ភ្នំពេញៈ ក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ខណៈដែលភាគីសហរដ្ឋអាមេរិក រំពឹងថា នឹងមានយុវជនកម្ពុជាកាន់តែច្រើនចាប់យកឱកាសទៅបន្តការសិក្សានៅប្រទេសរបស់ខ្លួន។
ជំនួបនេះបានរៀបចំឡើងក្រោមវត្តមានលោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបានពិភាក្សា លើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារអប់រំរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងអប់រំដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។
តាមប្រភពដដែល នៅក្នុងជំនួបនោះ លោក W. Patrick Murphy បានលើកយកបទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោងអប់រំជាច្រើននៅកម្ពុជាដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងអាហារូបករណ៍ Fulbright របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកបានថ្លែងថា៖ «ការផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងរំពឹងថា មានយុវជនកម្ពុជាកាន់តែច្រើនចាប់យកឱកាសទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការគាំទ្រលើវិស័យអប់រំកម្ពុជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនីតិកាលទី ៧ ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគោលដៅអាទិភាព។
លោកបានបញ្ជាក់ថា៖ «វិស័យអប់រំកម្ពុជា កំពុងផ្ដោតយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំតាំងពីវ័យក្មេង និងកម្មវិធីផ្ដល់ប្រឹក្សាអាជីព ក្លិបសិក្សាបន្ថែមកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនាដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌តបតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា»។
លោកបានបន្ថែមថា ក្រសួងអប់រំ បានកំណត់ធ្វើកំណែទម្រង់សាលាតាមរយៈការជំរុញការអនុវត្តសុខភាពសិក្សាពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សព្រមទាំងបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូតាមស្តង់ដានៅទូទាំងប្រទេសផងដែរ។
ទាក់ទងនឹងរឿងនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យអប់រំធនធានមនុស្ស គឺជាសហការមួយដ៏ល្អព្រោះសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចទី ១ ដែលការរីកចម្រើនគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យវិទ្យាសាស្ត្រ និងនវានុវត្តន៍ ដែលសូម្បីតែថ្នាក់ដឹកនាំរបស់កម្ពុជាបច្ចុប្បន្ន ក៏បានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកផងដែរ។
លោកបានថ្លែងថា៖ «នេះជាកិច្ចសហប្រតិបត្តិការមួយដែលលើកគុណតម្លៃលើការអភិវឌ្ឍធនធានមនុស្សស្របពេលកម្ពុជាយើងកំពុងត្រូវការហើយការបន្តនេះ យើងពិតជាសាទរដែលសហរដ្ឋមេរិកបានផ្ដល់ឱកាសកាន់តែច្រើនជូនយុវជនយើងដើម្បីទៅបន្តការសិក្សានៅប្រទេសអភិវឌ្ឍន៍»។
បើតាមលោក យង់ ពៅ យុវជនខ្មែរ ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក ពួកគាត់នឹងទទួលបានឱកាសល្អសម្រាប់ការសិក្សាទៅលើវិស័យវិទ្យាសាស្ត្រ និងវិស័យអប់រំដែលមានកម្រិតខ្ពស់ ជាពិសេសវិស័យសេដ្ឋកិច្ច និងសេរីភាពប្រជាធិបតេយ្យ ក្នុងប្រទេសមហាអំណាចទី ១ លើពិភពលោក។
ចំណែកលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងដែរថា សហរដ្ឋអាមេរិកបន្តផ្ដល់ឱកាសកាន់តែច្រើនដល់យុវជនខ្មែរទៅសិក្សានៅប្រទេសរបស់ខ្លួនដែលជាការរួមចំណែកល្អមែនទែនដើម្បីឱ្យយុវជនខ្មែរជាអ្នកបន្តវេនជំនាន់ក្រោយបានឃើញពីការអភិវឌ្ឍ និងរបៀបដឹកនាំរបស់ប្រទេសមហា-អំណាច ជាពិសេសគឺការលើកកម្ពស់សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ។
លោកស្រីបានបញ្ជាក់ថា៖«យើងគាំទ្រដែលសហរដ្ឋអាមេរិក និងក្រសួងអប់រំបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើវិស័យអប់រំ ជាពិសេសឱ្យយុវជនយើងបានទៅឃើញលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ឬការងារផ្សេងៗ ប៉ុន្តែសុំអ្នកដែលបានទៅរៀនហ្នឹង ពេលត្រឡប់មកវិញប្រើប្រាស់ចំណេះឱ្យមានតម្លៃ»៕