កោះកុងៈលោក សុខ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង បាន​ឱ្យដឹងថា អាជ្ញាធរ​ខេត្ត​​​​មិន​ទាន់​ចាប់​បាន​ក្រុម​ជន​ល្មើស​ ដែល​ចូល​ទៅ​ឈូ​ស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ ​ប្រមាណ ១​ ហិកតា នៅ​ស្រុក​ស្រែ​អំបិល​បាន​នៅឡើយទេ​ ខណៈ​ដែល​អ្នក​ឃ្លាំ​មើល​បរិស្ថាន​​ទទូចឱ្យ​​អាជ្ញាធរ ​មាន​ចំណាត់​ការ​ពិត​ប្រាកដ ទើប​អាច​រក​ឃើញ​ក្រុម​ជ​ន​ល្មើស​បាន​លឿន​។

លោក សុខ សុទ្ធី បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ថា អាជ្ញាធរខេត្ត​បាន​​ចាត់​ឱ្យ​មន្ត្រី​ជំនាញ និងអា​ជ្ញាធរ​មូលដ្ឋាន​ស្រុកស្រែងអំបិល​ ព្រម​ទាំង​មន្រ្តី​ជំនាញ​បរិស្ថាន ធ្វើ​ការ​ចុះ​ស្រាវ​ជ្រាវ កំណ​ត់​មុខ​សញ្ញា​ទៅ​លើ​បុគ្គលពាក់​ព័ន្ធ ដែល​​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ព្រៃ​រដ្ឋ​។

ការចាត់វិធានការនេះធ្វើឡើង​​បន្ទាប់ពី​​​ទទួល​បាន​ព័ត៌​មា​ន​ថា​ មាន​ក្រុម​ជន​ល្មើស បាន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ចំណុច​កំពង់​ខ្លឹម ចំណុច​ពាម​ត្រែង និង​ចំណុច​គង​ឆា ​​ក្នុង​ភូមិ​បាក់​អង្រុត ស្រុក​ស្រែអំបិល ​ដែល​​លួ​ច​ចូល​​ទៅ​កាប់​ទន្រ្ទាន​យក​ដី​ព្រៃ​នេះ ​ធ្វើ​ជា​សម្បត្តិ​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​​។

លោកបាន​​ថ្លែង​ថា៖ «​មក​ដល់​ពេល​នេះ យើង​នៅ​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​ជនល្មើស​​​បាន​នៅ​​ឡើយ​​ទេ ដោយ​​សារ​​តែ​អ្នក​ខ្លះ​នៅ​ពេល​ដែល​គាត់​មាន​បញ្ហាអ៊ីចឹង គាត់​បាន​លើក​ដាក់​អ្នក​នេះ អ្នក​នោះ ហើយ​គ្រឿង​ចក្រ​ដែល​យើង​ចាប់​បាន​ហ្នឹង គឺ​គ្រាន់​​តែ​ជា​អ្នក​ស៊ី​ឈ្នួល​ប៉ុណ្ណោះ​»​​​។

​​លោក សុខ សុទ្ធី​ បានអះអាងទៀតថា ក្នុង​ករណី​ដែល​អាជ្ញាធរ​ខេត្ត​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ក្រុម​ជន​ល្មើស​ហើយ ទោះ​បី​ជា​អ្នក​មាន​អំណាច អ្នក​មា​ន​លុយ​ក៏​ដោយ អាជ្ញាធរ​ខេត្ត​នឹង​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង ដោយ​ប្ដឹ​ង​ទៅ​តុលាការ​ដើម្បី​ដាក់​ទោស​ ពីព្រោះ​នេះ​ជា​បទល្មើស​ដែល​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​។ 

បើ​តាម​អភិបាល​រង​ខេត្ត​កោះកុងដដែលនេះ​ កន្លង​មក​ដី​ដែល​ក្រុម​ជន​ល្មើស បាន​ឈូស​ឆា​យ​នេះត្រូវ​បាន​កាត់​ឆ្វៀល​រួចរា​ល់​ហើយ ដោយ​ប្រគល់​មក​ឱ្យ​រដ្ឋ​បាល​ខេត្ត​ជា​អ្នក​គ្រប់​គ្រង ចាត់​ចែង ដើ​ម្បី​ធ្វើ​សម្បទាន​កសិកម្ម​ជូន​ប្រជាពលរដ្ឋ ហើយ​ដី​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ នាំ​គ្នា​ផ្ដិត​មេ​ដៃ​ទិញ​-​ល​ក់ ខណៈ​ដែល​ការ​ទិញ​-​លក់​ដី​នេះ វា​មិន​អាច​ធ្វើ​ការ​ទិញ​-​លក់​បាន​ទេ ​ព្រោះ​ដី​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​រ​បស់​រដ្ឋ​។ 

លោក​បន្ថែម​ថា ចំណែក​ឯ​ការ​ឈូស​ឆាយ​នេះ​វិញ ក៏​មិន​មាន​ការ​អនុញ្ញាត​ចេញ​ពី​អាជ្ញាធរ​ណា​មួយ​នោះដែរ​ តែជា​ការលួច​ឈូស​ឆាយ​យកតែម្តង​។

ទាក់​ទង​នឹង​ការ​ទន្ទ្រាន​យក​ដី​ព្រៃ​នេះ លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ នៃ​​ស​មាគ​ម​បណ្តាញ​យុវជន​កម្ពុជា (CYN) បាន​​ថ្លែង​​ថា ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច គួរ​តែ​ធ្វើ​ឡើ​ង​ឱ្យ​បាន​រហ័ស និង​​លឿន​ជាង​នេះ ពីព្រោះ​ការ​បំផ្លិត​បំផ្លាញ​ធន​ធាន​ធម្មជាតិ និង​ការ​កាប់​ព្រៃ​ឈើ​នេះមិ​ន​មែន​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​នោះ​ទេ វា​អាច​មាន​ការ​ដឹង​លឺ​ពី​អាជ្ញាធរ​មូល​ដ្ឋានផង​ដែរ​។

លោកបញ្ជាក់​ថា​៖ «​ដូច្នេះ​បើ​សិន​រដ្ឋបាល​ខេត្ត​កោះកុង មាន​ចំណាត់​ការ​ពិត​ប្រាកដ​ចង់​រក​ឃើញ​ជន​ល្មើ​ស នោះ​ខ្ញុំ​គិត​ថា អ្នក​ពាក់​ព័ន្ធ​ហ្នឹង​គឺ​អាច​នឹង​រក​ឃើញ​នៅ​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​យក​មក​ឱ្យ​ទទួល​ខុ​ស​ត្រូវ​ចំពោះ​មុខ​ច្បាប់​»​។

បើ​តាមលោក ហេង គឹមហុង ​ទន្ទឹម​នឹង​ការ​ដាក់​ទោស​ជន​ដែល​ពាក់​ព័ន្ធ​តាម​ផ្លូវ​ច្បាប់​ហើយ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ស្វែងរក​​ជន​ដែល​នៅ​ពី​ខាង​ក្រោយ និង​អ្នក​កាប់​បំផ្លា​ញ ព្រមទាំ​ង​បង្កើន​នូវ​ចំណាត់​ការ​ព័ត៌មាន ដើម្បី​ធានា​ថា​ រាល់​សកម្មភាព​បំផ្លាញ​ធនធានធម្មជាតិ​ផ្សេង​ទៀត នឹង​ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​មក​កាន់​រដ្ឋ​បាល​ស្រុក រដ្ឋបាល​ខេត្ត ក្នុង​ការ​បង្ក្រាប​លើ​សកម្មភាព​ទាំង​នេះ។​​

លោកបាន​ប​ន្ថែម​ថា ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នេះ មិន​មែន​តែ​ក្រុម​ជន​ល្មើស​នោះ​ទេ តែ​​សមត្ថកិ​ច្ច​នៅ​ក្នុង​មូលដ្ឋាន​ក៏​ត្រូវ​ចូល​រួម​ចំណែក​ដោយ​ខាន​មិន​បាន​ឡើយ ​​ព្រោះ​នេះ​ជា​ការ​ធ្វេស​ប្រហែស​ដែល​បណ្ដាល​ឱ្យ​មាន​បទ​ល្មើស​ទន្ទ្រាន​យក​ដី​ព្រៃ និង​ការ​កាប់​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕