ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី ២០ ខែវិច្ឆិកាថា នៅឆ្នាំ ២០២៤ ខាងមុខ រាជរដ្ឋាភិបាលនឹងដាក់គោលដៅក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដល់គ្រប់ក្រសួងទាំងអស់ដោយត្រូវធ្វើការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធផ្ទៃក្នុង តួនាទី និងភារកិច្ចរបស់ក្រសួងសា្ថប័នមួយចំនួន ព្រោះក្រសួង ឬស្ថាប័នខ្លះ អាចជាន់ភារកិច្ចការងារគ្នា។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នាពិធីប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលជាកម្មវិធីគោលនយោបាយអាទិភាពក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «ចាប់ពីឆ្នាំ ២០២៤ ខ្ញុំដាក់គោលដៅធ្វើកំណែទម្រង់ស្ថាប័នរដ្ឋដែលគ្រប់ក្រសួងទាំងអស់ត្រូវពិនិត្យរចនាសម្ព័ន្ធផ្ទៃក្នុងដែលត្រូវពិនិត្យតួនាទីនិងភារកិច្ចតាមផ្នែករៀងៗខ្លួន ដើម្បីចៀសវាងការជាន់ការងារគ្នាទាំងក្នុងផ្ទៃក្នុងក្រសួងនីមួយៗ និងជាន់ការងារឆ្លងក្រសួង-ស្ថាប័ន»។
លោក ហ៊ុន ម៉ាណែត បន្តថា៖ «យើងត្រូវពិចារណាថា ត្រូវពង្រឹងមួយណាទុកមួយណា ឬក៏យ៉ាងម៉េច។ ឧទាហរណ៍ថា តើក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ជាន់គ្នាយ៉ាងម៉េច? ក្រសួងរ៉ែ និងថាមពល ជាមួយក្រសួងធនធានទឹក តើពីណាគេគ្រប់គ្រងខ្សាច់ ពីណាគេគ្រប់គ្រងអី? ពេលខ្លះត្រូវពិនិត្យមើលកន្លែងហ្នឹងវិញកន្លងមក យើងបានធ្វើខ្លះហើយ»។ លោកសង្កត់ធ្ងន់ថា ការងារត្រួតពិនិត្យ និងការវាយតម្លៃ គឺជាការងារសំខាន់ណាស់។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគាំទ្រទៅលើគម្រោងនៃការធ្វើកំណែទម្រង់នេះ ប៉ុន្តែលោកថា លុះត្រាតែថ្នាក់ដឹកនាំមានឆន្ទៈពិតប្រាកដ និងហ៊ានធ្វើ ទើបកំណែទម្រង់នេះអាចធ្វើទៅបានជោគជ័យ។
លោកលើកឡើងថា ជាការពិតណាស់ស្ថាប័នរដ្ឋកុំថាឡើយ ពីស្ថាប័ន ១ ទៅស្ថាប័ន ១ សូម្បីតែក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាល ក៏ជាន់សមត្ថកិច្ចគ្នាដែរ ហើយក្នុងនោះអ្នកសារព័ត៌មានក៏ដឹង សាធារណជនក៏ដឹង អ្នកនយោបាយខ្លួនឯងក៏ដឹងគឺបង្កើតក្រសួងថ្មី ឬក្រសួងចាស់ក៏ដោយ គឺមានការជាន់សមត្ថកិច្ចគ្នាហើយ។
លោក យង់ ពៅ បានប្រាប់ថា៖ «នៅពេលដែលជាន់សមត្ថកិច្ចគ្នានៅពេលដែលធ្វើការកន្លែងដែលមានផលប្រយោជន៍គឺនាំគ្នាដណ្តើមគ្នា ធ្វើកន្លែងដែលមិនមានផលប្រយោជន៍គឺមើលបំណាំគ្នា។ អ៊ីចឹងនេះហើយ ដែលធ្វើឱ្យមានភាពអសកម្ម ការចំណាយលុយច្រើន ការងារគ្មានប្រសិទ្ធភាពដោយសារការមើលបំណាំគ្នា។ នេះគឺជាអ្វីដែលកើតមានពិតប្រាកដ»។
ទន្ទឹមនឹងនេះ លោក យ៉ង់ ពៅ ក៏បានបញ្ជាក់ដែរថា ប្រសិនបើមានការកែទម្រង់ វៀរលែងតែថាតើរដ្ឋាភិបាលហ៊ានបញ្ចូលក្រសួងដែលជាន់សមត្ថកិច្ចគ្នានោះ បង្រួមមកវិញដែរឬអត់? ប្រសិនបើមានការធ្វើដូចនេះបានមែននោះមហាជននឹងសាទរ និងចំណេញថវិកាជាតិ មិនជាន់សមត្ថកិច្ចគ្នាទៀតឡើយ។
លោក យង់ ពៅ បញ្ជាក់ថា៖ «ក្នុងការដោះស្រាយកិច្ចការងារនេះដើម្បីឱ្យមានតម្លាភាពនោះគឺអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយ ឆន្ទៈគណបក្សកាន់អំណាច និងឆន្ទៈអ្នកដឹកនាំរដ្ឋាភិបាល នោះគឺអាចដោះស្រាយបានហើយ តែបើមិនមានឆន្ទៈពិតប្រាកដនឹងធ្វើកំណែទម្រង់ទេគឺមិនអាចធ្វើទៅបានឡើយ»។
ស្រដៀងគ្នានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពក៏បានលើកឡើងដែរថា ការកែទម្រង់កុំឱ្យមានការងារជាន់គ្នា ត្រួតគ្នានេះជារឿងសំខាន់មួយ ប៉ុន្តែយ៉ាងណាក៏មិនងាយនឹងរុញស្ថាប័នរដ្ឋបញ្ចូលគ្នាឱ្យបានលឿនដែរ ព្រោះមន្ត្រីនយោបាយមានច្រើនសន្ធឹកសន្ធាប់ពេកដូចជា ទីប្រឹក្សា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការរាប់ពាន់នាក់ ដែលនេះធ្វើឱ្យមានការខាតបង់ថវិកាជាតិច្រើនមែនទែន។
លោក យង់ គិមអេង ថ្លែងថា៖ «បើយើងមិនកែទម្រង់នៅថ្នាក់នយោបាយទេ យើងកែទម្រង់តែថ្នាក់ក្រោម នោះវាអត់សូវដើរទៅមុខបានលឿននោះទេ តែខ្ញុំគិតថា ដំណើរការនេះ គឺមិនងាយស្រួលក្នុងការដោះស្រាយ ក្នុងការកែទម្រង់បានដោយងាយស្រួលឡើយ»៕