ភ្នំពេញៈ អ្នកភូមិកោះនរាលែងមានក្តីបារម្ភ ពីការបាក់ច្រាំងទន្លេ និងត្រូវទឹកជំនន់ជន់លិច នៅរដូវវស្សាដូចកាលពីមុនទៀតហើយ ថែមទាំងកំពុងទទួលបានផល ពីការអភិវឌ្ឍនៅក្នុងតំបន់នេះ។
លោក សុខ ពុធ អាយុ ៦៣ ឆ្នាំដែលជាអ្នករស់នៅភូមិកោះនរាជាង ៣០ ឆ្នាំមកហើយថ្លែងថា កាលពីមុនអ្នកភូមិកោះនរាភាគច្រើន ជាអ្នកធ្វើចម្ការ ដាំដំណាំបន្លែបង្ការផ្សេងៗ ហើយការរស់នៅតែងតែសម្របខ្លួនទៅតាមការប្រែប្រួលរបស់ធម្មជាតិ ព្រោះតំបន់ដីកោះតែងតែត្រូវកម្លាំងទឹកហូរបោកធ្វើឱ្យបាក់ដីច្រាំងទន្លេជារៀងរាល់ឆ្នាំមិនដែលស្រាកស្រានឡើយ។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីមានការអភិវឌ្ឍជាទីក្រុងរណប ដោយមានការស្ថាបនាជាបេតុងទើបអាចទប់ច្រាំងមិនឱ្យបាក់ដីដូចកាលពីមុនទៀត។
លោកបន្តថា៖ «ដោយសារមានការវិនិយោគពីក្រុមហ៊ុនឯកជន ១ ដ៏ធំហ្នឹងគាត់បានធ្វើទៅវាលែងមានបាក់ច្រាំងដូចមុនទៀតហើយ។ ចំពោះក្តីប្រាថ្នាថា កោះនរាក្លាយជាតំបន់អភិវឌ្ឍន៍គឺមានដូចអ្នកភូមិខ្ញុំគិតគឺមានហើយ»។
លោកថា លោកមានក្តីរីករាយណាស់ដែលរាជរដ្ឋាភិបាល បានសាងសង់ស្ពានតភ្ជាប់ពីកោះនរាទៅទីក្រុងកោះពេជ្រព្រោះតាំងពី ២០ ឆ្នាំមុន រូបលោកនិងអ្នកភូមិតែងស្រមៃថា បើមានស្ពាន ១ ខ្សែឆ្លងទៅកោះពេជ្រមិនដឹងជាសប្បាយយ៉ាងម៉េចទេ។ តែពេលនេះ បានដូចអ្វីដែលលោកនិងអ្នកភូមិចង់បាននោះហើយ។
កាលពីមិនទាន់មានស្ពានកោះនរា ទាំងលោកទាំងប្រជាពលរដ្ឋរស់នៅប៉ែកខាងកើត ពិសេសអ្នកភូមិកោះនរាបើចង់ទៅកណ្តាលក្រុងភ្នំពេញត្រូវឆ្លងកាត់ស្ពានព្រះមុនីវង្សខណៈដែលមានការកកស្ទះចរាចរណ៍លើស្ពានយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។
លោកនិយាយថា៖ «ស្ពានកោះនរានិងស្ពានភ្លោះកោះនរានេះ វាបានជួយរំដោះចរាចរណ៍នៅប៉ែកខាងកើតពីអ្នកលឿងចូលមករាជធានីភ្នំពេញបានច្រើន»។
ចំណែកលោក ហ៊ុល ទេព ជាអនុប្រធានភូមិកោះនរាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្នភូមិកោះនរាមានប្រជាពលរដ្ឋរស់នៅជាង ៦០០ គ្រួសារ។ ពីមុនពលរដ្ឋទាំងនោះភាគច្រើន ធ្វើចម្ការហើយគាត់យកផលដំណាំទៅលក់នៅផ្សារច្បារអំពៅឬតាមផ្សារក្នុងរាជធានីភ្នំពេញហើយតែងតែជួបការលំបាកដោយសារតែការកកស្ទះចរាចរណ៍នៅលើស្ពានច្បារអំពៅ។
បើតាមលោកហ៊ុល ទេពពេលនេះមានស្ពានកោះនរា ធ្វើឱ្យអ្នកភូមិមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញដោយលែងជួបបញ្ហាកកស្ទះចរាចរណ៍ទៀតហើយ។ ស្ពាននេះជាសមិទ្ធផល ១ ដ៏ធំធេង សម្រាប់អ្នករស់នៅភាគខាងកើតនៃទន្លេមេគង្គ។
«សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក្នុងតំបន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញ ឆ្ពោះទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ ១»។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានទាំងនេះកាលពីថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ ហើយការដាក់ឱ្យដំណើរការស្ពាននេះនឹងក្លាយទៅជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការកាត់បន្ថយវេលាធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ការកកស្ទះចរាចរណ៍ក៏ដូចជាការទាក់ទាញការវិនិយោគដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ស្ពានបេតុងខ្សែកាបនេះនឹងក្លាយជាការតភ្ជាប់និស្ស័យរវាងតំបន់ដែលមានសក្ដានុពលបំផុតរបស់រាជធានីភ្នំពេញពោល គឺតំបន់កោះពេជ្រ ទៅនឹងតំបន់កោះនរា។ ដោយឆ្លងកាត់ទន្លេបាសាក់ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញឆ្ពោះទៅទិសខាងកើតតាមបណ្តោយផ្លូវជាតិលេខ ១។
លោក ហ៊ុន ម៉ាណែត បានរំឭកថា កោះនរាបើតាមប្រវត្តិដែលលោកមើលផែនទីព័ត៌មានដែលគេមានពីឆ្នាំ ១៩២៩ ពីសម័យបារាំង ដែលកាលណោះកោះនរាគឺនៅទំហំធំហើយវានៅចំពីមុខទឹកនៃទន្លេចតុមុខតែម្តង។
ប៉ុន្តែរាប់សិបឆ្នាំមកនេះកោះនរាបានរួញបន្តិចម្តងៗដោយសារចរន្តទឹកហូរហើយក្រោយឆ្នាំ ១៩៧៩ ក៏មានប្រជាពលរដ្ឋមួយចំនួនរស់នៅទីនេះ ប្រកបរបរធ្វើចម្ការនិងនេសាទ។ ប៉ុន្តែដោយសារចរន្តទឹកពី ១ ឆ្នាំទៅ ១ ឆ្នាំបាក់ច្រាំងរហូតទាំងខែរស្សាក៏បាក់ខ្លាំងខែប្រាំងក៏បាក់តិចរហូតឆ្នាំ ២០០៥ គឺអស់តែម្តង។
លោកថ្លែងថា៖ «បានន័យថា អ្វីដែលយើងកំពុងអង្គុយនេះគឺស្តារឡើងវិញទេឥឡូវ ២០២៣ បានន័យថា ១៨ ឆ្នាំមុនកន្លែងនេះនៅជាទឹកទេ។ នៅកោះនរាមានលក្ខណពិសេសទី ១ គឺការកសាងនៅទីនេះជាការស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយជាការស្តារឡើងវិញនូវអ្វីដែលបាត់»។
លោកបញ្ជាក់ថា៖ «បទពិសោធន៍នៅកោះពេជ្រហើយនៅកន្លែងនេះ (កោះនរា) ក៏ស្រដៀងគ្នាដែរ។ ការប្រែក្លាយទីនេះទៅជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មសកម្មភាពសេដ្ឋកិច្ចដែលគ្រោងធ្វើដូចជាមានទីផ្សារមានសេដ្ឋកិច្ចមានកន្លែងធ្វើការមានសួនកំសាន្តសម្រាប់ប្រជាពលរដ្ឋសួនសាធារណៈផ្សេងៗ គឺជាកិច្ចការសំខាន់។ អ៊ីចឹងគឺថា អ្វីដែលលិចទៅក្នុងទឹកហើយស្តារឱ្យឡើងពីលើទឹកហើយធ្វើឱ្យរីកចម្រើនបន្តទៀត»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា យើងមានស្ពាន ៨ ដែលបានកសាងរួចហើយគ្រោងសាងសង់ ៣ ខ្សែទៀត ខ្សែធំគឺស្ពានតភ្ជាប់ពីក្រុងអរិយក្សត្រ មកផ្សាររាត្រី ស្ពានព្រែកប្រា គ្រោងបុកគ្រឹះក្នុងឆ្នាំនេះ ហើយនិងស្ពាននៅចាក់អង្រែលើមួយទៀត។
អ៊ីចឹងយើងសង្ឃឹមថា បើស្ពានទាំងអស់នេះ ភ្ជាប់បន្ថែមនឹងជំរុញសេដ្ឋកិច្ចទៅទិសខាងកើតបន្ថែមទៀត។ សំខាន់បំផុតការអភិវឌ្ឍនៅទីនេះ នឹងចូលរួមបន្ថែមទៀត ទៅដល់ការជំរុញការអភិវឌ្ឍឆ្ពោះទៅទិសខាងកើត។
បន្ថែមពីនេះលោក ហ៊ុល ទេព និយាយទៀតថា៖ «កាលពីមិនទាន់អភិវឌ្ឍប្រជាពលរដ្ឋក្នុងភូមិខ្ញុំ ភ័យព្រួយណាស់ព្រោះភូមិកោះនរាហ្នឹង ពីមុនបាក់ច្រាំងក៏បាក់ច្រាំងទឹកលិចក្នុងភូមិក៏លិច។ តែឥឡូវប្រជាជនលែងព្រួយបារម្ភពីការបាក់ច្រាំងទន្លេ ឬទឹកលិចទៀតហើយ ព្រោះមានក្រុមហ៊ុនវិនិយោគគាត់សង់បេតុងធ្វើច្រាំង»។
លោកទេពឱ្យដឹងថាពីមុននៅក្នុងភូមិកោះនរាប្រជាពលរដ្ឋប្រកបរបរធ្វើចម្ការ តែចាប់តាំងពីមានគម្រោងអភិវឌ្ឍកោះនរា ពលរដ្ឋមួយចំនួន នាំគ្នាលក់ដី។ «មានគេចុះមកទិញដីហើយបងប្អូនអ្នកភូមិបានលក់ដីចម្ការគាត់ ហេតុដូច្នេះបច្ចុប្បន្នលែងមានអ្នកធ្វើចម្ការទៀតហើយ។ ប្រជាពលរដ្ឋភាគច្រើនប្តូរទៅរករបរផ្សេងៗអស់ហើយ។ ចំពោះផ្លូវក្នុងភូមិវិញ ពីមុនដីល្បាប់ស្អិត តែពេលនេះមានផ្លូវបេតុង ហើយគ្រួសារខ្លះលក់ដីធ្វើផ្ទះថ្មទៀតផង»៕