ភ្នំពេញៈ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមោះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្ត្រី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
នៅក្នុងនោះរដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្ត្រី។
លោកស្រី ឃួន សុដារី បានថ្លែងបែបនេះ នៅក្នុងវេទិកាថ្នាក់ជាតិ ស្តីពី «ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច»ក្រោមប្រធានបទ «ស្ត្រីក្នុងថា្នក់ជាតិធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលវេទិកានេះ រៀបចំឡើងដោយក្រសួងកិច្ចការនារី។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា លោកស្រី ឃួន សុដារី បានថ្លែងថា ៖ «រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ»។
ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តនូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្ត្រី ដោយប្រមុខដឹកនាំរដ្ឋាភិបាល ធ្លាប់បានលើកឡើងថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាពស្រស់បំព្រងនិងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។
សូមបញ្ជាក់ដែរថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅដល់ការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកស្រី ឃួន សុដារី បានបញ្ជាក់ថា ៖ «នេះជាយុទ្ធសាស្ត្រមួយដែលបានបង្ហាញយ៉ាងច្បាស់ពីការបន្តយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ»។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើនជាពិសេសចំនួនស្ត្រី ក្នុងវិស័យនយោបាយ និងសាធារណៈ។
ជាក់ស្តែង យោងតាមរបាយការណ៍វឌ្ឍនភាពស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៣ បានបង្ហាញថា នៅទូទាំងសកលលោក ស្ត្រីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ៣៥,៥%ប៉ុណ្ណោះ។
ចំណែកនៅកម្ពុជា រដ្ឋសភានីតិកាលទី៧នេះ តំណាងស្ត្រីនៅក្នុងតំណែងថ្នាក់ដឹកនាំកំពូលដែលសមាជិកព្រឹទ្ធសភាជាស្ត្រី មានអត្រាកើនឡើងប្រមាណពី ១៤,៧៥% ដល់ ១៦,១៣% ប៉ុន្តែចំនួនសមាជិករដ្ឋសភាជាស្ត្រីមានអត្រាធ្លាក់ចុះពី ២០,៨% មក ១៣,៦% វិញ។
ចំណែកអត្រាស្ត្រីនៅក្នុងស្ថាប័ននីតិប្រតិបត្តិ ហាក់មិនមានការប្រែប្រួលខ្លាំងក្លានោះទេ គឺមានប្រមាណ ១៥% ប៉ុណ្ណោះ។ ចំនួនស្ត្រីនៅក្នុងកម្រិតថ្នាក់ក្រោមជាតិ មានសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការចូលរួមរបស់ស្ត្រីនៅថ្នាក់មេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានការកើនឡើងពី ១៣០ នាក់ (ប្រមាណ ៨%) ដល់ ១៧៦នាក់ (ប្រមាណជា ១១%) ក្នុងអាណត្តិទី៥ ពីឆ្នាំ២០២២-២០២៧។
តាមរយៈសេចក្តីជូនដំណឹងដដែលនេះ លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានបញ្ជាក់ដែរថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១០ ក្នុងពិភពលោក ដែលសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍លើសុខភាពមាតា ដែលក្នុងនោះអត្រាមរណភាពមាតា បានធ្លាក់ចុះពី ៤៧២ ក្នុងឆ្នាំ២០០៥ ដល់ ១៥៤ នៅក្នុងចំណោម ១ សែនកំណើតរស់នៅឆ្នាំ២០២២។
លោកស្រីបន្តថា យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២កម្ពុជា មានលំដាប់លេខ៤១ ក្នុងចំណោម ១៤៦ ប្រទេស ជាកម្មសិទ្ធិឬគ្រប់គ្រងដោយស្ត្រី នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់។
លោកស្រី អុឹង កន្ថាផាវី ថ្លែងថា៖ «ស្ត្រីកម្ពុជាផ្តល់តម្លៃនិងទទួលស្គាល់នៅសហគមន៍អន្តរជាតិសម្រាប់ការចូលរួមថែរក្សាសុវត្ថិភាពនិងសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាននិងទី១៣ ក្នុងចំណោម ១២០ប្រទេស ដែលបានបញ្ជូនទាហានស្ត្រីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។
ទោះជាបែបនេះក្តី លោកស្រី ឃួន សុដារី បានលើកឡើងនាឱកាសនោះដែរថា ការវិវឌ្ឍនេះសបញ្ជាក់ឱ្យឃើញថា នៅកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយពិតប្រាកដក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្ត្រី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០និងឆ្នាំ២០៥០៕