ភ្នំពេញៈ មន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការសម្រេចឱ្យកីឡាករ ដែលដណ្តើមបានមេដាយចំនួន ២៦ រូប ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយស្វ័យប្រវត្តិ គឺជាយន្តការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងជំរុញដល់ការអភិវឌ្ឍវិស័យកីឡាកម្ពុជា។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ នៅថ្ងៃទី ២០ ខែវិច្ឆិកា បានប្រាប់ថា ការសម្រេចឱ្យកីឡាករ កីឡាការិនីចំនួន ២៦ រូប ដែលបានដណ្តើមមេដាយមាស មេដាយប្រាក់ និងសំរឹទ្ធ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម កន្លងទៅនេះ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ គឺជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំកន្លងទៅនេះ បើទោះជាស្ថិតក្នុងវិបត្តិជំងឺកូវីដ ១៩ ផងដែរ។
លោកស្រីបន្តថា៖ «តាមរយៈការខិតខំប្រែងរបស់កីឡាករទាំងអស់យ៉ាងសកម្ម និងស្វិតស្វាញនេះហើយ ទើបធ្វើឱ្យកម្ពុជាអាចទទួលបានមេដាយលំដាប់ទី៤ ក្នុងចំណោមប្រទេស ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម ដូច្នេះហើយការអនុញ្ញាតឱ្យជាប់នេះ គឺជាឆន្ទានុសិទ្ធរបស់រដ្ឋាភិបាល»។
លោកស្រីបានបន្ថែមថា៖ «នេះក៏ដូចជាការចូលរួមជំរុញវិស័យកីឡា ថាមិនមែនចូលរួមគ្រាន់តែការលើកទឹកចិត្តប្អូនៗកីឡាករប៉ុណ្ណោះទេ តែក៏ជាចូលរួមលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការរួមចំណែកលើកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិទាំងបច្ចុប្បន្ន និងអនាគតផងដែរ»។
ជោគជ័យរបស់កីឡាស៊ីហ្គេមកន្លងមកនេះ មិនត្រឹមតែបានធ្វើឱ្យពលរដ្ឋកម្ពុជាសាទរចំពោះជោគជ័យរបស់ខ្លួនទេ តែក៏ទទួលបានការសាទរពីកម្រិតតំបន់ និងពិភពលោកទៀតផង។ ដូច្នេះម្ចាស់មេដាយទាំង ២៦ រូបនេះ គឺជាតួអង្គសំខាន់ក្នុងព្រឹត្តិការណ៍នេះ ខណៈក្រសួងក៏រំពឹងថា ពួកគាត់នឹងចូលរួមប្រកួតនៅថ្ងៃអនាគតបន្តទៀត ពិសេសអាចធ្វើជាគ្រូបណ្តុះបណ្តាលអ្នកជំនាន់ក្រោយក្នុងវិស័យកីឡា សំដៅអភិវឌ្ឍសមត្ថភាពផ្នែកកីឡាបន្ថែមទៀត។ លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់យ៉ាងដូច្នេះ។
លោកស្រីបានបន្តថា៖ «ហេតុនេះ ការលើកទឹកចិត្តដល់កីឡាករទាំង ២៦ រូបនេះ មិនត្រឹមតែជួយលើកស្ទួយវិស័យកីឡាប៉ុណ្ណោះទេ ក៏ជាការរួមចំណែកដល់ការឈានទៅសម្រេចការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៥០ ខណៈក្រសួងក៏សូមលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាទាំងអស់បន្តខិតខំប្រឹងប្រែងលើកស្ទួយកម្ពុជាលើគ្រប់វិស័យបន្ថែមទៀតផង»។
សូមបញ្ជាក់ដែរថាក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលថ្ងៃទី ១៧ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចារឯកភាព លើកសំណើរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដោយសម្រេចឱ្យកីឡាករ-កីឡាការិនី ដែលដណ្តើមបានមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយស្វ័យប្រវត្តិ។
លោក ហ៊ុន ម៉ាណែត ថ្លែងនាឱកាសនោះដែរថា លោកចាត់ទុកការសម្រេចនេះ គឺជាការសមស្របមួយ ដើម្បីតបស្នងលើការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា ដែលខិតខំរហូតដណ្ដើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ជូនប្រទេសជាតិ។
ជាងនេះទៀត លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលត្រូវប្រឡងបាក់ឌុប តាមរយៈការឱ្យជាប់ដោយស្វ័យប្រវត្តិនេះ មិនមែនជាលើកទី១ទេ កាលពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ លោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក៏ធ្លាប់សម្រេចឱ្យកីឡាករកីឡាការិនីចំនួន ៨ នាក់ ជាប់បាក់ឌុប ដោយស្វ័យប្រវត្តិផងដែរ។
សូមរំឭកដែរថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់។
តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕