ភ្នំពេញៈកាយសម្ព័ន្ធ ជាប្រភេទកីឡាមួយ ដែលត្រូវបាននាំចូលមកប្រទេសកម្ពុជា នៅឆ្នាំ១៩៦៨ ប៉ុន្តែត្រូវបានបាត់បង់ទៅវិញទាំងស្រុងចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ដែលប្រភេទកីឡាផ្សេងៗទៀត ក៏ត្រូវបានរលាយដូចផេះផង់ផងដែរ។
ទោះយ៉ាងនេះក្តី ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ធនធានមនុស្សក្នុងប្រភេទកីឡាកាយសម្ព័ន្ធ ដែលនៅមានជីវិត បានខិតខំបង្កើតសហព័ន្ធកីឡាមួយនេះ រហូតដល់មានការទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងទទួលបានការអនុញ្ញាតឱ្យធ្វើសកម្មភាពពីក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ១៩៨៥ និងមានការទទួលស្គាល់ជាផ្លូវការពីសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ នៅឆ្នាំ១៩៩៤។
ជាមួយការវិវឌ្ឍនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានប្រធានតែ ២ នាក់ ប៉ុណ្ណោះ គឺទី១ លោក កែវ ថុន ដែលបានប្រឹងប្រែងកៀរគរ និងបង្កើតឱ្យមានប្រភេទកីឡានេះឡើងវិញ ជាមួយគ្រូបង្វឹកចាស់ៗមួយចំនួនទៀត នៅក្នុងទសវត្សរ៍ឆ្នាំ៨០ ហើយបន្ទាប់មកអម្រែកនេះ បានធ្លាក់មកលោក ថោង ខុន រហូតមកទល់បច្ចុប្បន្ន។
ជាគ្រូបង្វឹកដំបូង ដែលបានបង្ហាត់សិស្សរាប់រយនាក់ នៅក្នុងស្តាតចាស់ អ្នកស្រី ពេជ្រ យូ បានអះអាងថា កីឡាកាយសម្ព័ន្ធត្រូវបានបង្កើតឱ្យមានឡើងវិញនៅក្នុងប្រទេសកម្ពុជា ដោយបាតដៃទទេ និងបានឆ្លងកាត់ការលំបាករាប់មិនអស់ ទម្រាំប្រភេទកីឡានេះអាចបង្កើតបានប្រវត្តិសាស្ត្រ ឈ្នះមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ផ្សេងៗទៀតនៅលើឆាកអន្តរជាតិជូនប្រទេសជាតិក្រោមផែនការដឹកនាំដ៏ត្រឹមត្រូវរបស់លោកទេសរដ្ឋមន្ត្រី ថោង ខុន និងមានលោក ណយ ផាណា ជាអគ្គលេខាធិការ។
អ្នកស្រី ពេជ្រ យូ ដែលធ្លាប់ហាត់កីឡាកាយសម្ព័ន្ធ តាំងពីឆ្នាំ១៩៦៧ នោះ បានរៀបរាប់ថា អ្នកស្រី និងអ្នកស្រី ទេព ក្រឹតសាសនា បានក្លាយជាគ្រូបង្វឹកកីឡាកាយសម្ព័ន្ធមុនគេ បន្ទាប់ពីប្រភេទកីឡានេះ ត្រូវបានបង្កើតឱ្យមានវិញក្នុងអំឡុងឆ្នាំ១៩៨១ នៅស្តាតចាស់ មុនពេលផ្លាស់មកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កាលនោះ មានសិស្សានុសិស្សរាប់រយនាក់ បានមកហ្វឹកហាត់ ហើយគ្រូបង្វឹកមួយចំនួនទៀត ក៏បានចូលខ្លួនមកជួយបង្ហាត់ទៅតាមវេនជាបន្តបន្ទាប់ ដោយការស្ម័គ្រចិត្ត។
គ្រូបង្វឹកកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិក អ្នកស្រី ពេជ្រ យូ បានបញ្ជាក់ថា៖ «កាលនោះ យើងបានកៀរគរក្មេងកំព្រា នៅតាមសាលាឱ្យមកហ្វឹកហាត់ ហើយបន្ទាប់មកមានសិស្សានុសិស្សជាង ១០០ នាក់ បានចាប់អារម្មណ៍ មកហ្វឹកហាត់ដែរ ហើយទាំងអ្នកបង្វឹកនិងសិស្សមកហាត់សុទ្ធតែត្រូវបានធ្វើឡើងដោយការស្ម័គ្រចិត្តនិងការស្រឡាញ់។ គ្មានអ្នកណាទទួលបានចំណូលពីការហ្វឹកហាត់ និងការបង្វឹកដូចសម័យនេះទេ»។
ទោះបីជាយ៉ាងណា ដោយសារការហ្វឹកហាត់កីឡាកាយសម្ព័ន្ធ មានការពិបាកខ្លាំង និងប្រឈមទៅនឹងការមានរបួស ហើយឪពុកម្តាយ ក៏មិនគាំទ្រផងនោះ បានធ្វើឱ្យចំនួនអ្នកហ្វឹកហាត់ មានការថមថយជាបន្តបន្ទាប់ ពីប្រមាណ១២០នាក់ មកសល់ត្រឹម ១៦ នាក់ និងចុងក្រោយសល់៦នាក់ បន្ទាប់ពីគ្រូជំនាញមកពីវៀតណាមបានមកបង្វឹកតាមលក្ខណៈអាជីពនៅចុងឆ្នាំ១៩៨៤ និងដើមឆ្នាំ១៩៨៥។
អ្នកស្រី ពេជ្រ យូ បានបញ្ជាក់ថា៖ «ការហ្វឹកហាត់កីឡាកាយសម្ព័ន្ធ មានការពិបាកខ្លាំងណាស់ ហើយកីឡានេះ ត្រូវបានបង្កើតឱ្យមាននៅកម្ពុជា ដោយចាប់ផ្តើមពីបាតដៃទទេ និងបានឆ្លងកាត់ការពិបាករាប់មិនអស់។ មានតែអ្នកហ៊ានលះបង់ដោយក្តីស្រឡាញ់ និងស៊ូប៉ុណ្ណោះ ទើបអាចទ្រាំបាន»។
ស្ត្រីមានវ័យ ៧០ ឆ្នាំ រូបនេះ បានបន្ថែមថា៖ «ឯកឧត្តម ណយ ផាណា ជាសិស្សរបស់ខ្ញុំតែម្នាក់គត់ ដែលបានស៊ូទ្រាំលើការងារនេះ រហូតមកទល់បច្ចប្បន្ន។ គាត់មានការប្រឹងប្រែង និងលះបង់ច្រើន ក្នុងការជួយអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ក្នុងនាមជាអគ្គលេខាធិការ ហើយខ្ញុំពិតជាមានមោទនភាព ក្នុងនាមព្រឹទ្ធាចារ្យកីឡាម្នាក់ ដែលកីឡាកាយសម្ព័ន្ធបង្កើតបានសមិទ្ធផលថ្មី សម្រាប់ជាប្រយោជន៍ជាតិ គឺខ្ញុំមិននឹកស្មានថា ប្រភេទកីឡានេះអាចមានការរីកចម្រើនដូចពេលនេះទេ»។
ក្នុងនាមជាអតីតកីឡាករ ដែលបានចូលហាត់កីឡាកាយសម្ព័ន្ធ នៅក្នុងអំឡុងឆ្នាំ១៩៨១ ហើយបានឆ្លងកាត់តួនាទីជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា តាំងពីអាណត្តិទី១ រហូតមកទល់បច្ចុប្បន្នលោក
ណយ ផាណា បានអះអាងថា ការហ្វឹកហាត់កីឡាកាយសម្ព័ន្ធពិតជាមានការពិបាកខ្លាំង ប៉ុន្តែការតស៊ូមកទល់ពេលនេះ ដោយសារតែការស្រឡាញ់។
លោក ណយ ផាណា បានបញ្ជាក់ថា៖ «ការទទួលបានជោគជ័យរបស់យើងមកទល់ពេលនេះ មានភាពល្វីងជូរចត់នៅពីក្រោយច្រើន ប៉ុន្តែដូចអ្វីដែលខ្ញុំតែងតែធ្លាប់និយាយ គឺយើងត្រូវប្រែក្លាយការប្រឈមមកជាឱកាស។ យើងបានប្រឹងប្រែងពីបាតដៃទទេទាំងអស់គ្នា ហើយអ្វីដែលសំខាន់ ក្នុងអាណត្តិទី៦ យើងទទួលបានជោគជ័យធំបំផុតសម្រាប់ប្រទេសជាតិរបស់យើង»។
លោកបានឱ្យដឹងទៀតថា គិតមកទល់ពេលនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានក្លិបជាសមាជិកចំនួន៨ ក្នុងនាមមានក្លិប៧មករាសែនជ័យ (ក្រសួងមហាផ្ទៃ) ក្លិបក្រសួងការពារជាតិ ក្លិបហ្សាក់កឹះម៉ាញខេត្តក្រចេះ ក្លិបកំពង់ក្តារខេត្តកំពង់ឆ្នាំង ក្លិបកំពង់ត្រឡាចលើកំពង់ឆ្នាំង ក្លិបកៀនរកាកំពង់ឆ្នាំង ក្លិបបឋមសិក្សាសាលាលេខ៥កំពង់ឆ្នាំង និងក្លិបសាលាបាក់ទូក ភ្នំពេញ ដែលមានអត្តពលិកសរុបចន្លោះពី១៥០នាក់ដល់ជិត២០០នាក់។
ជាមួយគ្នានេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទើបតែរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ (២០១៩-២០២៣) និងលើកទិសដៅសកម្មភាពការងារបន្តទៅអាណត្តិទី៧ (២០២៣-២០២៧) នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ហើយក្នុងនោះ អង្គមហាសន្និបាត បានបន្តបោះឆ្នោតគាំទ្រ លោក ថោង ខុន ឱ្យធ្វើជាប្រធានសហព័ន្ធ។
ចំណែកលោកសុខ ហុង ជាអនុប្រធាន លោក ណយ ផាណា ជាអគ្គលេខាធិការ លោក មាស សារ៉េត ជាអគ្គលេខាធិការរង លោក ខៀវ ចិន្តា ជាអគ្គហេរញ្ញិក។ រីឯលោក អៀម វ៉ាងឌុល លោក ជុំ រ៉ាទី អ្នកស្រី ពេជ្រ យូ និងអ្នកស្រី ដួង សាមៃ ក៏បន្តធ្វើជាសមាជិក ហើយអ្នកស្រី ស្រ៊ុន សុខអូន និងលោក ឆាយ សុភាព ជាសមាជិកថ្មី ដែលទើបត្រូវបានដាក់នៅក្នុងអាណត្តិទី៧នេះ។
ជាមួយការគាំទ្រឱ្យបន្តធ្វើជាប្រធានសហព័ន្ធនេះ លោកទេសរដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកអាណត្តិទី៦ ជាអាណត្តិដ៏ជោគជ័យដែលកាយសម្ព័ន្ធបង្កើតបានស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ នៅក្នុងការប្រកួតស៊ីហ្គេម ជាប្រវត្តិសាស្ត្រ រួមទាំងការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនទៀត ពីការប្រកួត នៅលើឆាកអន្តរជាតិ។
លោកបានថ្លែងថា៖ «ក្នុងនាមជាប្រធានសហព័ន្ធ ខ្ញុំមានការរីករាយណាស់ ដោយសារតែសហព័ន្ធរបស់យើងមានការខិតខំប្រឹងប្រែងខ្លាំងណាស់ ទាំងមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងក្មួយៗជាកីឡាករ កីឡាការិនី ដែលបាននាំមកនូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើនជូនប្រទេសជាតិ ហើយនេះរបត់ថ្មីមួយរបស់សហព័ន្ធយើង»។
ចំពោះសមិទ្ធផលដែលក្រុមអត្តពលិកកីឡាកាយសម្ព័ន្ធ ទទួលបានក្នុងអាណត្តិទី៦នេះ គឺពួកគេឈ្នះបានមេដាយប្រាក់៣ សំរឹទ្ធ១ ពីការប្រកួត KOREA OPEN ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ហើយអ្វីដែលពិសេសបំផុតនោះ ក្រុមកាយសម្ព័ន្ធ បានឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាប្រវត្តិសាស្ត្រលើកដំបូង។
យ៉ាងណាមិញ សម្រាប់ការធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កាលពីខែឧសភា ក្រុមកីឡាកាយសម្ព័ន្ធបានថមថយចំនួនមេដាយប្រាក់ ដោយពួកគេបានត្រឹមមេដាយប្រាក់១ និងសំរឹទ្ធ៣។ ប៉ុន្តែបទពិសោធន៍នៃការប្រកួតនេះ បានជួយឱ្យក្រុមកាយសម្ព័ន្ធ ទៅដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ ពីការប្រកួតជើងឯកអាអេរ៉ូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ នៅម៉ុងហ្គោលី ខណៈការប្រកួតជើងឯកអាអេរ៉ូប៊ិកអាស៊ី លើកទី៧ ឆ្នាំ២០២២ នៅថៃ ពួកគេបានមេដាយប្រាក់២ និងសំរឹទ្ធ១។
ជាមួយលទ្ធផលនេះ លោក ថោង ខុន បានបញ្ជាក់ថា៖ «បើទោះបីជាយើងមិនដណ្តើមបានមេដាយមាស ពីការប្រកួតស៊ីហ្គេម ប៉ុន្តែវាក៏ជាមោទនភាពមួយដែលយើងបានមេដាយប្រាក់ និងសំរឹទ្ធ គឺយើងបានបង្កើតនូវអ្វី ដែលយើងមិនធ្លាប់បានទទួល ហើយនេះជាមូលដ្ឋានមួយដែលបានជួយឱ្យក្រុមកាយសម្ព័ន្ធរបស់យើងទៅដណ្តើមបានមេដាយមាសជើងឯកអាស៊ី នៅម៉ុងហ្គោលី»។
ទន្ទឹមនឹងនេះ លោក ណយ ផាណា បានអះអាងថា សមិទ្ធផលថ្មីៗទាំងនេះវាបានកើតមានឡើងក្រោមការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្នាទាំងពីសម័យមុន រហូតមកទល់បច្ចុប្បន្ន ជាពិសេសក្នុងអាណត្តិទី៦ ដោយសហព័ន្ធបានបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងគ្រូបង្វឹកឱ្យក្លាយជាគ្រូបង្វឹកនិងចៅក្រមអន្តរជាតិដើម្បីរួមគ្នាជំរុញឱ្យកីឡាករ កីឡាការិនី ដើរនៅក្នុងគន្លងផែនការមេដ៏ត្រឹមត្រូវក្នុងការឈានទៅដណ្តើមបានមេដាយ
ពីស៊ីហ្គេម និងព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀត ដែលខុសពីសម័យមុន។
លោកបានធ្វើការប្រៀបធៀបថា៖ «ការចាប់ផ្តើមរបស់កាយសម្ព័ន្ធនិងពេលនេះ គឺមានការខុសគ្នាឆ្ងាយដូចមេឃ និងដី ព្រោះកាលពីមុនសម័យ ប៉ុល ពត ដែលយើងមានសហព័ន្ធហើយនោះ ក៏យើងមិនធ្លាប់បានដណ្តើមមេដាយពីការប្រកួតអន្តរជាតិអ្វីដែរ ប៉ុន្តែក្រោមការដឹកនាំ និងតស៊ូរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ដែលធ្វើការងារជាមួយពួកយើងជិត ៤០ ឆ្នាំ មកនេះ ទើបយើងទទួលបានលទ្ធផលល្អ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កិត្តិយស និងកឹត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ»។
យ៉ាងណាក៏ដោយ លោក ថោង ខុន ដែលជាប្រធាន NOCC ផងនោះបានជំរុញនិងលើកទឹកចិត្តឱ្យគណៈកម្មាធិការអាណត្តិថ្មីរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាត្រូវខំប្រឹងបំពេញការងារឱ្យបានកាន់តែល្អថែមទៀតដើម្បីអាចឈានទៅបង្កើតបានកំណត់ត្រាថ្មីមួយទៀត សម្រាប់ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩។
លោកបានបញ្ជាក់ថា៖ «ការរៀបចំថ្នាល យើងត្រូវធ្វើចាប់ពីពេលឥឡូវទៅ ហើយយើងក៏ត្រូវបណ្តុះបណ្តាលធនធានមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកកម្រិតអន្តរជាតិឱ្យបានកាន់តែច្រើនផងដែរ។យើងត្រូវធ្វើពីឥឡូវនេះដល់ឆ្នាំ២០២៩ដើម្បីឱ្យទទួលបានជោគជ័យសម្រាប់ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីដោយមាន៤៥ប្រទេសចូលរួម គឺលើកនេះមិនត្រូវឱ្យបាត់មេដាយមាសនោះទេ!យើងត្រូវខំប្រឹងដណ្តើមឱ្យបាន»៕