ភ្នំពេញៈ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំង ២៥ រាជធានី-ខេត្ត ក្នុងពេល ១១ ឆ្នាំមកនេះ បានជាង ១ ៧០០ លើកជូនពលរដ្ឋប្រមាណ ១៣ លាននាក់។
យោងរបាយការណ៍របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ឱ្យដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា ក្នុងរយៈពេល ១១ ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ ២០១២ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តមានសមាជិក-សមាជិកាចំនួន ១២ ០៦៩ នាក់ បានចុះអប់រំផ្សព្វផ្សាយបង្ការជំងឺកូវីដ ១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សម្រាប់ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះបើគិតក្នុងរយៈពេល ១១ ឆ្នាំ នៅទូទាំង ២៥ រាជធានី-ខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះបានចំនួន ១ ៧៦១ លើក ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១៣ ១២៧ ១៧៥ នាក់ ក្នុងនោះស្ត្រីមានចំនួន ៦ ៧១៣ ៣៧៣ នាក់។
ប្រភពដដែលបញ្ជាក់ថា៖ «បើគិតសេវាជាមធ្យមប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយទៅការពិនិត្យ និងព្យាបាលអស់ ៥០ ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៦ ៣ ៥៨ ៧៥០ ដុល្លារអាមេរិក»។
ទាក់ទងនឹងការចុះពិនិត្យ និងព្យាបាលដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នេះដែរលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២០ ខែវិច្ឆិកាថា ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ តែងតែទន្ទឹងរង់ចាំការចុះមកពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ ខណៈដែលថ្មីៗនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទើបតែបានចុះផ្ដល់ថ្នាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
លោកបន្តថា តាមរយៈសាររបស់ប្រជាពលរដ្ឋ គឺតែងតែចង់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បន្តសកម្មភាពចុះពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃនេះជាបន្តបន្ទាប់ទៀត ជាពិសេសគឺការចុះទៅតំបន់ដែលដាច់ស្រយាល ព្រោះនៅខេត្តព្រះវិហារ តំបន់ដែលមានប្រជាពលរដ្ឋរស់នៅ គឺនៅឆ្ងាយៗពីសេវាសុខាភិបាល។
លោកថ្លែងថា៖ «ក្នុងនាមយើងជាអាជ្ញាធរខេត្ត យើងក៏តែងតែសំណូមពរឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តនានា ចុះមកព្យាបាល និងពិនិត្យនៅជិតកន្លែងប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាល ដោយសារយើងនៅនេះ បងប្អូនប្រជាពលរដ្ឋគាត់មិនសូវយល់ច្រើនលើការប្រើថ្នាំពេទ្យ ប៉ុន្តែបើសិនគាត់ចុះមកច្រើន គឺដូចជាបានផ្សព្វផ្សាយឱ្យគាត់ងាកមកព្យាបាលបែបសម័យវិញដែរ»។
បើតាមលោក ណុប វុទ្ធី ការចុះមកពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺមានសារៈសំខាន់ និងផ្ដល់ប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកក្នុងកាត់បន្ថយអត្រាមរណៈបានមួយផ្នែក កាត់បន្ថយបានអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋទៅលើការចំណាយព្យាបាលសុខភាពជាដើម។ វាក៏ជាការរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយការព្យាបាលបែបបុរាណ ជំនឿអរូបី ដោយងាកមកប្រើប្រាស់សេវាព្យាបាលបែបសម័យមក វិញផងដែរ។
ចំណែក លោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពថ្លែងថា ទោះបីជាអ្នកនយោបាយ ឬសប្បុរសជនក៏ដោយ ឱ្យតែមានការរៀបចំកម្មវិធីចុះព្យាបាលប្រជាពលរដ្ឋដោយមិនគិតថ្លៃ វាសុទ្ធតែជារឿងល្អ ព្រោះប្រជាពលរដ្ឋកំពុងបារម្ភអំពីសុខភាពដែលមិនមានលទ្ធភាពក្នុងការទៅព្យាបាលនៅមន្ទីរពេទ្យ។
លោកថ្លែងថា៖ «ដូច្នេះនៅពេលបានក្រុមគ្រូពេទ្យដែលចុះជួយមើល ពិនិត្យ និងព្យាបាលជំងឺដែលមិនគិតថ្លៃអ៊ីចឹង គឺពួកគាត់សប្បាយ ជាពិសេសសហគមន៍ដែលក្រីក្រនៅតាមមូលដ្ឋានពួកគាត់មិនមានលទ្ធភាពមកព្យាបាលនៅមន្ទីរពេទ្យទេ។ ប្រសិនជាមានការចុះទៅពិនិត្យ ព្យាបាលកាន់តែច្រើន និងធ្វើជាបន្តទៀតនោះកាន់តែល្អប្រសើរ»។
លោក យង់ គិមអេង លើកឡើងថា ទន្ទឹមនឹងនេះដែរក៏គួរតែមានការរៀបចំឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចែករំលែកបទពិសោធន៍ក្នុងការចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទៅដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពដើម្បីឱ្យមណ្ឌលសុខភាពមានសមត្ថភាពបម្រើសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀត៕