ភ្នំពេញៈ ក្នុងរយៈពេលជាង ២ ខែនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានខេត្តចំនួន ១៣ និងស្ថាប័នចំនួន ៥ បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងបរិស្ថានដោយមានអ្នកចូលរួមក្នុងយុទ្ធនាការផ្ទាល់ប្រមាណ៣ លាននាក់ ខណៈយុទ្ធនាការនេះនឹងបន្តធ្វើទូទាំងប្រទេស។
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត និងចាប់ផ្តើមអនុវត្តឡើងកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដោយគិតត្រឹមថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានរយៈពេលជាង ២ ខែមកហើយដោយមានខេត្តចំនួន ១៣ អង្គការចំនួន២ សមាគមចំនួន ២ ព្រមទាំងកាកបាទក្រហមកម្ពុជាបានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយគ្នាក្រសួងបរិស្ថាន។
យោងតាមក្រសួងបរិស្ថានសម្រាប់ខេត្តចំនួន ១៣ ដែលបានចុះ MoU ជាមួយក្រសួងបរិស្ថានរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ កណ្តាល ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ ជាដើម។
ចំណែកអង្គការ សមាគមដែលចុះ MoU រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) សមាគមកាយឫទ្ធីនារីកម្ពុជា និងសហភាពសហ័ន្ធយុវជនកម្ពុជា។
លោក អ៊ាង សុផល្លែត បានលើកឡើងនៅក្នុងពិធីចុះ MoU រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន ៦ រួមនឹងសមាគមកាយឫទ្ធីនារីកម្ពុជា និងសហភាពសហ័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកាថា កន្លងមកក្រសួងបានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការនេះដែលបានបញ្ជ្រាបទៅដល់ពលរដ្ឋទូទាំងប្រទេសតាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖ «យុទ្ធនាការនេះបាននិងកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឱ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខ»។
លោករដ្ឋមន្ត្រីក៏បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងនៅចងចាំជានិច្ចចំពោះការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច ១ ថ្ងៃ និងពង្រីកទៅ ២ ថ្ងៃ ៣ ថ្ងៃ ឬ ៤ ថ្ងៃ ក្នុង ១ សប្តាហ៍ ដើម្បីឱ្យសាលារៀន លំនៅស្ថាន និងភូមិ-ឃុំ គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។
អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បានថ្លែងនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា សម្រាប់ខេត្តព្រះសីហនុមានឆន្ទៈពិតប្រាកដក្នុងការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថានជាពិសេសក្នុងកិច្ចការងាររួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
លោកបានថ្លែងថា៖ «យើងដឹងថាការប្រើប្រាស់ថង់ឬផលិតផលប្លាស្ទិកមិនអាចចៀសផុតបានទេក្នុងសម័យបច្ចុប្បន្ន ប៉ុន្តែដើម្បីការពារបរិស្ថាន យើងចាំបាច់រួមគ្នាកាត់បន្ថយប្លាស្ទិកជាអតិបរិមាណដែលអាចធ្វើទៅបាន»។
លោកបានបន្តថា ខេត្តព្រះសីហនុ ក្នុងចំណោមខេត្តផ្សេងទៀតនៅជាប់សមុទ្រដែលកន្លងមកឃើញថា សំណល់ថង់ប្លាស្ទិកបានបំពុលបរិស្ថាននៅក្នុងសមុទ្រនេះច្រើនណាស់ដែលទាមទារឱ្យមានការយកចិត្តដាក់ខ្ពស់ក្នុងការថែរក្សាបរិស្ថាន និងការបន្ថយប្លាស្ទិក។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា៖ «ដើម្បីថែរក្សាបរិស្ថាន សុខុមាលភាពរបស់មនុស្សជាតិ ក៏ដូចជាសត្វសមុទ្រ យើងនឹងធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយអប់រំទៅដល់គោលដៅមួយចំនួនដូចជាយុវជន សិស្សានុសិស្ស អាជីវករក៏ដូចជាសហគមន៍មូលដ្ឋានឱ្យបានយល់ដឹងពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក»។
បើតាមហ្វេសប៊ុកក្រសួងបរិស្ថាន យុទ្ធនាការនេះបាននិងកំពុងទទួលការគាំទ្រនិងការចូលរួមអនុវត្តពីគណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានីខេត្ត ជាបន្តបន្ទាប់។
ជាក់ស្តែង គិតត្រឹមថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានអ្នកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការនេះសរុបចំនួនជិត ៣ លាន អង្គ/នាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូ មានចំនួន ជាង ១១ ម៉ឺននាក់ សិស្សានុសិស្ស សរុបជាង ២,៨ លាននាក់នៃសាលារៀនចំនួន ៦ ៦១៩ សាលា និងកម្មករនិយោជកព្រះសង្ឃនិងប្រជាពលរដ្ឋនៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។
ចំណែកអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក៏បានឱ្យដឹងដែរថា តាមរយៈការអនុវត្តយុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះ អាជ្ញាធរខេត្តបានផ្សព្វផ្សាយទៅដល់ពលរដ្ឋនៅតាមគោលដៅបានជាង ៣ម៉ឺននាក់ហើយ និងកំពុងធ្វើជាបន្តបន្ទាប់ដែរ។
លោកថា៖«គោលដៅរបស់យើងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ រោងចក្រ សហគ្រាសទាំងអស់ ធ្វើយ៉ាងណាឱ្យគាត់ចូលរួមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកឱ្យបានជាអតិបរមា»។
សូមបញ្ជាក់ថា ការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និង សុខុមាលភាព មនុស្ស សត្វលើភពផែនដី។ មកទល់ឆ្នាំ ២០២២ នៅទូទាំងពិភពលោកបានផលិត និងប្រើប្រាស់សម្ភារប្លាស្ទិក ជាង ៩,៥ ពាន់លានតោន ក្នុងអត្រាកំណើន ៣ភាគរយ ជារៀងរាល់ឆ្នាំ។
ក្រោយពីការប្រើប្រាស់សំណល់ប្លាស្ទិកប្រមាណ៩ភាគរយ នៃបរិមាណសំណល់ប្លាស្ទិកសរុប ដែលបានយកមកកែច្នៃផលិតឡើងវិញ រីឯសំណល់ប្លាស្ទិក៩១ភាគរយទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភព ទឹក ហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង៨លានតោនក្នុង១ឆ្នាំ។
ដោយឡែកនៅកម្ពុជា កត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គមនិងការរស់នៅបានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិកមានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដោយប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម៤ថង់ក្នុង១ថ្ងៃ គឺប្រមាណជា៥៥លានថង់ប្លាសិកប្រើប្រាស់ក្នុង ១ ថ្ងៃនៅកម្ពុជា៕