ភ្នំពេញៈ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមលោក ចាន់ យុត្ថា បានអំពាវនាវជាថ្មីទៀតដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ត្រូវចូលរួមចាត់វិធានការសហការថែរក្សាទឹកទុកប្រើប្រាស់ ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ខណៈដែលរដូវប្រាំងឆ្នាំនេះ អាកាសធាតុនឹងឡើងកម្តៅខ្លាំងជាងឆ្នាំមុនៗ ដោយសារបាតុភូតអែលនីណូ (El Nino)។
លោក ចាន់ យុត្ថា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងម្តងរួចមកហើយដោយសូមឱ្យប្រជាពលរដ្ឋចូលរួម ចាត់វិធានការ សហការថែរក្សាទឹកទុកឱ្យបានល្អនិងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
លោកបញ្ជាក់ថា៖ «និយាយជារួម រហូតមកដល់ពេលនេះបាតុភូតអែលនីណូ (El Nino) ស្ថិតនៅក្នុងកម្រិត ១០០ ភាគរយនៅឡើយ។ យើងឃើញរលកកម្ដៅបានរុញទៅដល់អូស្ត្រាលី និងឥណ្ឌូនេស៊ី តែសម្រាប់តំបន់យើងនេះ មិនទាន់នៅឡើយទេ ប៉ុន្តែសីតុណ្ហភាពនៅក្នុងរដូវប្រាំងខាងមុខនេះ នឹងបន្តកើនឡើង ជាពិសេសនៅអំឡុងខែមីនា និងមេសា ដែលអាកាសធាតុអាចនឹងក្តៅស្ងួតហួតហែងជាងឆ្នាំកន្លងទៅ»។
លោកបញ្ជាក់ថា៖ «ហេតុដូចនេះ ទើបក្រសួងជូនដំណឹងដល់ផ្នែកពាក់ព័ន្ធក្នុងការត្រៀមរក្សាទឹកទុក ទី១ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងត្រូវគ្រប់គ្រងទឹកដែលនៅមានឱ្យបានល្អ ចៀសវាងការបូមបាចពង្រីកបន្ថែម និងទី២ ប្រើឱ្យចំទិសដៅ គឺការប្រើប្រាស់សម្រាប់ដាំដុះដំណាំនានា។ ដូច្នេះយើងត្រៀមទៅលើការងារអាទិភាពទាំងនេះ»។
ដោយសារតែបញ្ហាអាកាសធាតុប្រែប្រួលនេះហើយលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែករំលែកពីរបៀបបង្កបង្កើនផលស្រូវដោយកាត់បន្ថយការប្រើប្រាស់ទឹក និងផលប៉ះពាល់ដល់កម្តៅផែនដី។
លោក យ៉ង សាំងកុមារ បានសរសេរលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី ១៨ ខែវិច្ឆិកាថា៖ «ខ្ញុំចាប់ផ្តើមជំរុញឡើងវិញនូវការអនុវត្តគោលការណ៍ និងបច្ចេកទេសគ្រប់គ្រងទឹកតាមរបៀបស្ងួតសើម (AWD) ដែលជាគោលការណ៍សំខាន់មួយប្រព័ន្ធប្រពលវប្បកម្មស្រូវដោយនិរន្តរភាពដែលខ្ញុំធ្លាប់បានជំរុញតាំងពីឆ្នាំ ២០០០»។
លោកបានលើកឡើងថា ការគ្រប់គ្រងទឹកដោយទុកឱ្យស្រែមានស្ថានភាពស្ងួតសើមនាំមកនូវផលប្រយោជន៍ដូចជា ទី១ ជួយផ្តល់អុកស៊ីហ្ស៊ែនដល់ដីដែលជួយឱ្យឫសស្រូវ និងស្រូវដុះលូតលាស់ល្អហើយជួយកាត់បន្ថយបញ្ហាជំងឺឬការបំផ្លាញផ្សេងៗកាត់បន្ថយការប្រើប្រាស់ទឹក និងចំណាយលើការបូមទឹក និងកាត់បន្ថយការបញ្ចញឧស្ម័នមេតាន CH4 ដែលជាឧស្ម័នផ្ទះកញ្ចក់នាំមកនូវកំណើនកម្តៅផែនដី។
លោក យ៉ង សាំងកុមារ បានប្រាប់បន្ថែមនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា៖ «យើងនឹងខិតខំរៀបចំឱ្យមានកសិករគំរូក្នុងការអនុវត្តគោលការណ៍នេះ និងគោលការណ៍សំខាន់ៗផ្សេងទៀតឱ្យបានច្រើនកន្លែង ដែលជាចំណុចចាប់ផ្តើមនៃការជំរុញការងារនេះឱ្យបានទូទាំងប្រទេសជាពិសេសនៅរដូវប្រាំង និងតំបន់ដែលមានប្រព័ន្ធស្រោចស្រព»។
ចំពោះការកើតឡើងនៃបាតុភូតអែលនីណូ (El Nino) នេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ក៏បានអំពាវនាវប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានស្នើដល់ប្រជាពលរដ្ឋ ឱ្យពិនិត្យ និងវាយតម្លៃលើសក្ដានុពលទឹកដែលមានដោយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជា ២ ផ្នែកសំខាន់ៗដូចជា សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំងអាចធ្វើបានតែ ១ ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីទឹកនៅបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនមានទឹកធម្មជាតិក៏ដោយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
លោកថ្លែងថា៖ «តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនេះ ទើបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវជាថ្មីឱ្យពលរដ្ឋថែរក្សាទឹកទុក ដូចគ្នាទៅនឹងក្រសួងបានស្នើឱ្យពលរដ្ឋចូលរួម ចាត់វិធានការ សហការថែរក្សាទឹកទុកឱ្យបានល្អ និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក»។
យោងតាមការព្យាករអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៣ បាតុភូតអែលនីណូ (El Nino) បានបង្កើនឥទ្ធិពលជាសកលចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ ២០២៣ ដែលមានអត្រាមធ្យមភាគ អែលនីណូកើនឡើង ដល់ ១០០ ភាគរយ និងធ្វើឱ្យមានការកើនឡើងកម្ដៅ ១ អង្សាសេ។ ដោយឡែក កម្ពុជាទទួលរងបាតុភូត អែលនីណូ (El Nino) នេះប្រមាណ ៣០ ភាគរយ៕