ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់បណ្តាគណបក្សនយោបាយនានាឱ្យរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប ក្នុងបំណងចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន ចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅឆ្នាំ ២០២៤ ខាងមុខ ដោយត្រូវគោរពតាមបែបបទទម្រង់ ១០០៨ ជាមួយសំណុំឯកសារនានា។
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី ២០ ខែវិច្ឆិកា គ.ជ.ប បានឱ្យគណបក្សនយោបាយដែលមានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌ និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ត្រៀមលក្ខណៈរៀបចំបែបបទ និងពាក្យទម្រង់ ១០០៨ និងសំណុំឯកសារដោយគោរពតាមចំណុច ៥.៦.៣ នៃច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ថា គោលការណ៍ ២ធំៗ ជុំវិញការដាក់បេក្ខភាពចុះឈ្មោះ និងការតម្កល់ប្រាក់។
លោកបានបញ្ជាក់ថា៖ «គណបក្សនយោបាយត្រូវរៀបចំបញ្ជីឈ្មោះ ដែលមានបេក្ខជនពេញសិទ្ធិយ៉ាងតិច ១ភាគ៣ នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា ពោលគឺចំនួន១៩នាក់ យ៉ាងហោច ហើយចំនួនបេក្ខជនបម្រុងក៏ស្មើនឹងប៉ុណ្ណឹងដែរ»។
លោកបានបន្តថា៖ «គោលការណ៍ទី២ គឺការបង់ប្រាក់តម្កល់ចំនួន ១៥លានរៀល នៅអគ្គនាយកដ្ឋានរតនាគារជាតិ ដែលគណបក្សនយោបាយត្រូវស្នើសុំបង់ប្រាក់មក គ.ជ.ប ជាមុន ដែល គ.ជ.ប នឹងធ្វើលិខិតទៅកាន់អគ្គនាយកដ្ឋានរតនាគាជាតិជូនគណបក្សនយោបាយ ព្រមទាំងផ្តល់ដំណឹងទៅកាន់គណបក្សនយោបាយវិញ»។
នៅពេលដែលបង់ប្រាក់រួចហើយ គណបក្សសាមី នឹងទទួលបានបណ្ណបង់ប្រាក់ ដើម្បីយកទៅតម្កល់នៅអគ្គនាយករដ្ឋានរតនាគារជាតិ ហើយនឹងទទួលបានបង្កាន់ដៃបង់ប្រាក់តម្កល់។
លោក សោម សូរីដា បន្ថែមថា ត្រង់កន្លែងនេះ គណបក្សនយោបាយអាចដកប្រាក់តម្កល់វិញបាន នៅពេលបោះឆ្នោតចប់ នៅពេលឈ្នះអាសនៈក្នុងចំនួនកំណត់ណាមួយ ហើយ គ.ជ.ប នឹងជួយសម្របសម្រួលលើការធានាលើឯកសារក្នុងការដកប្រាក់។
លោកបានថ្លែងថា៖ «កន្លងមក នៅអាណត្តិមុនៗ បញ្ហាលំបាកនៅត្រង់គណបក្សនយោបាយមួយចំនួនមិនសូវយល់ច្បាស់ពីបែបបទ និងនីតិវិធីដែលមានការសួរនាំច្រើនពី គ.ជ.ប ជាពិសេសលើការចុះបញ្ជីឈ្មោះជាដើម»។
ការបោះឆ្នោតជ្រើសរើសសមាជិកសភានេះ ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតចំនួន ២ ប៉ុណ្ណោះ ពោលគឺចេញពីការបោះឆ្នោតពីតំណាងរាស្ត្រចំនួន ១២៥រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ ១១ ៦២២រូប ហើយដំណើរការចុះបញ្ជីប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ទៅដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ដែលបានត្រៀមរៀបចំបញ្ជីឈ្មោះរួចរាល់ ហើយអនុវត្តតាមគោលការណ៍ដែលដាក់ចេញពី គ.ជ.ប ដែលជាទម្លាប់របស់គណបក្សសម្រាប់រាល់ការបោះឆ្នោត។
លោកបានបង្ហាញជំនឿមុតមាំថា៖ «គណបក្សប្រជាជនកម្ពុជា នឹងឈ្នះអាសនៈច្រើន ព្រោះនៅក្នុងរដ្ឋសភា តំណាងរាស្ត្រសុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណែកក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏សុទ្ធសឹងតែជាសមាជិកគណបក្សកាន់អំណាចនេះផងដែរ»។
ដោយឡែក ពីគណបក្សកម្លាំងជាតិ ដែលទើបចាប់កំណើតវិញ លោករ៉ុង ឈុន ជាអនុប្រធានគណបក្ស បានឱ្យដឹងដែរថា តាមស្មារតីអង្គសមាជ គណបក្សកាលពីពេលថ្មីៗ គណបក្សកម្លាំងជាតិ នឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ។
លោកបន្តថា៖ «ទោះបីយើងទើបបង្កើតក្តី យើងមានគោលដៅចូលរួមការបោះឆ្នោតនេះ ដែលយើងនឹងរៀបចំបេក្ខជនដែលសុទ្ធសឹងតែជាអ្នកតស៊ូប្រជាធិបតេយ្យពីមុនមក។ យើងនឹងច្បាស់ការនៅពេលរៀបចំចុះបញ្ជីឈ្មោះក្នុងពេលខាងមុខ»។
លោក រ៉ុង ឈុន ក៏បានបង្ហាញក្តីរំពឹងដែរថា គណបក្សលោកនឹងទទួលបានការគាំទ្រច្រើន ដើម្បីសំឡេងប្រជាធិបតេយ្យ។
ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានលើកឡើងថា គណបក្សលោកនឹងមិនចូលរួមការបោះឆ្នោតនេះឡើយ ប៉ុន្តែក្នុងសម្ព័ន្ធគណបក្សលោកជាមួយគណបក្សចំនួន៤ ដែលមាន គណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន នឹងសម្រេចជ្រើសរើស ១ ក្នុងចំនួនសម្ព័ន្ធទាំង៤ ឱ្យចូលរួមការបោះឆ្នោតនេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕