ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់អនុសាសន៍ ១០ ចំណុច លើ «ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០២៤-២០២៨» ដែលជាមូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់់កិច្ចពិភាក្សាដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជា។
ការផ្តល់នូវអនុសាសន៍នេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ដែលមានការចូលរួមពីលោក Oktavianto Pasaribu នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ រួមនឹងមន្ត្រីសហជីព និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក ហេង សួរ ថ្លែងថា ៖ «អនុសាសន៍ទាំងនេះនឹងធ្វើឱ្យប្រសើរឡើង នូវវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជាដែលស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលដែលបានប្រកាសដាក់ចេញតាំងពីដើមអាណត្តិ»។
អនុសាសន៍ទាំង ១០ ចំណុចនោះរួមមាន៖ ១ ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើប្រសិទ្ធភាពការងាររបស់ប្រតិបត្តិកររបស់ក្រសួង។ ២ ការបង្កើតអនុលោមភាពលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព (OSH), ៣ ការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ (ក្រុមប្រឹក្សាអាជ្ញាកណ្តាល), ៤ ការពង្រីកវិសាលភាព បេឡាសន្តិសុខសង្គម, ៥ ពលករទេសន្តរប្រវេសន៍។ ៦ ការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ,៧ កាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម,៨ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅ ១,៥ លាននាក់, ៩ ការលើកកម្ពស់យេនឌ័រដល់កម្មករនិយោជិតជាស្ត្រី តាមគោលការណ៍សមធម៌និង ១០ ការពង្រឹងយន្តការត្រីភាគី។
លោក ហេង សួរ បញ្ជាក់ថា៖ «ខ្ញុំរំពឹងថា ការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២៤-២០២៨នេះ នឹងឈរលើការពិភាក្សា ដែលយកនូវឧត្តមប្រយោជន៍របស់កម្មករនិយោជិតប្រមាណ ១០ លាននាក់នៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់ធាតុចូលក្នុងផែនការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល»។
បើតាមឯកសារទស្សនទាន សិក្ខាសាលានេះ គឺជាការពិនិត្យឡើងវិញនៃកម្មវិធីការងារសមរម្យប្រចាំប្រទេសម្ពុជា (DWCP ២០១៩-២០២៣) ដែលត្រូវបានអនុវត្ត ដើម្បីជាធាតុចូលក្នុងការពិនិត្យមើល អ្វីដែលបានដំណើរការនិងមិនបានដំណើរការ និងចំណុចគួរកែលម្អ ឬបន្តអនុវត្តសម្រាប់កម្មវិធីនេះបន្ទាប់ ក្នុងគោលបំណងគាំទ្រដល់ការរៀនសូត្រ និងជម្រាបជូនពីការសម្រេចចិត្តពាក់ព័ន្ធនឹងការរចនាកម្មវិធី DWCP ឆ្នាំ ២០២៤-២០២៨៕