កំពតៈ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានថ្លែងនាយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក កាលពីថ្ងៃទី ១៩ ខែវិច្ឆិកាថា លោកនឹងផ្តល់កូនឈើគ្រប់ប្រភេទចំនួន ១ លានដើម ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពតដោយឥតគិតថ្លៃ សម្រាប់ដាំ ដើម្បីបង្កើនភាពបៃតងបន្ថែមទៀត។
យោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន លោករដ្ឋមន្ត្រីបានលើកឡើងថាការចែកជូនកូនឈើចំនួន ១ លានដើម ដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងខេត្តកំពតនេះ ដើម្បីជំរុញឱ្យបរិស្ថាននៅតាមសាលារៀនលំនៅឋានវត្តអារាម និងសហគមន៍កាន់តែស្រស់បំព្រង។
លោកមានប្រសាសន៍ថា៖ «ភាពបៃតងស្រស់នៃដើមឈើបានស្រូបយកឧស្ម័នកាបូនិកនិងបានបញ្ចេញអុកស៊ីហ្ស៊ែនដែលមានសារៈសំខាន់ចំពោះជីវិតមកលើផែនដីវិញ ហើយអុកស៊ីហ្ស៊ែនគឺជាតម្រូវការចាំបាច់ចំពោះសារពាង្គកាយមនុស្ស និងសភាវដែលមានជីវិតដើម្បីដកដង្ហើម ហើយព្រៃឈើស្រូបយកបរិមាណដ៏ច្រើននៃឧស្ម័នកាបូនិក ដែលបញ្ចេញដោយសកម្មភាពមនុស្ស»។
លោកផាន់ សំបូរគ្រូបង្រៀននៅវិទ្យាល័យទូកមាស ខេត្តកំពតបានប្រាប់ឱ្យដឹងថា ការជំរុញឱ្យមានភាពបៃតងស្រស់នៅក្នុងសាលារៀន តាមរយៈការផ្តល់កូនឈើរបស់ក្រសួង និងការបង្កើតយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទូទៅ។
លោកបាននិយាយថា៖«ប្រសិនបើគ្មានការគិតគូរ និងយកចិត្តទុកដាក់ដល់បរិស្ថាននៅតាមសាលារៀននិងការកាត់បន្ថយប្លាស្ទិកទេនោះ វានឹងបង្កឱ្យមានជាផលប៉ះពាល់ដល់បរិស្ថាននិងនាំឱ្យមានផលអាក្រក់ ដល់សុខភាពទាំងមនុស្ស និងសត្វ ខណៈខ្ញុំសូមជំរុញឱ្យទាំងអស់គ្នា ចូលរួមអនុវត្តយុទ្ធនាការនេះឱ្យបានច្រើនកុះករនិងជាប្រចាំដើម្បីបរិស្ថានកម្ពុជាស្អាតជានិច្ច»។
ទាក់ទងនឹងការដាំដើមឈើនេះដែរលោកគង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងថា នេះគឺរឿងល្អ ប្រសិនបើយុទ្ធនាការដាំកូនឈើ១លានដើមដល់ខេត្តកំពត សម្រេចបានជោគជ័យព្រោះវាជាការលើកកម្ពស់គុណភាពអប់រំរបស់សិស្សតាមរយៈបរិស្ថានស្រស់បៃតង។ ទន្ទឹមគ្នានេះលោកបានជំរុញឱ្យក្រសួងគួរតែបង្កើន ការដាំដុះឱ្យបានទូទាំងប្រទេសផងដែរ។
លោកនិយាយថា៖«ការបង្កើនគម្របបៃតង គឺមិនមែនគ្រាន់តែការដាំទេ ហេតុនេះដើម្បីដំណើរការដាំជោគជ័យ សូមឱ្យក្រសួងមានផែនការច្បាស់លាស់និងតាមដានលើដំណើរការដាំដុះ នៅតាមគោលដៅដែលបានចែកជូនតើការដាំរបស់គាត់មានប្រសិទ្ធភាព និងស្របតាមគោលដៅរបស់ក្រសួងឬទេ?ពិសេសវាជាការទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើផងដែរ»។
បើតាមលោក អ៊ាង សុផល្លែត យុទ្ធនាការដាំកូនឈើនេះគឺជាការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានគឺជាការងារអាទិភាពមួយ។
លោកថាគោលនយោបាយនេះគឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលក្របខ័ណ្ឌការងាររបស់ក្រសួងចំនួន៥ដែលរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ,ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព,និងការលើកកម្ពស់ការទូតបៃតង៕