ភ្នំពេញៈ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជា ហើយលោកក៏បានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះបន្តទៀត ជាពិសេសសុំឱ្យពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីនផងដែរ។
លោក លី ធុជ បានស្នើឡើងដូចនេះនាជំនួបពិភាក្សាជាមួយលោក OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុន ប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
លោក លី ធុជ បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន»។
លោកបានបន្តថា៖ «ខ្ញុំបានលើកឡើងថាកម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាផងដែរ»។
ក្នុងនាមជាប្រធានកិច្ចប្រជុំ កម្ពុជា មានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន ៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់បន្ថែម។
តាមរយៈលោក លី ធុជ ក្នុងជំនួបដដែលនោះដែរ លោក OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុន ប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម ក៏បានលើកឡើងដែរថា ជប៉ុន កំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង ២២ ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិកផងដែរ។
លោក OGASAWARA Ichiro បានបញ្ជាក់ថា ៖ «ជប៉ុន ចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាមនុស្សធម៌នានា រួមទាំងអនុសញ្ញាអូតាវ៉ានេះ ហើយបានបញ្ជាក់ថា ជប៉ុន នឹងគាំទ្រកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ផងដែរ»។
សូមបញ្ជាក់ដែរថា លោកទេសរដ្ឋមន្ត្រី លី ធុជ បានដឹកនាំគណ:ប្រតិភូកម្ពុជា រួមមាន ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ ចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី២០-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន លោក លី ធុជ បានលើកឡើងឱ្យដឹងដែរថា កម្ពុជា ទទួលបានការទុកចិត្តពីរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាដែលមានសមាជិកចំនួន ១៦៤ ប្រទេស ឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងធ្វើជាប្រធានអនុសញ្ញាអូតាវ៉ានេះ ពេញ ១ ឆ្នាំ នាឆ្នាំ២០២៤ ខាងមុខនេះ ដោយលោកនឹងទទួលបានញញួរធ្វើជាប្រធានកិច្ចប្រជុំនេះ នាប្រទេសស្វ៊ីសផងដែរ៕