ភ្នំពេញៈ ធនាគារពិភពលោកប្រចាំកម្ពុជា បានរកឃើញថា ទឹកជំនន់ក្នុងរដូវវស្សា បានបង្កហានិភ័យទៅដល់វិស័យអប់រំ និងសុខាភិបាលនៅប្រទេសកម្ពុជា និងជាគ្រោះមហន្តរាយ ដែលប្រទេសកម្ពុជា ជួបប្រទះជាញឹកញាប់បំផុត ដែលបណ្តាលឱ្យសាលារៀន និងមណ្ឌលសុខភាពមួយចំនួនត្រូវបានបិទទ្វានាអំឡុងពេលនេះ។
ការរកឃើញនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពដដែលបានលើកឡើងថា រៀងរាល់ ៥ ឆ្នាំម្តង ប្រទេសកម្ពុជា តែងមានទឹកជំនន់ធំៗ កើតឡើង ដែលបង្កការបំផ្លិចបំផ្លាញហិនហោចខ្លាំង។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១១ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ប្រជាជនជាង ១ លាន ៧ សែននាក់ ក្នុងនោះមនុស្សចំនួន ២៥០ នាក់បានស្លាប់ និង ៥ ម៉ឺននាក់ ផ្សេងទៀត គ្មានផ្ទះសំបែង។
របាយការណ៍នេះបានបន្ថែមថា ៖«ជារឿយៗ ផលប៉ះទង្គិចពីទឹកជំនន់ ទៅលើហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ និងសុខាភិបាល ត្រូវបានគេមើលរំលង នៅពេលដែលព្រឹត្តិការណ៍ទាំងនេះ អាចមានផលវិបាកយូរអង្វែងយ៉ាងធ្ងន់ធ្ងរ ទៅលើធនធានមនុស្ស និងផលិតភាពរបស់ប្រជាជន។ ផលវិបាកផ្នែកសុខាភិបាល នៅពេលដែលមន្ទីរពេទ្យត្រូវបិទទ្វារបណ្ដោះអាសន្នដោយសារទឹកជំនន់ អាចជះឥទ្ធិពលអវិជ្ជមានយូរអង្វែងលើកុមារ និងមូលធនមនុស្ស នាពេលអនាគត»។
ធនាគារពិភពលោក ឱ្យដឹងថា ការធ្លាក់ចុះនៃម៉ោងបង្រៀន នៅពេលដែលសាលារៀនត្រូវបានបិទ ដោយសារទឹកជំនន់ ធ្វើឱ្យប៉ះទង្គិចដល់ការសិក្សារបស់សិស្សអាចនាំឱ្យអត្រាបោះបង់ការសិក្សាកើនឡើង ហើយកុមាររៀនមិនទាន់កម្មវិធីសិក្សា ដែលជាហេតុធ្វើឱ្យពួកគេក្លាយជាកម្លាំងទីផ្សារការងារខ្វះគុណភាព នៅពេលអនាគតក្នុងជីវិតរបស់ពួកគេ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅថ្ងៃទី២១ ខែវិច្ឆិកា ថា បញ្ហានេះ គឺជាគ្រោះធម្មជាតិ ដែលកម្ពុជាតែងតែជួបប្រទះជាញឹកញាប់ ខណៈបញ្ហានេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមិនដែលមើលរំលងនោះទេ។
លោកស្រីថា ជាក់ស្តែង ដើម្បីរក្សាបាននូវសុវត្ថិភាព និងគុណភាពសិក្សា ក្រសួងបានបង្កើតគណៈកម្មការមួយ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេស អាជ្ញាធរមូលដ្ឋាន និងសហគមន៍ដើម្បីតាមដានបញ្ហាដែលបានកើតឡើងនៅក្នុងសាលារៀននៃខេត្តនីមួយៗ ដើម្បីអាចដោះស្រាយបានទាន់ពេលវេលា។
លោកស្រីបន្តថា ចំណុចមួយទៀត គឺក្រសួងអប់រំ ដែលបានធ្វើនាពេលកន្លងមក គឺរំកិលកាលបរិច្ឆេទនៃការបើកបវេសនកាលមកដល់ថ្ងៃទី១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំដោយសារអំឡុងពេលនោះ ជាពេលវេលា ដែលរដូវវស្សាបានបញ្ចប់ហើយការអនុវត្តនេះ បានធ្វើជាង ១០ ឆ្នាំ មកហើយដែរ ប៉ុន្តែទើបតែក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឹកូវីដ១៩ ទេដែលតម្រូវឱ្យសាលារៀនទូទៅ ឱ្យចូលកងវិញមុនកាលកំណត់ ដោយបានរំកិលឱ្យចូលរៀននៅថ្ងៃទី១ ខែមករា។ ជាមួយគ្នានេះ ដោយមើលឃើញពីស្ថានភាពល្អប្រសើរ សម្រាប់ការសិក្សាឆ្នាំ២០២៣-២០២៤ ក្រសួងបានសម្រេចដាក់ឱ្យចូលកងវិញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
លោកស្រីថ្លែងថា៖ «ឆ្លើយតបនឹងបញ្ហានេះផងដែរ ក្រសួងក៏បានរៀបចំជាឯកសារ តាមប្រព័ន្ធឌីជីថល មានទាំងវីដេអូ ក៏ដូចជាឯកសារថតចម្លង ដែលអាចឱ្យសាលារៀនអាចទាញយកទៅធ្វើជាការងារផ្ទះ និងមួយវិញទៀតនៅតាមសាលារៀនក៏យើងបានរៀបចំឱ្យមានការអនុវត្តកម្មវិធីគាំទ្របង្រៀន និងរៀនថែមទៀតដែរ ដោយលោកគ្រូ អ្នកគ្រូផ្តល់ទៅឱ្យសិស្ស នៅពេលដែលមានសាលារៀនត្រូវបានបិទទ្វារបណ្តោះអាសន្ននៅក្នុងអំឡុងពេលមានទឹកជំនន់»។
លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចទាក់ទងបានទេ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទោះជាយ៉ាងណា ជារៀងរាល់រាល់ពេលរដូវវស្សា និងទឹកជំនន់ចូលមកដល់ ក្រសួងសុខាភិបាល តែងតែចេញសេចក្តីណែនាំ និងជូនដំណឹងដល់ប្រជាពលរដ្ឋ រួមនឹងអាជ្ញាធរពាក់ព័ន្ធ ឱ្យមានការការពារសុខភាព និងអាយុជីវិត ព្រមទាំងរក្សាការធ្វើអនាម័យល្អជាប់ជាប្រចាំផងដែរ៕