ្ជាក់ដែរថា កម្មវិធីអប់រំឱ្យមានការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ត្រូវបានរៀបចំដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្សចាប់ពីបឋមសិក្សា រហូតទៅដល់អនុវិទ្យាល័យ និងមហាវិទ្យាល័យផងដែរ។
លោកបានមានប្រសាសន៍ថា៖ «អ៊ីចឹង! ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននេះ គឺបានធ្វើជាប្រចាំហើយពីសំណាក់លោកគ្រូអ្នកគ្រូទៅតាមកម្មវិធីសិក្សាអប់រំរបស់គាត់ហ្នឹង ហើយដោយឡែកយើងក៏បានចុះផ្សព្វផ្សាយអប់រំនៅតាមភូមិបន្ថែមទៀត នៅពេលមានប្រតិបត្តិករចុះមកបោសសម្អាតមីនម្ដងៗ»។
បើតាមលោក លី ធុជ បញ្ជាក់ថា ក្នុងឆ្នាំនេះ អាជ្ញាធរមីន គ្រោងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសិស្សានុសិស្ស និងសហគមន៍នៅតាមតំបន់គោលដៅដែលរងផលប៉ះពាល់ខ្ពស់ ឱ្យបានចំនួន ១,៤ លាននាក់។
លោកថា៖ «ដូច្នេះការងារផ្សព្វផ្សាយយល់ដឹងអំពីមីន វាជាកិច្ចការចាំបាច់មួយ ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការមិនឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារមីនបន្តទៀត»។
ទោះបីកម្ពុជាគ្រោងបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែការងារផ្សព្វផ្សាយ និងអប់រំ នៅតែជាការងារអាទិភាពមួយ ក្នុងការចូលរួមចំណែកទប់ស្កាត់កាត់បន្ថយជនរងគ្រោះ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងតំបន់គោលដៅមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ។ នេះបើតាមលោក លី ធុជ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា មន្រ្តីនៃអាជ្ញាធរមីន បានចុះផ្សព្វផ្សាយអប់រំការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងដំឡើងផ្ទាំងប៉ាណូ នៅសាលាបឋមសិក្សាកណ្តាល ភូមិកណ្តាល ឃុំអន្លុង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍យល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីទប់ស្កាត់កុំឱ្យមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។
ទាក់ទងនឹងបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះនេះដែរ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាថា អង្គភាពស៊ីម៉ាក់ បានត្រៀមចាត់បញ្ជូនមន្ត្រី ៥ រូប សម្រាប់ទៅវគ្គហ្វឹកហ្វឺននៅប្រទេសជប៉ុន។
លោកបន្តថា ការបញ្ជូននេះ ដើម្បីពង្រឹងសមត្ថភាពលើការរៀបចំនិងគ្រប់គ្រង «សារមន្ទីរតេជោសន្តិភាព» ព្រោះសារមន្ទីរនេះ ជាកន្លែងតាំងបង្ហាញពិព័រណ៍រូបភាព ខ្លឹមសារឯកសារ វត្ថុតាង និងសាក្សីអមជាមួយប្រវត្តិសាស្រ្តឈឺចាប់ខ្លោចផ្សា និងការបំផ្លិចបំផ្លាញនានាដោយសារសង្គ្រាម សម្រាប់បម្រើការអប់រំផ្សព្វផ្សាយទៅកាន់ស្រទាប់យុវជនជំនាន់ក្រោយៗ។
លោកបញ្ជាក់ថា៖ «គម្រោងការកសាងសារមន្ទីរ តេជោសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអប់រំផ្សព្វផ្សាយពីគុណតម្លៃនៃសន្តិភាព»។
លោក ហេង រតនា បានលើកឡើងថា ជាក់ស្តែងប្រទេសក្នុងតំបន់អាស៊ីមានចំនួន ១៨ សុទ្ធតែមានសារមន្ទីរសន្តិភាព ក្នុងនោះប្រទេសជប៉ុនមានចំនួន៨៥កន្លែង កូរ៉េខាងត្បូងមានចំនួន ២០ កន្លែង និងចិនមានចំនួន ១៤ កន្លែង។
លោកថា ការអប់រំផ្សព្វផ្សាយពីតម្លៃសន្តិភាពដល់ស្រទាប់យុវជន សិស្សនិសិ្សត បាននិងបន្តជំរុញយ៉ាងខ្លាំងក្លានៅជប៉ុនដោយក្នុង ១ ឆ្នាំៗតាមសារមន្ទីរសន្តិភាពនីមួយៗទទួលបានដំណើរទស្សនកិច្ចពីសាលាបឋម ឬសាលាមធ្យមសិក្សាប្រមាណជាង ២ ០០០ សាលារៀន និងមានអ្នកចូលទស្សនាជាទូទៅមានចំនួនជាង ១ លាននាក់៕