ស្ទឹងត្រែងៈ ក្រុមអ្នកអភិរក្សអង្គការ USAID មរតកបៃតង បានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ដែលជាសត្វផុតពូជ ១ ក្បាល នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែកញ្ញា ឆ្នាំ ២០២៣ ខណៈពលនេះមន្ត្រីជំនាញ និងអង្គការដៃគូកំពុងយកចិត្តទុកដាក់ថែរក្សាការពារ និងអភិរក្ស។
យោងតាមហ្វេសប៊ុកនៃអង្គការ USAID MorodokBaitang-មរតកបៃតង នៅថ្ងៃទី ១៧ ខែវិច្ឆិកា បានផ្សព្វផ្សាយថា ការប្រទះឃើញអណ្ដើកនេះ គឺជាដំណឹងដ៏ភ្ញាក់ផ្អើល និងរំភើបដោយសារតែសត្វនេះ ជាប្រភេទសត្វជិតផុតពូជបំផុត។ អណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើក ដែលរស់នៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។
អង្គការដដែលបានបន្តថា៖«សត្វនេះ ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុត ដោយសារការថយចុះចំនួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូលអណ្ដើកនេះ ធ្វើជាឱសថបុរាណពាណិជ្ជកម្មសត្វចិញ្ចឹម និងជាអាហារជាដើម»។
បើតាមអង្គការ USAID មរតកបៃតងអណ្ដើកភ្នំ ឬអណ្តើកព្រិចជាប្រភេទសត្វស៊ីសាច់ និងរុក្ខជាតិជាអាហារ។ ដោយឡែកអាហារចម្បងរបស់សត្វអណ្តើកនេះ រួមមានដូចជាស្លឹកឈើ ផ្លែឈើ ផ្សិត និងសត្វឥតឆ្អឹងខ្នងជាដើម។ អណ្ដើកភ្នំឬអណ្តើកព្រិចភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ និងកម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់។
អណ្តើកប្រភេទនេះ ភាគច្រើនធ្វើសកម្មភាពនៅពេលព្រឹកព្រលឹមឬពេលព្រលប់ ហើយក្នុងរដូវវស្សាសត្វប្រភេទនេះតែងតែសកម្មជាងធម្មតា។
ប្រភពដដែលបញ្ជាក់ថា៖«អណ្ដើកព្រិចត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុតដោយសារតែការថយចុះចំនួនរបស់វាជាច្រើន ដែលបណ្តាលមកពីការបាត់បង់ទីជម្រកនិងការប្រមូលអណ្ដើកព្រិចធ្វើឱសថបុរាណពាណិជ្ជកម្មសត្វចិញ្ចឹម និងជាអាហារ»។
អង្គការ USAID មរតកបៃតងបន្តថា៖«ការបង្ហាញខ្លួននៃប្រភេទសត្វជិតផុតពូជបំផុតនេះតែងតែធ្វើឱ្យយើងភ្ញាក់ផ្អើលនិងរំភើបណាស់។ ចូលរួមជាមួយយើង!ការពារជម្រករបស់ពួកវានិងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់!»។
ទាក់ទិននឹងការប្រទះឃើញអណ្ដើកភ្នំឬអណ្ដើកព្រិច ១ ក្បាល ដែលជាសត្វជិតផុតពូជនេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រាប់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា អណ្តើក ១ ក្បាលនេះ ត្រូវបានប្រទះឃើញកាលពីយូរហើយ តែបច្ចុប្បន្នទាំងមន្ត្រី និងអង្គការដៃគូកំពុងយកចិត្តទុកដាក់អភិរក្ស និងការពារជាប្រចាំ ដោយខ្លាចក្រែងមានជនល្មើសទៅបំផ្លិចបំផ្លាញ។
លោកស្រេង ជាហេង បានប្រាប់ថា មិនមែនតែយកចិត្តទុកដាក់លើការការពារនិងអភិរក្សលើសត្វអណ្តើកប្រភេទនេះមួយនោះទេគឺក្រុមមន្ត្រីនិអង្គការដៃគូបានយកចិត្តទុកដាក់ទៅលើការអភិរក្សនិងការពារជីវចម្រុះគ្រប់ប្រភេទ ឱ្យតែស្ថិតនៅក្នុងតំបន់ការពាររបស់កម្ពុជា។
លោកបានថ្លែងថា៖ «រាល់ថ្ងៃនេះ យើងបានយកចិត្តទុកដាក់ការពារមែនទែន ទៅលើប្រភេទសត្វដែលជិតផុតពូជ ហើយអណ្តើកនេះមានតែនៅក្នុងតំបន់ការពារឧទ្យានជាតិវីរជ័យហ្នឹងទេ ហើយមិនមែនមានតែសត្វអណ្តើកហ្នឹងទេ គឺមានសត្វផ្សេងទៀតដូចជាពពួកសត្វឈ្លូសយក្ស និងសត្វផ្សេងៗ កំពុងតែបន្តដាក់កាមេរ៉ាសុវត្ថិភាព ចាប់សត្វទាំងអស់ហ្នឹង ដើម្បីងាយស្រួលការពារ និងអភិរក្ស»។
យោងតាម អង្គការ Wonders of The Mekong បានពន្យល់ថា អណ្តើកភ្នំឬអណ្ដើកព្រិច ឬត្រូវបានគេស្គាល់ម្យ៉ាងទៀតថាជាអណ្តើកពណ៌លឿង គឺជាសត្វល្មូនដែលងាយ នឹងផុតពូជ និងមានដើមកំណើតនៅតំបន់ព្រៃអាស៊ីអាគ្នេយ៍និងវាលស្មៅរួមទាំងនៅប្រទេសកម្ពុជា ផងដែរ។ សត្វគួរឱ្យស្រឡាញ់ទាំងនេះ ត្រូវបានគេស្គាល់តាមរយៈស្នូកដ៏ស្រស់ស្អាតនិងពណ៌របស់វា ដែលអាចមានពណ៌ខ្មៅរហូតដល់ត្នោតស្រាល។
សត្វប្រភេទនេះអាចមានទម្ងន់ដល់ ៣,៥ គីឡូក្រាមនិងប្រវែង ៣០ ស.ម ហើយត្រូវបានគេចាត់ទុកថាជាសត្វអណ្តើកដែលមានទំហំមធ្យម។ នៅពេលដល់រដូវកាលបន្តពូជច្រមុះសត្វអណ្តើកឈ្មោល ចាប់ផ្ដើមប្រែពណ៌ផ្កាឈូក ដើម្បីទាក់ទាញសត្វញី។ សត្វញីអាចទម្លាក់ពងរហូតដល់ ១០ ពង ក្នុង ១ លើក៕