ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើការសិក្សាដោយយកចិត្តទុកដាក់ លើបញ្ហាការរំលោភពលកម្មកុមារ នៅតាមសិប្បកម្មឡឥដ្ឋ បន្ទាប់ពីអង្គការការពារសិទ្ធិមនុស្សលីកាដូ រកឃើញថា ការប្រើប្រាស់កម្លាំងពលកម្មកុមារ នៅតែបន្តរីករាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋ។
លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកាថា មកដល់ពេលនេះ ក្រសួងមិនទាន់ទទួលបានរបាយការណ៍ណាជាក់លាក់ពីអង្គការលីកាដូនៅឡើយទេ ប៉ុន្តែចំពោះករណីនេះ ក្រសួងនឹងសិក្សាមើល និងធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់ជាមួយក្រសួងការងារ។
លោកបន្តថា ទោះបីជាយ៉ាងណាទាំងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង គឺមិនគាំទ្រ និងមិនលើកទឹកចិត្តឱ្យមានករណីប្រើប្រាស់កម្លាំងពលកម្ម និងកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារនោះទេ ខណៈដែលកម្ពុជា ជាប្រទេសរដ្ឋហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ។
លោក ឯម ច័ន្ទមករា បានថ្លែងថា៖ «ក្រសួងមិនមានការគាំទ្រឱ្យមានការប្រើប្រាស់កម្លាំងពលកម្មលើកុមារដែលមានអាយុក្រោម ១៨ឆ្នាំនោះទេ ដូច្នេះការប្រើប្រាស់កម្លាំងពលកម្មលើកុមារក្រោមអាយុនេះ គឺជាការខុសទៅនឹងអ្វីដែលបានចែងនៅក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារ»។
បើតាមលោក ឯម ច័ន្ទមករា កន្លងមកនេះក្រសួងសង្គមកិច្ច ក៏ដូចជានាយកដ្ឋានជំនាញ បានយកចិត្តទុកដាក់ណាស់ទៅលើការអនុវត្តលើកកម្ពស់សិទ្ធិកុមារ ក៏ប៉ុន្តែនៅតែមានកន្លែងខ្លះ បានលួចប្រើប្រាស់កម្លាំងពលកម្មកុមារ នៅតាមសិប្បកម្មផលិតឥដ្ឋ និងការងារតាមផ្ទះ ឬក៏ការលក់ផ្កាជាដើម។
ចំណែក លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ក៏បានប្រាប់ឱ្យដឹងដែរថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តច្បាប់ការងារឱ្យមានប្រសិទ្ធភាពនៅគ្រប់រោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងស្ថាប័នសាធារណៈ និងឯកជន ដែលស្ថិតក្រោមច្បាប់ស្ដីពីការងារ។
លោកបានបន្តថា គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣នេះ ក្រសួងការងារ បានខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ពលកម្មកុមារ និងទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារដូចជា ការចុះធ្វើអធិការកិច្ចការងារនៅតាមរោងចក្រ សហគ្រាស និងសិប្បកម្មជាប្រចាំ និងការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ពីការប្រើប្រាស់កម្លាំងពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋ និងឧស្សាហកម្មផ្សេងៗទៀតផងដែរ។
លោក កត្តា អ៊ន បញ្ជាក់ថា៖ «ក្រសួងនឹងធ្វើការស៊ើបអង្កេត ក្នុងករណីសង្ស័យរកឃើញម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មណាដែលមានការប្រើប្រាស់កម្លាំងពលកម្មកុមារ ឬទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារដែលល្មើសច្បាប់ស្ដីពីការងារ នឹងត្រូវទទួលរងការផាកពិន័យ ឬក៏អាចឈានដល់ការបិទអាជីវកម្មឬអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌផងដែរ»។
ទន្ទឹមនេះ លោកក៏បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលនានា និងសាធារណជន ចូលរួមរាយការណ៍ពីករណីមានការប្រើប្រាស់កម្លាំងពលកម្មកុមារ ដើម្បីឱ្យក្រសួងចាត់វិធាន និងផ្ដល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានចំណងជើងថា «ចំណងក្នុងឡឥដ្ឋ៖ ឱកាសដើម្បីបញ្ចប់ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា» បានរកឃើញថា ការបញ្ចាំខ្លួនដោះបំណុល និងប្រើប្រាស់កម្លាំងពលកម្មកុមារ នៅតែបន្តរីករាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋក្នុងប្រទេសកម្ពុជា។
របាយការណ៍បន្តថា ការរកឃើញបែបនេះ ផ្អែកតាមការសិក្សាចាប់ពីចន្លោះខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៣ និងបានធ្វើឡើងនៅសិប្បកម្មផលិតឥដ្ឋចំនួន ២១ទីតាំង ដែលស្ថិតក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។
របាយការណ៍បន្តថា៖ «ការសន្ទនាជាច្រើនបូករួមនឹងបទសម្ភាសន៍ស៊ីជម្រៅជាមួយកម្មករចំនួន ១០នាក់ បានបញ្ជាក់ថា ការបញ្ចាំខ្លួនដោះបំណុល នៅតែមានការរីករាលដាលក្នុងឧស្សាហកម្មនេះ ហើយការទូទាត់ប្រាក់ឈ្មួលទាបតាមចំនួនឥដ្ឋ នៅតែបន្តជំរុញឱ្យក្មេងដែលមានអាយុតិច រហូតត្រឹម ៩ឆ្នាំធ្វើការនៅសិប្បកម្មផលិតឥដ្ឋ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានឱ្យដឹងថា ការជំពាក់បំណុលរបស់កម្មករសិប្បកម្មឡឥដ្ឋជាមួយម្ចាស់សិប្បកម្ម គឺជាឧទាហរណ៍ទូទៅ នៃការបញ្ចាំខ្លួនដោះបំណុលដែលជាអំពើខុសច្បាប់ ដូច្នេះហើយបំណុលទាំងអស់នោះ ត្រូវធ្វើការលុបចោលជាបន្ទាន់។
ក្មេងអាយុក្រោម ១៨ឆ្នាំ មិនគួរធ្វើការផ្លូវការ ឬមិនផ្លូវការ នៅសិប្បកម្មផលិតឥដ្ឋ ដែលប្រកបដោយគ្រោះថ្នាក់នោះទេ។
លោក អំ សំអាត ថ្លែងថា៖ «ខ្ញុំសូមស្នើសុំសាជាថ្មីដល់តួអង្គទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការអនុវត្តអវិជ្ជមានទាំងនេះ កម្មករត្រូវរួចផុតពីការផ្តល់កម្លាំងពលកម្មដើម្បីតែដោះបំណុល ហើយច្បាប់ទាក់ទងពលកម្មកុមារត្រូវតែពង្រឹង និងអនុវត្តឱ្យបានត្រឹមត្រូវផងដែរ»៕