ក្រចេះៈ ប្រធានយូនីសេហ្វប្រចាំកម្ពុជាលោក វីល ផាកស៍ បានលើកឡើងថា ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសិទ្ធិកុមារ ខណៈនៅឆ្នាំ ២០២៣ នេះយូនីសេហ្វប្រចាំកម្ពុជានឹងបង្កើនសំឡេងរបស់កុមារ និងយុវជន ក្នុងនាមជាអ្នកស្វែងរកមតិគាំទ្រសិទ្ធិកុមារនៅកម្ពុជា។
លោកបានថ្លែងបែបនេះកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅក្នុងពិធីអបអរសាទរទិវាកុមារពិភពលោកឆ្នាំ ២០២៣ ដែលប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ ១៩ ខែវិច្ឆិកា នៅខេត្តក្រចេះ ស្របពេលដែលទិវានេះតែងប្រារព្ធជារៀងរាល់ឆ្នាំនៅទូទាំងសកលលោកនាថ្ងៃទី ២០ ខែវិច្ឆិកា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជាស្តីពីកុមារ និងយុវជនស្វែងរកមតិគាំទ្រសម្រាប់សិទ្ធិកុមារ និងសកម្មភាពឆ្លើយតបនឹងវិបត្តិអាកាសធាតុក្នុងទិវាកុមារពិភពលោកនៅកម្ពុជាបានលើកឡើងថា នៅឆ្នាំនេះ យូនីសេហ្វប្រចាំកម្ពុជា នឹងបង្កើនសំឡេងរបស់កុមារ និងយុវជន ក្នុងនាមជាអ្នកស្វែងរកមតិគាំទ្រសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា។
លោក វីល ផាកស៍ បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ទិវាកុមារពិភពលោកនៅខេត្តក្រចេះថា៖ «យើងកំពុងស្ថិតនៅខេត្តក្រចេះដើម្បីអបអរសាទរចំពោះសក្ដានុពល និងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីគាំទ្រកុមារ និងយុវជននៅកម្ពុជា។ ប៉ុន្តែថ្ងៃនេះក៏រំឭកយើងពីបញ្ហាប្រឈមដ៏ពិបាកៗដែលកុមារកំពុងជួបប្រទះដូចជាការរងគ្រោះពីកំណើននៃជម្លោះ និងគ្រោះមហន្តរាយបរិស្ថាននៅទូទាំងពិភពលោក»។
លោកបានបន្តថា ព្រឹត្តិការណ៍នេះបានផ្ដល់ឱកាសដើម្បីបង្កើតភាពជាដៃគូថ្មីៗជាមួយបណ្ដាញយុវជន សិល្បករ និងអាជ្ញាធរមូលដ្ឋានដែលបានមករួមកម្លាំងគ្នាលើកកម្ពស់ការយល់ដឹងពីសិទ្ធិកុមារ។ តាមរយៈការចូលរួមនិងបរិយាបន្នយុវជនដែលទាំងអស់គ្នាទទួលបានផលប្រយោជន៍ពីសក្ដានុពលមិនគួរឱ្យជឿរបស់ពួកគេក្នុងនាមជាអ្នកបង្កើតការផ្លាស់ប្ដូរវិជ្ជមានសម្រាប់អភិវឌ្ឍសង្គម។
លោក វីល ផាកស៍ បានបន្ថែមថា៖ «ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងទៅប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសិទ្ធិកុមារ។ បញ្ហាប្រឈមនៅតែមានក្នុងប្រទេស ហើយយូនីសេហ្វមានការប្តេជ្ញាចិត្តពេញលេញក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយលើកកម្ពស់សិទ្ធិ និងពង្រឹងសុខុមាលភាពរបស់កុមារដែលងាយរងគ្រោះបំផុត»។
ទាក់ទិននឹងការលើកកម្ពស់សិទ្ធិកុមារនេះ លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា ក្រសួងអប់រំតែងយកចិត្តទុកដាក់ឱ្យមានការចូលរៀនរបស់សិស្សានុសិស្សដែលគ្រប់អាយុ ៦ ឆ្នាំតាមរយៈកិច្ចសហការនិងធ្វើការជិតស្និទ្ធជាមួយសហគមន៍ដើម្បីជំរុញឱ្យពួកគេចូលរៀនបានគ្រប់គ្នា។
លោកស្រីបានបន្តថា បន្ទាប់ពីចូលរៀនហើយនោះក្រសួងក៏បានអនុវត្តកម្មវិធីស្បៀងអាហារសម្រាប់ពេលព្រឹក និងថ្ងៃត្រង់ដល់សិស្សានុសិស្ស ដើម្បីជំរុញឱ្យមានការចូលរៀនសូត្រឱ្យបានគ្រប់ៗគ្នាផងដែរ។
លោកស្រីបានថ្លែងថា៖ «ក្រសួងក៏បានរៀបចំកម្មវិធីសិក្សាសម្រាប់ជនជាតិភាគតិចឱ្យបានចូលរួមរៀនដែលជាស្ពានដើម្បីឱ្យក្មេងៗដែលគាត់អត់ចេះភាសាខ្មែរ ដូចជាជនជាតិព្នង និងចារាយជាដើមចូលរៀនថ្នាក់ទី១ ទី២ ឬទី៣ ជាភាសាកំណើតរបស់គាត់និងការចាប់ផ្តើមរៀនភាសាខ្មែរពេញលេញពីថ្នាក់ទី ៤»។
បើតាមលោកស្រី ឃួន វិច្ឆិកា ក្រសួងអប់រំបានយកចិត្តទុកដាក់លើកុមារដែលមានពិការភាព កុមារកម្សោយសតិបញ្ញានិងកុមារគថ្លង់ឱ្យពួកគេបានចូលរៀនដូចកុមារផ្សេងៗដែរ។
ទាក់ទងនឹងទិវាកុមារពិភពលោកនេះដែរ តាមគេហទំព័រផ្លូវការរបស់ក្រសួងសង្គមកិច្ចបានឱ្យដឹងដែរថា នៅថ្ងៃទី ១៧ ខែវិច្ឆិកានោះ មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងបរិស្ថាន ក៏បានចូលរួមក្នុងទិវានេះផងដែរដើម្បីអបអរសាទរចំពោះសក្តានុពល និងកិច្ចខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យរបស់កុមារ និងយុវជននៅកម្ពុជា។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា កុមារ គឺជាធនធានមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេស។ ក្នុងគ្រប់ដំណាក់កាលនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកមនុស្សជាវិស័យអាទិភាពគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារនិងសហគមន៍ទទួលបាននូវគុណភាពនិងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ...»៕