ភ្នំពេញ: អង្គការសិល្បៈខ្មែរអមតៈ (CLA) ជាអង្គការលើកស្ទួយសិល្បៈប្រពៃណីខ្មែរ ត្រៀមបើកសម្ពោធមហោស្រព «៧ពណ៌» ដែលធ្វើឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ នៅ Coconut Park កោះពេជ្រ។
មហោស្រពនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់របស់ CLA ដោយបានដំណើរការបេសកកម្មរបស់ខ្លួនជិត ៣ ទសវត្សរ៍ក្នុងការថែរក្សាទម្រង់សិល្បៈ ការផ្តល់អំណាចដល់យុវជនតាមរយៈការបញ្ចេញមតិប្រកបដោយការច្នៃប្រឌិត និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិល្បៈដ៏រឹងមាំ។
កញ្ញា យ៉ុន សុខខន នាយិកាកម្មវិធីអង្គការសិល្បៈខ្មែរអមតៈ បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានរៀបចំឡើងនៅ Factory Phnom Penh កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា៖ «យើងបានវិវឌ្ឍការងារយើងតាមដំណាក់កាលផ្សេងៗ ហើយពេលបច្ចុប្បន្ននេះ អាទិភាពរបស់យើង គឺផ្ដោតទៅលើគំនិតច្នៃប្រឌិត ការបង្កើតថ្មី ការកសាងសមត្ថភាព ក៏ដូចជា ភាពជាអ្នកដឹកនាំនៃទេពកោសល្យថ្មី អ្នកដឹកនាំជំនាន់ថ្មី តាមរយៈការផ្ដល់មូលនិធិនានាទៅដល់ពួកគាត់»។
អង្គការសិល្បៈខ្មែរអមតៈ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៨ ដោយលោកអាន ចនផន ដែលជាតន្ត្រីកររស់រានពីសម័យខ្មែរក្រហម។ បច្ចុប្បន្ន អង្គការនេះមានបេសកកម្ម ដើរតួជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ញ៉ាំងចិត្តអ្នកជំនាន់ថ្មី។
កញ្ញាសុខខននិយាយថា ឆ្នាំនេះជាឆ្នាំពិសេសនៃការរំឭកខួប ២៥ ឆ្នាំនៃការបង្កើតអង្គការសិល្បៈខ្មែរអមតៈ ការងារស្នូលបច្ចុប្បន្នផ្ដោតលើការផ្ដល់មូលនិធិដល់គម្រោងផ្សេងៗ។ ការរៀបចំមហោស្រពនេះគឺជាវេទិកាមួយសម្រាប់ផ្ដល់ឱ្យយុវជនទាំងនោះបង្ហាញសមត្ថភាពរបស់ពួកគេក្រោយទទួលបានមូលនិធិដំណើរការគម្រោង។ វាជាការផ្សារភ្ជាប់យុវជនទៅនឹងសង្គម តាមរយៈការបង្ហាញស្នាដៃសិល្បៈ កិច្ចពិភាក្សា ការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់យុវជន ក្នុងគោលបំណងលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមប្រកបដោយភាពច្នៃប្រឌិត។
នេះជាលើកទី ១ ហើយដែលសិល្បៈខ្មែរអមតៈ បើកឱកាសឱ្យយុវជនដែលធ្លាប់ស្ម័គ្រចិត្តបម្រើការងារសង្គម និងពុំធ្លាប់មានបទពិសោធន៍ក្នុងសិល្បៈ អាចទទួលបានបទពិសោធន៍ដោយផ្ទាល់ដោយប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការរចនាកម្មវិធីមហោស្រពសិល្បៈមួយ ដែលរំលេចពីចំណង់ចំណូលចិត្ត និងចក្ខុវិស័យរបស់ពួកគេចំពោះសង្គម។
លោកសុង សេង ជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់ថា៖ «ខ្ញុំកត់សម្គាល់ឃើញថា អ្នករចនាមហោស្រពយើងបានរចនាកម្មវិធីដ៏គួរឱ្យចាប់ចិត្ត ព្រោះមានកម្មវិធីសិល្បៈដ៏សម្បូរបែបដែលរំលេចពីស្ថានភាពយុវជនបច្ចុប្បន្ន និងអ្វីដែលយុវជនសម្លឹងចង់ឃើញនាពេលអនាគត»។
លោកបន្ដថា៖ «ខ្ញុំយល់ថា នេះជាមូលហេតុដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈសមស្របសម្រាប់យុវជន ក៏ដូចជាសាធារណជនមកចូលរួម ព្រោះពួកគេនឹងមិនត្រឹមតែទទួលបានការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឈ្វេងយល់អំពីវឌ្ឍនភាព និងទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសិល្បៈ និងសង្គមផងដែរ»។
លោក សេង រំពឹងថា នៅពេលដែលមហោស្រពមួយនេះបានបញ្ចប់ទៅ យុវជនដែលមកចូលរួមមហោស្រពអាចទទួលចំណេះដឹងបន្ថែមអំពីតួនាទីរបស់ខ្លួនដើម្បីចូលរួមជ្រោមជ្រែងវិស័យសិល្បៈទៅតាមសក្តានុពលរបស់ខ្លួន។
លោក ឃឿន កំសត់ ជាយុវជនហាត់ការមកពីខេត្តរតនគិរីបានលើកឡើងថា ការរចនាកម្មវិធីមហោស្រពសិល្បៈជាបទពិសោធន៍លើកទី ១ សម្រាប់លោក ហើយបានធ្វើឱ្យលោកមានភាពស្និទ្ធស្នាលជាមួយសិល្បៈជាច្រើនទម្រង់ ដូចជាបុរាណ សម័យ និងសហសម័យ ដែលលោកមិនធ្លាប់ស្គាល់ ឬឃើញពីមុនមក។
លោកបញ្ជាក់ថា៖ «ក្រុមហាត់ការយើងបានច្របាច់គំនិតផ្សេងៗបញ្ចូលគ្នាដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទាក់ទងនឹងបញ្ហាបរិស្ថាន សិទ្ធិមនុស្ស ផ្លូវចិត្តយុវជន ជនជាតិដើមភាគតិច និងរឿងផ្សេងៗទៀត រួចយើងជជែករកចំណុចស្នូលមួយ ដើម្បីបង្ហាញនូវផ្ទាំងទស្សនីយភាពសម្រាប់យុវជនផ្សេងទៀត ឱ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់សិល្បៈដើម្បីភ្ជាប់ខ្លួនទៅនឹងសង្គមរបស់យើង។
លោកបន្ដថា៖ «ដូច្នេះ ខ្ញុំគិតថា យុវជនគួរចាប់យកឱកាសនេះដើម្បីពិសោធខ្លួនជាមួយសិល្បៈចម្រុះ និងក្រេបយកចំណេះដឹងពីសិក្ខាសាលា ក៏ដូចជារីករាយនឹងកម្មវិធីកម្សាន្តផ្សេងៗទៀតដែលមាននៅក្នុងមហោស្រព»។
លោក កំសត់ បានបង្ហាញពីកម្មវិធីមហោស្រពថា នៅថ្ងៃសុក្រទី ៨ ខែធ្នូ មានការដាក់បញ្ចាំងភាពយន្ដ ពិព័រណ៍រូបថត ស្ដង់អាហារ និងផលិតផលសិល្បៈ កម្មវិធីបើកមហោស្រព ក៏ដូចជាការរាំកម្សាន្ដជាមួយនឹងស្គរថូន។ នៅកម្មវិធីថ្ងៃសៅរ៍ ទី ៩ ខែធ្នូ មានពិព័រណ៍រូបថត ស្ដង់អាហារ និងផលិតផលសិល្បៈ សិក្ខាសាលា «ការថែទាំសុខភាពផ្លូវចិត្ដ» ការបញ្ចាំងភាពយន្ដ អំណានយុវជន រួមទាំងរបាំប្រពៃណីល្ខោននិយាយ «ថៅកែចិត្ដចោរ» របាំសហសម័យ «សេរីភាព» ស្គរស្ដ្រីសម្ដែងដោយ មេធា និងជំនួបសិល្បករ។
នៅថ្ងៃចុងក្រោយ ថ្ងៃអាទិត្យ ទី ១០ មានកម្មវិធី ពិព័រណ៍រូបថត ស្ដង់អាហារ និងផលិតផលសិល្បៈ វេទិកាពិភាក្សា «តើយុវជនមានតួនាទីយ៉ាងណាក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈសិល្បៈ?» ការសម្ដែងបទ SDGs សារបំណង សិក្ខាសាលាសិល្បៈ ដូចជា សូនរូបពីដីឥដ្ឋ និពន្ធកំណាព្យ ឬចម្រៀង ផាត់ពណ៌ ការបង្ហាញទេពកោសល្យចម្រុះ ការប្រកាសលទ្ធផលអ្នកឈ្នះរូបថត ការសម្ដែង អត្ដសញ្ញាណ «Drag Show» សរុបលទ្ធផលមហោស្រព ការប្រគំតន្ដ្រីខ្នាតតូច និងការរាំកម្សាន្ដមុនពេលបិទកម្មវិធី។
កញ្ញាអ៊ុក លីគួយយូ យុវនារីហាត់ការម្នាក់ទៀតដែលមានបទពិសោធន៍តិចតួចលើការរៀបចំកម្មវិធីសិល្បៈបានរំឭកឡើងថា កញ្ញាមានចំណាប់អារម្មណ៍ច្រើនជាងមុនទៅលើសិល្បៈ ជាពិសេសភាពយន្តឯកសារ និងទម្រង់សិល្បៈបុរាណ ក៏ដូចជាការគ្រប់គ្រងកម្មវិធី ដែលសុទ្ធតែជាបទពិសោធន៍ថ្មីសន្លាងសម្រាប់នាង។
«នេះជាឱកាសដ៏ពិសេសមួយសម្រាប់យុវជនក្នុងការទទួលបានបទពិសោធន៍ថ្មី និងជាឱកាស ដើម្បីឈ្វេងយល់អំពីស្នាដៃសិល្បៈដ៏រស់រវើករបស់សិល្បករកម្ពុជាតាមរយៈការទស្សនាការសម្តែងសិល្បៈចម្រុះ ការជួបជាមួយសិល្បករ និងតន្ត្រីករមានទេពកោសល្យ»។
កញ្ញាលីគួយយូឱ្យដឹងថា៖ «ខ្ញុំយល់ថា យុវជនអាចប្រើប្រាស់សិល្បៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងសហគមន៍ដែលពួកគេរស់នៅក៏ដូចជាប្រើប្រាស់សិល្បៈជាមធ្យោបាយផ្សះផ្សាផ្លូវចិត្តពួកគេផងដែ»។
មហោស្រព «៧ពណ៌» គឺជាកន្លែងដ៏ពិសេសមួយសម្រាប់យុវជនចូលរួមក្នុងការផ្សព្វផ្សាយនិងលើកស្ទួយវិស័យសិល្បៈខ្លួនថែមទាំងមានឱកាសប្រើសិទ្ធិសេរីភាពដើម្បីបង្ហាញអំពីខ្លួនពួកគេដោយបើកចំហ។
លោកសុង សេងមានក្ដីរំពឹងថា មហោស្រពសិល្បៈឆ្នាំនេះ នឹងមានមនុស្សជាច្រើនរយនាក់ចូលរួមក្នុងមហោស្រព «៧ពណ៌» នេះ។
កញ្ញាសុខខនថា ឆ្នាំ ២០២២ កម្មវិធី «ជយលាភីអមតៈ» ត្រូវបានរៀបចំឡើងជាលើកដំបូង ដើម្បីអបអរដល់ភាពច្នៃប្រឌិតសហគមន៍សិល្បៈដ៏រឹងមាំ ភាពចម្រុះនៃវប្បធម៌ ជាពិសេស អបអរសមិទ្ធផលម្ចាស់ជយលាភីទាំងអស់។ កម្មវិធី «ជយលាភីអមតៈ ឆ្នាំ២០២៣» និងសន្និសីទសារព័ត៌មានមហោស្រព «៧ពណ៌» អាចដំណើរការទៅបានដោយបានការគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) និង Eric & Debra៕