ភ្នំពេញៈ ថ្វីបើមិនទាន់អាចដឹងបានពីចំនួនអ្នកធ្វើអត្តឃាតថាមានប៉ុន្មាននាក់ ឬអ្នកត្រូវបានជួយសង្គ្រោះពីការធ្វើអត្តឃាតមានប៉ុន្មាននាក់ក្នុង ១ ខែ ឬក៏ក្នុង ១ ឆ្នាំក្ដី ប៉ុន្តែបើយោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមគេតែងឃើញជាញឹកញាប់អំពីករណីធ្វើអត្តឃាត ឬការធ្វើឃាតខ្លួនឯងដោយមានទាំងសកម្មភាពលោតទឹក ការចងក រីឯជនរងគ្រោះមានទាំងក្មេងៗរហូតដល់មនុស្សចាស់ ឬអ្នកមានឋានៈក្នុងសង្គមទៀតផង។
ចំណែកឯមូលហេតុវិញក៏មានផ្សេងៗគ្នាផងដែរ។ តួយ៉ាងកាលពីខែតុលា មានក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ រស់នៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបានចងកសម្លាប់ខ្លួន។ «ខ្ញុំស្រឡាញ់កូនខ្លាំងណាស់កូនកំពុងតែរៀនអង់គ្លេសពូកែ ខ្ញុំឃើញកូនរៀនពូកែបែបនេះសប្បាយចិត្ត។ ពេលខ្ញុំមកពីធ្វើការឃើញកូនខ្ញុំមានកម្លាំងចិត្ត តែឥឡូវកូនស្លាប់ចោល ខ្ញុំគ្មានកម្លាំងធ្វើការទេ ខ្ញុំទឹកភ្នែករាល់ថ្ងៃហ្នឹង»។ នេះជាសម្តី លោក អ៊ុត សារី ជាឪពុកក្មេងរងគ្រោះរស់នៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
លោកបានរៀបរាប់ថា កូនប្រុសរបស់លោកអាយុ ១០ ឆ្នាំ រៀនថ្នាក់ទី៥ ហើយក៏ជាកូនពៅ និងកូនច្បងជាកូនស្រី។ នៅវេលាថ្ងៃត្រង់ក្នុងខែតុលា កូនប្រុសរបស់លោកបានមើលទូរទស្សន៍ជាមួយបងស្រីគេ ហើយនៅពេលកំពុងមើលទូរទស្សន៍គេក៏បានអង្គុយលើភ្លៅបងស្រី។
លោក សារី ប្រាប់បន្តថា ពេលនោះបងស្រីគេបានប្រាប់ប្អូនថាកុំអង្គុយលើភ្លៅអី។ គ្រាន់តែនិយាយប៉ុណ្ណឹងក៏ស្រាប់តែកូនប្រុសលោកបានស្ទុះដើរចេញពីផ្ទះបាត់តែម្តង។ រីឯកូនស្រីលោកក៏មិនបានចាប់អារម្មណ៍ថាប្អូនខ្លួនទៅចងកសម្លាប់ខ្លួនដែរ។ ការចងកនេះគេប្រើខ្សែពួរដែលលោកទុកនៅក្រោលគោ ហើយលោកក៏មិននឹកស្មានថានឹងកើតមានរឿងបែបនេះដែរ។
លោកបានថ្លែងថា លោកមិនអាចនិយាយបានថា ជាហេតុចៃដន្យខាងផ្លូវងងឹតអីទេ តែបើតាមលោកសង្កេត រាល់ថ្ងៃឃើញថា កាលពីនៅរស់ គឺកូនលោកឧស្សាហ៍មើលទូរស័ព្ទណាស់។
«ករណីនេះខ្ញុំក៏ចង់ផ្ញើសារដល់បងប្អូនដែលមានកូនសូមព្យាយាមសាកសួរកូន ដើម្បីដឹងពីអារម្មណ៍របស់គាត់ថា គាត់កំពុងត្រូវការអ្វីសូមបង្កើតឱ្យមានពេលវេលានៅជាមួយកូនឱ្យបានច្រើន»។
ដោយមិនគិតពីករណីស្លាប់គឺគិតចាប់តាំងពីដើមឆ្នាំ ២០២៣ ដល់ខែតុលា មានមនុស្ស ៣៦ នាក់ ត្រូវបានរកឃើញថា ប៉ុនប៉ងធ្វើអត្តឃាតក្នុងចំណោមមនុស្ស ៦៥៣ នាក់ ដែលបានទទួលការពិគ្រោះយោបល់ផ្លូវចិត្ត។ នេះបើយោងតាមទិន្នន័យដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីអង្គការ Child Helpline Cambodia នៅក្នុងខែវិច្ឆិកានេះ។
អ្នកស្រី ធន ស្រីពៅ ជាប្រធានផ្នែកពិគ្រោះយោបល់នៃអង្គការ Child Helpline Cambodia បានឱ្យដឹងថា គិតពីដើមខែមករា ដល់ខែតុលា ឆ្នាំ ២០២៣ គឺអ្នកមានបញ្ហាផ្លូវចិត្តចំនួន ៦៥៣ នាក់ បានមកទទួលសេវាពិគ្រោះយោបល់បន្សាបវិបត្តិផ្លូវចិត្តនៅអង្គការរបស់អ្នកស្រី។ក្នុងចំណោមមនុស្ស ៦៥៣ នាក់គឺមាន ៣៦ នាក់ជាគោលដៅប៉ុនប៉ងធ្វើអត្តឃាតដែលមានវ័យចាប់ពី ១៥ ឆ្នាំ ដល់អាយុជាង ២៥ ឆ្នាំ។ ក្នុងនោះមានអ្នកខ្លះមិនមែនទើបតែចង់ធ្វើអត្តឃាតលើកទី១ ទេ គឺគាត់មានគំនិតបែបនេះច្រើនដងក្នុងដំណើរជីវិតរបស់ពួកគាត់ មុនពេលមកពិគ្រោះយោបល់។
អ្នកស្រី ស្រីពៅ បានលើកយកសម្រង់សម្តីរបស់អ្នកចង់ធ្វើអត្តឃាតម្នាក់ថា៖ «ខ្ញុំហត់ណាស់ ជីវិតរបស់ខ្ញុំមានតែភាពលំបាក ហត់នឿយ និងការអត់ទ្រាំ។ ខ្ញុំហត់នឿយ និងលាក់បាំងការពិត ខ្ញុំរស់នៅក្នុងជីវិតដែលសម្តែង។ ខ្ញុំទ្រាំទៅមុខលែងរួចហើយ ពេលខ្លះខ្ញុំចង់តែគិតខ្លីម្ដងៗ ខ្ញុំមិនចង់ឱ្យនរណាម្នាក់មកលំបាកជាមួយខ្ញុំទេ។ ខ្ញុំមិនសេសសល់អ្វីទៀតទេ អស់ហើយបង ហើយជីវិតខ្ញុំឥឡូវនេះងងឹតឈឹង។ ខ្ញុំធ្វើអ្វីតែងតែខុស គ្មាននរណាយល់ចិត្តខ្ញុំទេ រាល់ពេលខ្ញុំនិយាយ គេតែងតែបន្ទោសខ្ញុំថែម»។
បើតាមអ្នកស្រី ធន ស្រីពៅ អង្គការ Child Helpline Cambodia ទទួលពិគ្រោះយោបល់ដល់អ្នកមានវិបត្តិផ្លូវចិត្តដោយប្រើខ្សែទូរស័ព្ទហៅចូលលេខ ១២៨០ ឬ Facebook page childhelpline Cambodia ដោយមិនគិតថ្លៃទេ។
អ្នកស្រីបានឱ្យដឹងថា តាមរយៈមធ្យោបាយទំនាក់ទំនងទាំងនេះពួកគាត់អាចទាក់ទងមកអង្គការហើយអាចលើកបង្ហាញពីក្តីកង្វល់របស់គាត់គ្រប់យ៉ាងមកពិគ្រោះយោបល់បាន ហើយរាល់ការជជែកគឺត្រូវបានរក្សាការសម្ងាត់។
ជាអ្នកដែលធ្លាប់បានជួបផ្ទាល់ជាមួយអ្នកមានវិបត្តិផ្លូវចិត្តផងនោះ អ្នកស្រី ធន ស្រីពៅ បានឱ្យដឹងថា បច្ចុប្បន្នអ្នកស្រីមើលឃើញថា ស្ថានភាពផ្លូវចិត្តទាំងកុមារ ទាំងយុវវ័យរហូតដល់មនុស្សធំពេញវ័យ គឺហាក់បីដូចជាកម្លាំងចិត្តពួកគាត់មានភាពទន់ខ្សោយ។
រីឯមូលហេតុដោយសារមានសម្ពាធច្រើនពីបញ្ហាជុំវិញខ្លួនពួកគាត់។ ឧទាហរណ៍ថា បើជាក្មេងៗ គឺគាត់មានបញ្ហាក្នុងក្រុមគ្រួសារ ឬជាមួយមិត្តភក្តិហើយមិនអាចរកវិធីដោះស្រាយដោយខ្លួនឯងបាន។ ប៉ុន្តែចំពោះមនុស្សពេញវ័យ គឺវិបត្តិផ្លូវចិត្តពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច បញ្ហារកាំរកូសក្នុងគ្រួសារ ដូចជាអំពើហិង្សា ស្ថានភាពបំណុល ដែលមានមនុស្សជាច្រើនទាល់ច្រកហើយបានប៉ុនប៉ងធ្វើអត្ដឃាតដើម្បីបញ្ចប់បញ្ហា។
អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំជួបជាមួយអ្នកទទួលសេវាខ្ញុំច្រើននាក់ណាស់ដែលគាត់មានគ្រួសារចាប់ពីវ័យ ៣០ ឆ្នាំឡើងទៅ។ ចំពោះមូលហេតុ ១ នៃការធ្វើឱ្យពួកគាត់មានគំនិតចង់សម្លាប់ខ្លួន គឺបញ្ហាជំពាក់បំណុលគេនេះឯង»។
អ្នកស្រី ធន ស្រីពៅ បានបន្ថែមថា អង្គការអ្នកស្រីមានបម្រើសេវាពិគ្រោះយោបល់បឋមដោយមានអ្នកជំនាញពិគ្រោះយោបល់ដែលមានក្រមសីលធម៌វិជ្ជាជីវៈ។ ដូច្នេះអ្នកជំនាញនឹងផ្តល់ការពិគ្រោះយោបល់ និងគាំទ្រហើយនឹងពិនិត្យមើលថា តើស្ថានភាពរបស់អ្នកមកទទួលសេវាកំពុងស្ថិតនៅក្នុងកម្រិតបែបម៉េច?
ប្រសិនបើការពិគ្រោះយោបល់បឋមយើងគិតថា អាចនឹងជួយឱ្យគាត់បានប្រសើរឡើងវិញ គឺយើងបន្តធ្វើការជាមួយគាត់។ តែបើយើងរកឃើញថាស្ថានភាពផ្លូវចិត្តប៉ះទង្គិចខ្លាំង យើងក៏បញ្ជូនពួកគាត់ទៅរកសេវាព្យាបាលផ្លូវចិត្តណាមួយតាមរយៈអ្នកជំនាញចិត្តសាស្ត្រឬក៏គ្រូពេទ្យវិកលវិទ្យាជាដើម។
ទោះយ៉ាងណាអ្នកស្រី ធន ស្រីពៅ បានណែនាំដល់អ្នកដែលសង្ស័យថា ខ្លួនមានជំងឺផ្លូវចិត្តគួរតែឧស្សាហ៍ពិនិត្យមើលអារម្មណ៍ផ្លូវចិត្តរបស់ខ្លួនឯង ដូចជាការឆែកសុខភាពផ្លូវកាយតាមរយៈសំណួរខ្លះៗថា តើពេលនេះខ្លួនមានអារម្មណ៍បែបណា? តើអារម្មណ៍នោះវាបានធ្វើឱ្យយើងមានការលំបាកអ្វីខ្លះហើយវាខ្លាំងប៉ុនណា?និងតើខ្ញុំកំពុងត្រូវការអ្វីជាមួយនឹងអារម្មណ៍នេះ?
ពាក់ព័ន្ធនឹងវិបត្តិផ្លូវចិត្តដែលនាំដល់ការសម្លាប់ខ្លួននេះ លោក វេជ្ជបណ្ឌិតយឹម សុបុត្រា ប្រធានផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ជាទូទៅការធ្វើអត្តឃាតភាគច្រើន គេឃើញនៅលើជំងឺបាក់ទឹកចិត្ត។
យើងអាចនិយាយបានថា ៧០ ភាគរយនៃជំងឺផ្លូវចិត្ត ជាដើមហេតុនាំឱ្យមានការធ្វើអត្តឃាត។ ចំពោះរូបភាពនៃអំពើអត្តឃាតមានច្រើន ដូចជា ករណីលោតទឹកពីលើស្ពាន ឬពីលើអគារខ្ពស់ៗ ការចងក និងលេបថ្នាំសម្លាប់ខ្លួនជាដើម។ល។
លោកបានបន្តថា រីឯការធ្វើអត្តឃាតសាហាវៗ មានដូចជា ការបាញ់សម្លាប់ខ្លួន និងការយកកាំបិតចាក់ខ្លួនឯងតែម្តង។ នេះជាជំងឺបាក់ទឹកចិត្តមួយដ៏ធ្ងន់ធ្ងរ និងស្រួចស្រាល់ខ្លាំង។ ជំងឺបាក់ទឹកចិត្តវាមានប្រភេទ មានកម្រិតរបស់វា តែក៏មិនមែនគ្រប់តែជំងឺបាក់ទឹកចិត្តអ្នកជំងឺសុទ្ធតែសម្លាប់ខ្លួនដែរ មានន័យថា ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ទើបឈានទៅដល់សម្លាប់ខ្លួនឯង។
លោកថ្លែងថា៖ «ជំងឺបាក់ទឹកចិត្តតែងតែលាក់ខ្លួន ឬហៅថាឃាតករលាក់មុខ ពីព្រោះកាលណាគាត់មានជំងឺបាក់ទឹកចិត្តហ្នឹង គាត់មិនចង់រស់ ហើយគាត់មិនស្វែងរកពេទ្យព្យាបាលអីទេ ព្រោះចិត្តគាត់ចង់តែស្លាប់ទៅហើយ អ៊ីចឹងអាហ្នឹងវាមានការលំបាកចំពោះអ្នកមានបញ្ហាបែបហ្នឹង»។
បើតាមលោកវេជ្ជបណ្ឌិត សុបុត្រា សភាពអ្នកជំងឺបាក់ទឹកចិត្តដែលលោកជួបប្រទះញឹកញាប់ជាងគេគឺជាយុវភាពដែលអាចរាប់ចាប់ពីមនុស្សពេញវ័យឡើង។ ចំពោះអាយុវិញភាគច្រើនចាប់ពី ១៨ ឆ្នាំរហូតដល់អាយុ ៤០ ឆ្នាំ ប៉ុន្តែក៏មិនមែនមានន័យថា កុមារ និងវ័យជំទង់អត់មានករណីនេះដែរ ហើយមនុស្សចាស់ក៏មានការសម្លាប់ខ្លួនដែរ បន្ទាប់ពីបាក់ទឹកចិត្ត។
លោកបានបន្តថា អ្នកខ្លះមានជំងឺបាក់ទឹកចិត្តហើយពោលថាចង់ស្លាប់ តែក្នុងខ្លួនមិនទាន់ចង់ស្លាប់ដូចមាត់ទេ គាត់គ្រាន់តែគំរាមឱ្យគេចាប់អារម្មណ៍តែប៉ុណ្ណោះ។ ឧទាហរណ៍ថា គាត់ប្រុងលេបថ្នាំ ដល់តែលេបជ្រុលទៅក៏ស្លាប់ ឯអ្នកខ្លះទៅឈរលើអគារប្រុងថា លោតដើម្បីឱ្យគេជួយ តែចៃដន្យពេលគាត់លោតមកស្លាប់មែនក៏មានដែរ។ របៀបនេះគេហៅថា ការគ្រោះថ្នាក់ក្នុងពេលគាត់មិនទាន់សម្រេចចិត្តច្បាស់លាស់។
លោកបានបញ្ជាក់ថា អ្នកមានជំងឺបាក់ទឹកចិត្ត គឺកើតឡើងពីបរិយាកាសនៅជុំវិញខ្លួននេះឯង ហើយក៏មានការព្យាបាលតាមវិធីច្រើនដែរ។ ចំពោះមូលហេតុនាំឱ្យមានជំងឺបាក់ទឹកចិត្តបណ្ដាលពីកត្តាសង្គម ហេតុដូចនេះអ្នកជំងឺត្រូវចេះដោះស្រាយបញ្ហាសង្គមឱ្យបានត្រឹមត្រូវ។ តែមុននឹងគ្រូពេទ្យទៅជួយ លុះត្រាតែអ្នកជំងឺរត់រកគ្រូពេទ្យដែរ តែបើគាត់មិនទៅរកគ្រូពេទ្យ តើនរណាដែលអាចជួយគាត់បាន?
លោក យឹម សុបុត្រា បានឱ្យដឹងថា ការព្យាបាលគឺមានករណីខ្លះសង្គ្រោះបន្ទាន់ ព្រោះការធ្វើអត្តឃាត អាហ្នឹងត្រូវការសង្គ្រោះបន្ទាន់។ ប្រសិនបើយើងមើលដោយធ្វេសប្រហែសនោះ គឺអ្នកជំងឺហ្នឹងអាចធ្វើអត្តឃាតលើកក្រោយទៀត។
ជុំវិញបញ្ហានេះ លោក សេក សុជាតិ អ្នកប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា បញ្ហាមនុស្សសម្លាប់ខ្លួន ឬធ្វើអត្តឃាតនៅកម្ពុជា គឺយើងបានដឹងហើយថា វាអាចកើតឡើងបានរៀងរាល់ពេល។ ការធ្វើអត្តឃាតប្រៀបបាននឹងអាវុធ ១ បែបដែលបំផ្លាញធនធានមនុស្សដោយលាក់មុខ។
លោកបានបញ្ជាក់ថា៖ «មូលហេតុដែលនាំឱ្យមនុស្សមានវិបត្តិផ្លូវចិត្ត គឺបណ្តាលមកពីកត្តាមួយចំនួន ទី១- គឺកត្តាអប់រំប្រសិនបើការអប់រំធ្លាក់ចុះ, កត្តាទី២- គឺទាក់ទងនឹងកត្តាសេដ្ឋកិច្ចសង្គម, កត្តាទី៣- កត្តាអយុត្តិធម៌សង្គម និងកត្តាទី៤- លោកមើលឃើញទាក់ទងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជំពាក់បំណុលធនាគារមីក្រូហិរញ្ញវត្ថុឯកជន ដែលវាសុទ្ធសឹងជាបន្ទុកធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋ»។
លោកបានបញ្ជាក់ថា ការបាក់ទឹកចិត្តក៏បង្កើតឱ្យមនុស្សគ្រប់គ្រងខ្លួនមិនបាន ហើយងាកមកសេពគ្រឿងញៀន ឬគ្រឿងស្រវឹងជាហេតុធ្វើឱ្យប៉ះពាល់ខួរក្បាលហើយគិតខ្លីនាំឱ្យកើតមានបញ្ហាធ្វើអត្តឃាត។ ការធ្វើអត្តឃាតបច្ចុប្បន្ន គឺជារឿងស្មុគស្មាញក្នុងការដោះស្រាយ ក្នុងស្ថានភាពនយោបាយ សង្គមសេដ្ឋកិច្ច វប្បធម៌ សុជីវធម៌ និងគុណធម៌ ដែលហាក់កំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ជុំវិញបញ្ហានេះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញបានផ្ដល់ឱវាទថា ការដែលទទួលបានអំពើល្អត្រូវតែសេពគប់ជាមួយសប្បុរសជន (អ្នកមិនធ្វើអំពើអាក្រក់)។ ការសេពគប់នេះមានពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាដើម និងមនុស្សទូទៅក្នុងសង្គមដែលជាអ្នកសិក្សាក្តី និងអ្នកនិយាយរឿងល្អៗក្តី។ យើងត្រូវយកចិត្តទុកដាក់លើពាក្យប្រៀនប្រដៅទាំងអស់នោះហើយសេពគប់ជាមួយសប្បុរសជន។
សម្តេចបានមានព្រះបន្ទូលថា៖ «បើយើងមានបញ្ហាលំបាករឿងអ្វី ១ នៅក្នុងជីវិត កុំទៅសម្ងំម្នាក់ឯងក្នុងទីស្ងាត់កំបាំង។ តែបើសម្ងំម្នាក់ឯងនឹងជួបបញ្ហាធ្ងន់ធ្ងរហើយប្រាកដជាធ្វើរឿងអកុសលរឿងទុច្ចរិតផ្សេងៗមិនខាន។ បើយើងមិនសប្បាយចិត្តនឹងអ្វី ១ ត្រូវរកទីប្រឹក្សា ក្នុងនោះមានម្តាយ-ឪពុក យើងមានបងប្អូនយើង និងមនុស្សនៅជុំវិញខ្លួនយើងដែលគេស្រឡាញ់សេចក្តីល្អក្នុងសង្គម»៕