សៀមរាបៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវាសុខាភិបាលក្នុងមណ្ឌលសុខភាពចំនួន ៨ កន្លែង នៅក្នុងខេត្តសៀមរាប ខណៈការងារចុះពង្រឹងសេវានេះនឹងបន្តរៀបចំធ្វើឡើងនៅតាមមណ្ឌលសុខភាពផ្សេងៗទៀត ក្នុងខេត្តចំនួន ១៣។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងកាលពីថ្ងៃទី២០ ខែវិច្ឆិកាថា ការចុះពង្រឹងសេវានេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ដោយលោកស្រីបានចុះតាមមណ្ឌលសុខភាពចំនួន៨ ក្នុងខេត្តសៀមរាប។
មណ្ឌលសុខភាពទាំងនោះរួមមាន មណ្ឌលសុខភាពចន្លាស់ដៃ, មណ្ឌលសុខភាព រោងគោ,មណ្ឌលសុខភាព ស្រីស្នំ, មណ្ឌលសុខភាព មោង,មណ្ឌលសុខភាព សំរោង, មណ្ឌលសុខភាព ពពេល, មណ្ឌលសុខភាព កៀនសង្កែ និងមណ្ឌលសុខភាព សង្វើយ។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងដែរថា៖«សកម្មភាពចុះពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនេះ ផ្តោតសំខាន់ទៅលើកិច្ចការមួយចំនួនក្នុងការជំរុញ បង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងនៅក្នុងសហគមន៍និងការជំរុញលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងការចុះបញ្ជីឈ្មោះអ្នកជំងឺតាមប្រព័ន្ធអនឡាញ»។
ក្រៅពីនេះ ចុះពង្រឹងគុណភាពសេវាមណ្ឌលសុខភាព ក៏ផ្តោតទៅលើកិច្ចការជំរុញហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព បង្កើនបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ ការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងឱសថ សម្ភារបរិក្ខារពេទ្យនិងការពង្រឹងសមត្ថភាពបច្ចេកទេស និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសជំរុញការបំពេញការងារ គោរពក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងមានវត្តមានប្រចាំការ ២៤ ម៉ោង/៧ ថ្ងៃ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន។
ទាក់ទងនឹងការចុះពិនិត្យ និងពង្រឹងសេវាសុខាភិបាលនេះដែរមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលដដែល បាន ឱ្យដឹងដែរថា មន្ត្រីក្រសួងនឹងចាប់ផ្ដើមបន្តចុះជួយគាំទ្រជំរុញ និងពង្រឹងការអនុវត្តស្តង់ដានៃការទទួលស្គាល់គុណភាពសេវានៅតាមមណ្ឌលសុខភាពមួយចំនួនទៀតក្នុងខេត្ត១៣ផ្សេងដែរ រួមមាន ខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ៖ «ការចុះជួយគាំទ្រនិងពង្រឹងមណ្ឌលសុខភាពក្នុងខេត្តទាំងនោះគឺដើម្បីពិនិត្យ និងពិភាក្សាពីផែនការ ការទទួលខុសត្រូវ តួនាទីភារកិច្ចរួម និងការពិនិត្យបញ្ជីផ្ទៀងផ្ទាត់ព័ត៌មានមណ្ឌលសុខភាពសម្រាប់យកមកអនុវត្ត»។
យោងតាមក្រសួងសុខាភិបាល គិតមកដល់ពេលនេះ មន្ត្រីក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាពនៅក្នុងខេត្តចំនួន ៣ រួមមាន ខេត្តសៀមរាប មានមណ្ឌលសុខភាពចំនួន ៨កន្លែង, ខេត្តរតនគិរី មានមណ្ឌលសុខភាពចំនួន ៩ កន្លែង និងខេត្តឧត្តរមានជ័យមានមណ្ឌលសុខភាពចំនួន ៩ កន្លែង។ ក្រៅពីការពង្រឹងគុណភាពសេវានៅក្នុងមណ្ឌលសុខភាព ក្រសួងក៏បានចុះពង្រឹងគុណភាពសេវានៅតាមមន្ទីរពេទ្យបង្អែកខេត្តនានាផងដែរដូចជា ខេត្តត្បូងឃ្មុំ ព្រះវិហារ កំពត និងខេត្តកែប ៕