ភ្នំពេញៈ ខេត្តស្វាយរៀង នឹងទទួលបានគម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនាល ជំហានទី ១ នាចុងឆ្នាំ ២០២៣ ខាងមុខនេះ ខណៈក្រសួងធនធានទឹក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា កំពុងរួមគ្នាពន្លឿនការសិក្សាសមិទ្ធលទ្ធភាពរបស់គម្រោងនេះ។
យោងតាមហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា បានលើកឡើងថា ភាគីពាក់ព័ន្ធ រួមមាន៖តំណាងក្រសួងធនធានទឹក តំណាង KOICA តំណាងក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធសំខាន់ៗ បានបើកកិច្ចប្រជុំពិនិត្យរបាយការណ៍បញ្ចប់ ស្តីពីការសិក្សាសមិទ្ធលទ្ធភាពរបស់គម្រោងវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនាល ជំហានទី ១ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ការប្រជុំពិភាក្សានេះ ក្នុងគោលបំណងប្រមូលធាតុចូល ដើម្បីយកមកធ្វើការកែលម្អលើរបាយការណ៍ឱ្យកាន់តែប្រសើរ ជាពិសេសធ្វើឱ្យគម្រោងមានប្រសិទ្ធភាព និងមាននិរន្តរភាពយូរអង្វែងថែមទៀត ពិសេសឈានទៅដំណើរការបានឆាប់។
លោកបានបន្តថា៖«គម្រោងវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនាល ជំហានទី ១ ក្នុងខេត្តស្វាយរៀង គឺជាផ្នែកមួយនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តភាគខាងកើតទន្លេមេគង្គ»។
ក្នុងឱកាសនោះ លោកប៉ុញ សច្ចៈក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ជាពិសេសទីភ្នាក់ងារ KOICA ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ ខណៈលោកក៏បានស្នើសុំភាគីកូរ៉េជួយវិទ្យាស្ថានអង្កេតទឹកកម្ពុជា (Cambodia Institute of Hydrological Survey) ដែលគ្រោងធ្វើនៅលើដីសណ្តស្ទឹងព្រែកត្នោត ហើយដែលចំណុចនេះត្រូវបានដៃគូអភិវឌ្ឍន៍កូរ៉េទទួលយកទៅពិចារណាផងដែរ។
លោកស្រី Moon Jung Choi នាយិកាប្រតិបត្តិទីភ្នាក់ងារ KOICA បានចាត់ទុកថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ និងបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យលើការគ្រប់គ្រងទឹកកសិកម្ម។
លោកស្រី ថ្លែងថា៖«របាយការណ៍សិក្សាលទ្ធភាពនឹងបម្រើជាមគ្គុទ្ទេសក៍សម្រាប់ទិសដៅនៃគម្រោងផ្សេងៗនាពេលអនាគត និងផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះលទ្ធភាពជោគជ័យ ហានិភ័យ និងបញ្ហាប្រឈមដែលអាចកើតមានទាក់ទងនឹងការអនុវត្តគម្រោងនានាក្នុងវិស័យទឹកកសិកម្មក្នុងតំបន់ព្រែកនាល នៃខេត្តស្វាយរៀង»។
បើតាមទីភ្នាក់ងារ KOICA ការសិក្សាសមិទ្ធលទ្ធភាពរបស់គម្រោងវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀងនេះ គឺជាការគាំទ្រដោយសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA ដែលមានថវិកាជំនួយសរុប ២ លានដុល្លារអាមេរិក សម្រាប់អនុវត្តរយៈពេល ២ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣។ គម្រោងនេះមានគោលបំណងកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត ផ្គត់ផ្គង់ប្រព័ន្ធធារាសាស្ត្រ ការផ្គត់ផ្គង់ទឹកក្នុងគ្រួសារ ឧស្សាហកម្ម និងបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ក្នុងខេត្តស្វាយរៀង។
តាមការរំពឹងទុក ការសិក្សាសមិទ្ធលទ្ធភាពរបស់គម្រោងនេះ គ្រោងបញ្ចប់របាយការណ៍ជាស្ថាពរនាចុងឆ្នាំ ២០២៣ នេះ។ គម្រោងនេះមានថវិកាជំនួយចំនួន ២លានដុល្លារ សម្រាប់អនុវត្តឆ្នាំ ២០២១ ដល់ ២០២៣ ខណៈតម្លៃសាងសង់ប្រមាណ ១០០ លានដុល្លារ។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ ២០២៥ គ្របដណ្តប់លើស្រុកកំពង់រោទិ៍ ស្វាយជ្រុំ ស្វាយទាប និងក្រុងស្វាយរៀង ហើយប្រជាជនដែលទទួលផលមានចំនួន ៥ ៣៦០ គ្រួសារ។
គម្រោងនេះ នឹងស្រោចស្រពលើផ្ទៃដី ២៦ ៩៥០ ហិកតា ក្នុងនោះខែប្រាំងមានទំហំ ៥ ៣៤៣ ហិកតា ហើយខែវស្សាមានទំហំ ២១ ៦០១ ហិកតា៕