​ភ្នំពេញៈ កុមា​រា ច​ន​ពៅ ស៊ី​រ៉ាណូ ជា​សិស្ស​ត្រៀម​ចូល​ថ្នាក់​ទី​​១០NGS-C3 ​នៃ​សាលារៀន​ជំនាន់​ថ្មី ទីតាំង​ព្រះ​យុគន្ធរ​បានឈ្នះ​មេដាយមាស​នៅក្នុង​ការ​ប្រកួត​ជាស​កល​ផ្នែក​ព័ត៌មាន​​វិទ្យា​ឆ្នាំ ​២០២៣ លើ​វិញ្ញាសា ​eLife Map ​នៅ​ទីក្រុង​អា​ប៊ូ​ដា​​ប៊ី​សហព័ន្ធ​អារ៉ាប់​អេ​មី​រ៉ា​ត​ដែល​បានប្រកាស​លទ្ធផល​បេក្ខជន​ដែល​ទទួល​ជយលាភី​នៅ​ថ្ងៃទី ​២៧ ខែតុលា ឆ្នាំ ​២០២៣​។​

​កុមា​រា ច​ន​ពៅ ស៊ី​រ៉ាណូ កើត​នៅ​ថ្ងៃទី​ ២៦ កក្កដា ឆ្នាំ​ ២០០៨ នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ទីលំនៅ​នៅ​បឹងត្របែក​។​ នៅក្នុង​គ្រួសារ ស៊ី​រ៉ាណូ គឺជា​កូនពៅ​ដែលមាន បងប្អូន​ ២ ​នាក់​រួមមាន​ស៊ីរ៉ា​ណូ និង​បង​​ប្រុស ​១​ នាក់​ទៀត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​សព្វថ្ងៃនេះ ស៊ី​រ៉ាណូ កំពុងមាន​ពិការភាព​នៅលើ​ដៃ​ទាំង​សង​ខាង​របស់គេ​ដែល​ហាក់ដូចជា​មានការ​លំបាក​នៅក្នុង​ការ​ប្រកបការងារ​ប្រចាំថ្ងៃ​បន្តិច​​បន្តួច​ដែរ​។ ភាគច្រើន​មិត្តភក្តិ​របស់​ស៊ី​រ៉ាណូ​ថា គាត់​ជាម​នុស្ស​រួសរាយ​រាក់ទាក់ ស្រួល​នៅក្នុង​ការនិយាយ​ជាមួយគ្នា ងាយ​នៅក្នុង​ការពឹង​ពាក់​។ មុននឹង​ប្អូនប្រុស​បានធ្វើការ​ផ្លាស់​សា​លាមក​រៀន​នៅ​ស៊ីសុវត្ថិ​ជំនាន់​ថ្មី គឺ​ប្អូន​ធ្លាប់បាន​សិក្សា​នៅ​សាលារៀន​សុវណ្ណ​ភូមិ​។​

​នៅក្នុង​ថ្នាក់​វិញ​ប្អូនប្រុស​ម្នាក់នេះ​ មាន​អត្តចរិត​ស្ងាត់​ស្ងៀម​ពេល​ត្រឡប់​មកពី​ការ​សិក្សា​ដូច​ក្មេងប្រុស​ដទៃ​ដែរ​នៅផ្ទះ គឺ​ប្អូន​ចូលចិត្ត​អាន​សៀវភៅ​និង​លេង​ហ្គេម​ជាមួយ​មិត្តភក្តិ​។​ណាមួយ​ដោយសារតែ​ប្អូន​មាន​ពិការភាព​តាំងពី​កំណើត​ផង​ដូច្នេះ​ពេល​ទៅ​សាលា​រាល់ដង​នៅក្នុង​ការធ្វើដំណើរ​ទៅ​សា​​លា​រៀន គឺ​ប្អូន​មាន​ឪពុកម្តាយ​និង​សាច់ញាតិ​ជា​អ្នក​ជូន​មក​សាលារៀន​។​

​តាមរយៈ​ការសម្ភាស​ជា​​មួយ​យុវ​សិស្ស​ ស៊ី​រ៉ាណូ​បានឱ្យដឹងថា ការប្រកួត​ជាស​កល​ផ្នែក​ព័ត៌មានវិទ្យា (IT) នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​ ២៤ ដល់ទី​ ២៨ ខែតុលា ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​សហព័ន្ធ​អារ៉ាប់​អេ​មី​រ៉ា​ត​។ ពេល​ទៅ​ប្រកួត​ប្អូនប្រុស​បាន​ទៅជា​មួយ​សមាជិក​ក្រុម​និង​អ្នកដឹកនាំ​ ២​ នាក់​មកពី​ខាង​ក្រសួង​សង្គមកិច្ច អតីត​យុវជន​និង​យុវនីតិសម្បទា ដោយ​ពួក​គាត់​បាន​ទាក់ទង​មក​ខាង​ប្អូន​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ​។​

​នៅក្នុង​ការប្រកួត​វិញ្ញាសា​ eLife Map យុវ​សិស្ស​ស៊ី​រ៉ាណូ​បាន​លើកឡើងថា នៅក្នុង​ការ​ប្រកួត​នេះ​ខ្លួន​មាន​អាយុ​ក្មេង​ជាងគេ ដោយ​បេក្ខជន​ខ្លះទៀត​មាន​អាយុ​វ័យ​ខ្ទង់​ប្រហែល​ជាង​ ២០ ​ឆ្នាំ​អី តែ​យ៉ាងណាក៏ដោយ​កុមារា ១ ​រូបនេះ​បាន​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការ​ប្រ​​កួត​ដោយ​ប្រើ​ចំណេះ​បញ្ញា​របស់គេ​ដែរ​។​

​ប្អូនប្រុស​បាន​និយាយថា​៖ «​ការប្រកួត​បែប​ eLife Map​ ហ្នឹង​គឺជា​ការប្រកួត​ដែល​គេ​ឱ្យ​ប្រធានបទ​ ១ យើង​ត្រូវ​ស្វែង​​រក​ចម្លើយ ឬ​ព័ត៌មាន​ទាក់ទង​នៅក្នុង​ហ្នឹង​យើង​អាច​ប្រើ​​ប្រាស់​អី​ក៏​បានដែរ ដូចជា​វេ​ប​សាយ​កន្លែង​ស្វែងរក​ព័ត៌មាន​ Wikipedia អ៊ីចឹង​»​។​

​ក្រៅពីនេះ កុមារា​ ស៊ីរ៉ា​ណូ បានឱ្យដឹងថា ប្អូនប្រុស​ពិតជា​មាន​អារម្មណ៍​រំភើប​នៅពេលដែល​បាន​ចូលរួម​ការប្រកួត​មួយ​នេះ​។ ការត្រៀម​សម្រាប់​ការប្រឡង​មួយ​នេះ ប្អូនប្រុស​បានបញ្ជាក់​ថា ប្អូន​បាន​មើល​មេរៀន​ដោយ​ក្នុង ១ ​ថ្ងៃ ប្អូន​បាន​មើល​មេរៀន​យ៉ាងច្រើន ​១ ​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។ គន្លឹះ​សំខាន់ៗ​របស់​ប្អូនប្រុស​ដែល​ត្រៀមខ្លួន​នៅមុន​ពេល​ប្រឡង​គឺ​៖ «​ខ្ញុំ​មើលថា​តើ​ការប្រឡង​បែប​ម៉េច​ខ្ញុំ​បង្កើត​សំណួរ​ដូច​ហ្នឹង​ដែរ​ហើយ​ចាំ​ខ្ញុំ​ស្វែងរក​តាម​ហ្នឹង​»​។ 

​ក្រោយពី​ការប្រកួត​នេះ​ចប់​អ្វីដែល​ប្អូនប្រុស​បាន​រៀន​អំពី​ការប្រកួត​នេះ គឺ​ការខិតខំ​ប្រឹង​ប្រែង​ពិតជា​មាន​សារៈសំខាន់​ដែល​ធ្វើឱ្យ​ប្អូន​អាចមាន​សមត្ថ​ភាព​នៅក្នុង​ការទទួល​បាន​មេដាយមាស​នេះ​បាន​។ ប្អូន​​ប្រុស​បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​នៅពេល​ទទួលបាន​មេដាយ​»​។​

​ចាប់តាំងពី​ឆ្នាំ​ ២០១៤​ មកដល់​បច្ចុប្បន្ន​កម្ពុ​ជា​មិន​ធ្លាប់​បានទទួល​មេដាយមាស​នៅលើ​ការប្រកួត​នេះ​ទេ រហូត​ទាល់តែ​ប្អូនប្រុស ស៊ី​រ៉ាណូ ដែល​បច្ចុប្បន្ន​មាន​អាយុ​ ១៥​ឆ្នាំ​បាន​ដណ្តើមយក​មេដាយមាស​ជូន​ជាតិ​។ ការទទួលបាន​មេដាយ​មាស​នេះ​បានធ្វើឱ្យ​បេក្ខជន​ផ្សេងៗ​ដែល​ចូលរួម​ប្រកួត​មកពី​ប្រទេស​ផ្សេង​ដូចជា​ប្រទេស​​ថៃ វៀតណាម និង​ហ្វីលីពីន មានការ​កោតសរសើរ និង​ពិតជា​មិនគួរ​ឱ្យ​ជឿថា យុវ​សិស្ស​នៅ​កម្ពុជា​អាចមាន​សមត្ថភាព​ដណ្តើម​មេដាយមាស​បានទេ​។​

​ណាមួយ​ដោយសារតែ​ប្អូន​​ប្រុស​មាន​ភាព​វៃឆ្លាត​ពី​កំណើត​និង​មានចំណេះដឹង​ភាសា​អង់គ្លេស​ល្អប្រសើរ​ផងដែរ​។​ ជាក់ស្តែង​តាម​បញ្ជី​ឈ្មោះ​អ្នក​ជាប់​ជយលាភី​ដែល​ផ្តល់​ដោយ​ប្អូនប្រុស​ ស៊ី​រ៉ាណូ គឺ​នៅ​ក្នុងនោះ​មាន​ប្រទេស​ចំនួន ​៤​ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ​នៅលើ​វិញ្ញាសា ​eLife Map ក្នុង​ឆ្នាំ ​២០២៣​ នេះ មានដូចជា​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រទេស​កូរ៉េ​។​

​កុមារា​​ស៊ីរ៉ា​ណូ​ បានឱ្យដឹងថា​៖ «​មូលហេតុ​ដែល​ប្អូន​ជ្រើស​​រើសយក​មុខវិជ្ជា​IT ពីព្រោះថា​ IT តាំងពី​តូច​មក​ពេល​ប៉ះ​កុំ​ព្យូ​ទ័​រ ប៉ះ​ទូរស័ព្ទ​អី​គឺ​ចាប់អារម្មណ៍​ខ្លាំង អ៊ីចឹង​ចង់ដឹង​ច្រើន​យូរៗ​ទៅ​វា​ក៏​ចាប់ផ្តើម​ជា​ចំណាប់​​អារម្មណ៍​តាម​ហ្នឹង​ដែរ​»​។ ដោយ​​សារ​តែ​មូលហេតុ​នេះហើយ​ទើប​បណ្តាលឱ្យ ស៊ី​រ៉ាណូ មាន​គោលបំណង​ទៅ​ថ្ងៃ​អនាគត​គឺ​ចង់​ធ្វើ​ការរកស៊ី​ហើយនឹង​ចូល​ខាង​តិច​ណូ​ឡូ​ជី ជាពិសេស​គឺ​ខាង​ផ្នែក ​IT ហ្នឹង​ដែរ​។​

​លោក​ ស​ម្យ កំសាន្ត នាយក​​រង​សាលារៀន​ជំនាន់​ថ្មី​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​បាន​និយាយថា​៖ «​បានជា​សិស្សានុសិស្ស​ចាំបាច់​ត្រូវ​រៀន​មុខវិជ្ជា​IT​ហ្នឹង​ដោយសារ​មុខវិជ្ជា ​IT ជា​មុខ​វិ​​ជ្ជា​ស្នូល​មុខវិជ្ជា​គោល​នៅក្នុងពេល​បច្ចុប្បន្ន គឺ​ដូចជា​ទៅ​ពេលអនាគត ពីព្រោះថា​ពិភពលោក​យើង​ក្នុងពេល​បច្ចុប្បន្ន​អ្វីៗ​ដែល​យើង​ហៅថា​យុគសម័យ​ឌីជីថល​សម័យ​បច្ចេកវិទ្យា​ដូច្នេះ​សាលារៀន​ចាំបាច់​កែ​សម្រួល​កម្មវិធីសិក្សា​ដែល​អាចឱ្យ​សិស្ស​រៀន ​IT នេះ ឬ​កុំព្យូ​ទ័​រ​នេះ​បច្ចេកវិទ្យា​នេះ​តាំងពី​ថ្នាក់​ទី ​៧ ​តាំងពី​បឋមសិក្សា​មក​នោះ​ដោយសារ​ឆ្លើយតប​នឹង​បរិបទ​ពិភពលោក​»​។​

​លោកនាយក ស​ម្យ កំសាន្ត បាន​បន្តថា​៖ «​ម្យ៉ាងវិញទៀត​នៅក្នុង​យុគសម័យ​នេះ​កូន​សិស្ស​ត្រូវការ​ប្រើប្រាស់​ប​ច្ចេក​​វិទ្យា​ដើម្បី​ជួយ​គាំទ្រ​ការសិក្សា​របស់​ពួកគេ​។ តាម​បណ្តា​ប្រទេស​ជឿនលឿន បច្ចេកវិទ្យា​នេះ​បាន​ជួយ​ព​ន្លឿ​ន​ការសិក្សា​ស្រាវ​ជ្រាវ​ការរៀនសូត្រ​កាន់​តែមាន​ភាពត្រឹមត្រូវ និង​ភាព​ទូលំ​ទូលាយ​នៃ​ចំណេះដឹង​ប្រើពេល​វេលា​តិច​ ចំណេះដឹង​អាចជា​ក់​លាក់​អាច​ប្រាកដនិយម​ ដែល​មិនចាំបាច់​រង់ចាំ​លោកគ្រូ​-​អ្នក​គ្រូ​ប្រាប់ ​ឬក៏​បង្រៀន​ដោយផ្ទាល់​នោះទេ​។

ដូច្នេះ​នៅក្នុង​សាលា​ជំនាន់​ថ្មី​យើង​ការងារ​បង្រៀន ឬក៏​បញ្ជ្រាប​បច្ចេក​​វិទ្យា​វា​ជា​កត្តា​មួយ​ចាំបាច់​បំផុត​សម្រាប់​សិស្ស​យើង​ហើយ​ទាំង​​អស់នេះ​ក៏​បង្ហាញ​ពី​សារៈសំខាន់​ដែល​ពលរដ្ឋ​នីមួយៗ​ដែល​នឹង​ក្លាយទៅជា​មូលធន​មនុស្ស​ ឬក៏​ជា​កម្លាំង​អភិវឌ្ឍន៍​ប្រទេសមួយ​គឺ​ត្រូវតែមាន​ចំណេះដឹង​បច្ចេក​​វិទ្យា​នេះដែរ​»​។​

​តាម​ការលើកឡើង​រប​ស់លោក​ ស​ម្យ កំសាន្ត បានឱ្យដឹងថា នៅក្នុង​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​សម្រាប់​ការត្រៀម​សិស្ស​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​សាលា​បាន​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ឱ្យ​ខ្លាំង ឱ្យ​សិស្ស​ដឹង​អំពី​របៀប​នៅក្នុង​ការ​ចូលរួម​ប្រកួត ចេះ​ពី​របៀប​ស្រាវ​​ជ្រាវ​ដើម្បី​ត្រៀម​ទៅ​ប្រកួត​ដើម្បី​ជា​ចំណេះដឹង​របស់​ពួកគេ​ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ចំណេះ​​ដឹង​បទពិសោធន៍​ពី​បណ្តា​ប្រទេស​នានា​អំពី​ចំណេះដឹង​វប្បធម៌​ផងដែរ​។

សកម្មភាព​ដែល​សាលារៀន​ជំនាន់​ថ្មី​អនុ​វត្ត​ប្រចាំឆ្នាំ​នៅក្នុង​ការត្រៀមខ្លួន​ឱ្យ​សិស្សានុសិស្ស​ត្រៀម​ប្រកួត​នៅក្រៅ​ប្រទេស គឺ​តាម​​រយៈ​ការធ្វើ​សិក្ខា​សិលា​តម្រង់​​ទិស​ការបណ្តុះបណ្តាល​ក្លិប​កូនសិស្ស និង​លោកគ្រូ​ដើម្បីឱ្យ​យល់ដឹង​អំពី​សកម្មភាព និង​ការងារ​នៅ​អន្តរជាតិ​ដើម្បីឱ្យ​កូនសិស្ស​ស្វែងយល់​ធ្វើការ​ស្រាវជ្រាវ និង​ចូលរួម​។​

​ជាមួយគ្នានេះដែរ​សម្រាប់​សិស្សានុសិស្ស​ដែលមាន​បំណង​ចូលរួម​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ប្អូនប្រុស ច​ន​ពៅ ស៊ី​រ៉ាណូ បាន​ផ្តាំផ្ញើ​ថា​៖ «​សំ​ខាន់​ គឺ​ភាពក្លាហាន​ បើ​យើង​អត់​មាន​ភាពក្លាហាន​ទេ​យើង​ក៏​អត់​មាន​ឥទ្ធិពល​នៅក្នុង​ការ​ចូលរួម​ប្រកួត​ដែរ អ៊ីចឹង​ភាពក្លាហាន គឺ​សំខាន់​។ ចូល​ហ្នឹង​យើង​ត្រូវមាន​ភាពក្លាហាន​ការ​ដាក់ចិត្ត​ចូលរួម​ការខិតខំ​ប្រឹង​មើល​មេរៀន ខំប្រឹង​ដាក់ចិត្ត​ប្រឡង​ហ្នឹង​ដែរ​»​។​

​លោក កំសាន្ត ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣​ នេះ​សា​លា​រៀន​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រះ​​ស៊ីសុវត្ថិ​ទទួលបាន​មេដាយ​ចំនួន​ ៥៨៣​ មេដាយ ពានរង្វាន់​ចំនួន​ ២៤ ពាន និង​វិញ្ញាបនបត្រ​ចំនួន​ ១០៥​ សន្លឹក ទាំង​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​ដែល​បានមកពី​ការប្រកួត​នានា​ដូច​ជា ​World Scholar's Cup​ ឬ​ Math Competition ផ្សេងៗ​នៅតាម​បណ្តា​ប្រទេស​អន្តរ​ជាតិ រួមមាន​ប្រទេស​កូរ៉េ ថៃ សិង្ហ​បុរី អង់គ្លេស និង​អាមេរិក​ជាដើម​។

ជាមួយគ្នានេះដែរ​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ចុង​ក្រោយនេះ​ចាប់តាំងពី​ឆ្នាំ​សិក្សា​ ២០១៧ ​ដល់​ ២០២៣ សាលារៀន​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទទួល​​បាន​មេដាយ​សរុប​ចំនួន​ ១ ៨៦៧ ​មេដាយ​មកហើយ រួមមាន​មេដាយមាស មេដាយប្រាក់​ និង​មេដាយ​សំរឹទ្ធ​៕


កុ​សល​ សិរី​កន្យា​