កោះកុងៈ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ស្នើអាជ្ញាធរខេត្តកោះកុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន ក៏ដូចជា បង្ហាញពីឆន្ទ:របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
ការស្នើនេះក្នុងពេល NACD បានសហការជាមួយសាលាខេត្តកោះកុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ NACD ដល់សមាជិកគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង នៅថ្ងៃទី ២០ វិច្ឆិកា ។
កិច្ចប្រជុំនេះមានគោលបំណងបង្ហាញពីឆន្ទ: និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកសារពាក់ព័ន្ធ ព្រមទាំងផ្តល់ការណែនាំ និងជំរុញការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សេចក្តីប្រកាសព័ត៌មាន NACD បញ្ជាក់នៅថ្ងៃទិ ២០ វិច្ឆិកា ថា លោក នាក់ យុទ្ធា អគ្គលេខាធិការរង NACDបានផ្តល់អនុសាសន៍ និងស្នើសុំដល់លេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង ស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើវិធានការអនុវត្តច្បាប់ ដោយពង្រឹងយន្តការត្រួតពិនិត្យសារធាតុគីមីផ្សំ ទប់ស្កាត់ការនាំចូលគ្រឿងញៀន ទប់ស្កាត់កែច្នៃផលិតគ្រឿងញៀន និងលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។
សេចក្តីប្រកាសព័ត៌មានបន្តថាក្នុ ងកិច្ចប្រជុំនេះ លោកបានស្នើដល់ស្ថាប័នទាំងនេះ «ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាងស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន ជាពិសេសការពង្រឹងយន្តការការិយាយល័យទំនាក់ទំនងព្រំដែន (BLO)»។
ជាមួយគ្នានេះដែរ លោកនាក់ យុទ្ធា បានស្នើដល់ស្ថាប័នទាំងនេះឱ្យយកចិត្តទុកដាក់លើវិធានការផ្សព្វផ្សាយអប់រំ ព្យាបាល និងស្តារនីតិសម្បទា និងផ្តល់របាយការណ៍ស្តីពីចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
លោកបានស្នើលោក សំឃិត វៀន អភិបាលរងខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង ម្ចាស់ការដឹកនាំអនុវត្តការងារទៅតាមជំនាញ និងវិស័យរបស់ខ្លួន និងរៀបចំផែនការអនុវត្តជាក់ស្ដែងដើម្បីឆ្លើយតបបានទៅនឹងសភាពការណ៍គ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
ដោយឡែក សមត្ថកិច្ចកាលពីថ្ងៃទី១៧ វិច្ឆិកា បានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៣នាក់ពាក់ព័ន្ធករណីបញ្ជូនគ្រឿងញៀនតាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម។
របាយការណ៍បញ្ជាក់ថា៖ «កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីបញ្ជូនគ្រឿងញៀនតាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៣នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម និងសារធាតុមិនច្បាស់ជាង៦០គីឡូក្រាមថែមទៀត»។
របាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងនាថ្ងៃទី២០ វិច្ឆិកា ថា ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា នៅម៉ោង៧.៣០នាទីយប់ ក្រោយទទួលព័ត៌មានពីតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅក្រុងហូជីមិញ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពដដែលបន្តថា កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការត្រួតពិនិត្យអីវ៉ាន់បញ្ញើមិនប្រក្រតីចំនួន២ឡាំងក្រដាស និងបានរកឃើញកញ្ចប់ម្សៅពណ៌ស ជាសារធាតុញៀនប្រភេទ កេតាមីន ៥ថង់ទម្ងន់៩៩២ក្រាម និងសារធាតុរាវចំនួន ១០៤ កញ្ចប់ ទម្ងន់ជាង ៦០ គីឡូក្រាម។
របាយការណ៍បញ្ជាក់ថា៖ «បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី»៕