ភ្នំពេញៈ​ អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ (FAO) សហកា​រ​ជាមួយ​រដ្ឋ​បាល​ជលផ​ល​បានរៀបចំ​​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ពី​គោល​ការណ៍​សំខាន់ៗ​នៃ​កិច្ចព្រម​ព្រៀង​វិធាន​ការ​រដ្ឋ​ម្ចាស់​កំពង់​ផែ ​(PSMA) ដែល​ជួយ​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការនេ​សាទ​ខុស​ច្បាប់​ គ្មាន​របាយ​ការណ៍ និង​គ្មាន​ការ​អនុញ្ញាត (IUU ) ក្នុង​ប្រទេស​កម្ពុជា​។ 

​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ (FAO) នៅ​ថ្ងៃទី​២១ ​ខែវិច្ឆិកា បាន​ឱ្យ​ដឹង​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ ជួយ​ពង្រឹង​សមត្ថ​ភាព​ដល់​ម​ន្ត្រី​ជល​ផល​លើ​ផ្នែក​អនុវត្ត​នីតិ​វិធី​ប្រតិ​បត្តិ​ស្តង់​ដា​ការ​រាយ​ការណ៍ និង​ការធ្វើ​អធិការ​កិច្ច (SOP for PSM)​សម្រាប់​នាវា​នេសាទ​បរ​ទេស​ដែល​មាន​បំណង​សុំ​ចូល​ចត​និង​ឡើង​ផល​នេសាទ​នៅ​កំពង់​ផែ​កម្ពុជា​។ 

​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​អន្តរ​ជាតិ​ដ៏​សំខាន់​នេះ​ នឹង​គាំទ្រ​ដល់​មន្ត្រីរដ្ឋបា​ល​ជល​ផល​ (FiA) រួមទាំង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​និង​មន្ទីរ​កសិក​ម្ម រុក្ខាប្រ​មាញ់ និង​នេ​សាទ​ខេត្ត(PDAFF)ក្នុង​ការ​ទប់​ស្កាត់និង​លុបបំ​បាត់​ការ​នេសាទ​ IUU នៅ​ទូទាំង​ខេត្ត​តំបន់​ឆ្នេរ​។​

​វគ្គ​បណ្តុះ​បណ្តាល​ស្តីពីនីតិវិធី​ប្រតិ​បត្តិ​ស្តង់​ដា​អនុវត្ត ​PSMA​នេះ ​ធ្វើឡើង​នៅ​ខេត្ត​កោះកុ​ងចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២៤​ ខែវិច្ឆិកា​ ដោយ​មាន​តំណាង​ពាក់​ព័ន្ធ​ចូលរួម​ប្រមាណ​២០​នាក់​។ វគ្គ​បណ្តុះ​បណ្តាល​នេះ​រៀបចំ​ឡើង​ដើម្បី​ជួយ​ពង្រឹង​សមត្ថ​ភាព​មន្ត្រីរ​ដ្ឋ​បាល​ជលផ​ល ​អធិការ​ដ្ឋាន​រដ្ឋ​បាល​ជល​ផល​សមុទ្រ ​ខណ្ឌ​រដ្ឋបាល​ជល​ផល ​និង​មន្ទីរ​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ​បានយល់​ដឹង​បន្ថែម​អំពី​នីតិវិធី​ប្រតិ​បត្តិ​ស្តង់​ដា​និង​អធិកា​រកិច្ច​នាវា​នេសាទ សម្រាប់​ការ​អនុវត្ត ​PSMA ដើម្បី​កម្ពុជា​អាច​ដក​កាត​ក្រហម​ពី​ការ​នេ​សាទ IUU​។​

​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន ​អ្នក​ស្រី ជិន លក្ខ​ណា អនុ​ប្រធា​ននាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល​ និង​នីតិ​កម្ម បាន​លើក​ឡើង​ថា PSMA គឺជា​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​ដែល​ចង​ភ្ជាប់​ជា​លើក​ដំបូង​ដើម្បី​កំណត់​គោល​ដៅ​ជា​ពិសេស​ទៅ​លើ​ការ​នេសាទ​ IUU ដោយ​រារាំង​នាវា​នេសាទ​ដែល​ចូល​រួម​ក្នុងការ​នេសា​ទ ​IUU ពី​ការប្រើ​ប្រាស់​កំពង់​ផែ PSMA  និង​ការ​ឡើង​ផល​នេសាទ​របស់​ពួក​គេ​។ 

​លោក​ស្រី​បាន​ថ្លែង​ថា ៖ «​យើង​កាត់​បន្ថយ​ការលើក​ទឹកចិត្ត​ដល់​នាវា​នេសាទ​ខុស​ច្បាប់​ទាំងនោះ​ពី​ការ​ចូ​លរួម​ក្នុង​សកម្ម​ភាព​ល្មើស​នេសាទ​នានា ​ខណៈ​ដែល​កិច្ចព្រម​ព្រៀង​នេះ​ក៏​រារាំង​ពី​ការឡើង​ផល​នេ​សាទ​ដែល​បាន​មក​ពី​ការ​នេ​សាទ​IUU មិនឱ្យ​ចូលម​ក​កាន់​ទី​ផ្សារ​ជាតិ និង​ទៅ​ទីផ្សារ​អន្តរ​ជាតិ​»​។

​លោក​ស្រី​ ជិន លក្ខណា ​បាន​បន្ថែម​ថា ៖ «​កម្ពុជា​ត្រូវបា​ន​វាយ​តម្លៃថា​មិនទា​ន់​អនុ​លោម​តាម​ច្បាប់​ជល​ផល​អន្តរ​ជាតិ​ និង​បទ​ប្ប​ញ្ញត្តិ I​UU របស់​សហ​ភាព​អឺរ៉ុបដោយ​សំដៅ​ទៅលើ​ប្រព័ន្ធ​ផ្តល់​កាត​របស់​សហ​ភាព​អឺរ៉ុប​ដល់​ប្រទេស​មិន​មែន​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​»​។ 

ប្រទេស​ដែល​ទទួល​បាន​កាត​ក្រហមគឺ​មិន​អាច​នាំ​ផល​នេសាទ​សមុទ្រ​ចូល​សហ​ភាព​អឺរ៉ុប​បាន​ឡើយ​ ដោយ​សារ​មិន​ទា​ន់មាន​វិធានកា​រ​គ្រប់​គ្រាន់​ដើម្បី​រារាំង​ការ​នេសាទ​IUU​។នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​ស្រី ​ជិន លក្ខណា​​។​

​សូម​រំឭក​ដែរ​ថា ការ​អនុវត្ត​​PSMA ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នេះ​ជាការ​រួមចំ​ណែក​ដល់​ការគ្រប់គ្រ​ង អភិ​រក្ស​ និង​ការ​ប្រើ​ប្រាស់​ធនធា​ន​ជលផ​ល​ប្រកប​ដោយ​និរន្តរ​ភាព ​ព្រម​ទាំង​រក្សា​លំនឹង​ប្រព័ន្ធ​អេកូឡូ​ស៊ី​សមុទ្រ​ទៀត​ផង​។ កម្ពុជា​បាន​ក្លាយ​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ស្តីពី​វិធា​នការ​រដ្ឋ​ម្ចាស់​កំពង់​ផែ​ក្នុងការ​បង្ការ​ ទប់​ស្កាត់ និង​លុប​បំបាត់​ការ​នេសាទ​ IUU នៅ​ថ្ងៃទី​១១ ​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ជា​មួយ​គ្នា​នោះដែ​រ អនុ​ប្រធាន​រដ្ឋ​បាល​ជ​ល​ផល​លោក ​បួ​យ រតនា ​ក៏បាន​លើក​ឡើង​ដែរ​ថា ​រដ្ឋបាល​ជល​ផល​ដែល​ជា​សេនាធិ​ការ​ក្រសួងក​សិកម្ម​ រុក្ខាប្រ​មាញ់ ​និង​នេសា​ទ បាន​ជ្រើស​រើស​កំពង់​ផែ​នេសាទ​ លោក លី​ យ៉ុង​ផាត់​ ក្នុង​ខេត្ត​កោះកុ​ងជា​កំ​ពង់ផែ​ទី១​ ក្នុងការអនុវត្ត​វិធានកា​រ​រដ្ឋ​ម្ចាស់​កំព​ង់ផែ​សម្រាប់​នាវា​នេសាទ​បរ​ទេស ដោយ​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ពី​អង្គកា​រ FAO ក៏ដូចជា​ការ​ណែនាំ​ជាស​កល និង​ក្នុង​តំបន់​ស្តីពី​កា​រប្រយុទ្ធ​ប្រឆាំង​ការ​នេសា​ទ IUU​។ 

​លោក​បាន​ថ្លែង​ថា ៖ «​យើង​កំពុង​ដំណើរ​ការ​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​ឱ្យ​កម្ពុជា​ត្រូវបា​ន​ដក​កាត​ក្រហម IUU ចេញ​ដោយ​តម្រូវ​ឱ្យ​យើង​អនុវត្ត​តាម​បទ​ដ្ឋាន​នេសាទ​អន្តរ​ជាតិ​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​យើង​អាច​នាំ​ផល​នេសាទ​ចូល​ទីផ្សារ​អន្តរ​ជាតិ​»​។​

​ជា​មួយ​គ្នា​នោះ​ដែរ​ អ្ន​កជំនាញ​ជល​ផល​ម​ក​ពី​អង្គការ FAO ​លោក Marcel Kroese ​បាន​ថ្លែងថា​ ៖ «​បទ​ប្បញ្ញត្តិ​របស់ PSMA អនុវត្ត​ចំពោះ​នាវា​នេសាទ​មិន​មែន​របស់​កម្ពុជា​ដែល​ចង់​ចូល​ចត​នៅ​កំពង់​ផែ​កម្ពុជាដើម្បី​ដឹកជ​ញ្ជូន ឬ​ផ្ទេរ​ផល​នេសាទ​ពី​នាវា​នេសាទ​មួយ​ទៅ​នាវា​នេ​សាទ​មួយ​ទៀត​»​។
 
​លោក​បាន​បន្ត​ថា PSMA នេះ​មាន​សារៈសំខា​ន់​ណាស់​ក្នុង​ការកសា​ង​សមត្ថ​ភាព​មន្ត្រី​រដ្ឋាភិ​បាល​ក្នុង​ការ​ពង្រឹង​ការ​ត្រួ​ត​ពិនិត្យនិង​តាមដា​ន​។ដូច្នេះ​កម្ពុជា​អាចអ​នុវត្ត​នីតិវិ​ធី​ប្រតិប​ត្តិការ​ស្តង់ដា​PSMA អន្ត​រជាតិក៏ដូ​ចជា​រួម
ចំណែ​ក​ដ​ល់​កិច្ចខិ​តខំ​ប្រឹងប្រែ​ង​ជា​សកល​ដើម្បី​កាត់ប​ន្ថយ​ការនេ​សាទ IUU​ ផង​ដែរ​៕