ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃ ដើម្បីបង្ការជំងឺទឹកនោមផ្អែម ខណៈជំងឺនេះកំពុងក្លាយជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយនៅក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងដូចនេះ នៅក្នុងពិធីប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) កាលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
នៅក្នុងពិធីនេះដែរ លោក ឈាង រ៉ា បានថ្លែងថា ជំងឺទឹកនោមផ្អែមនៅកម្ពុជា គឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។ លោកបានបន្តថា ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជា ជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវយវៈជាដើម។
លោកមានប្រសាសន៍ថា៖ «កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទម្លាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទម្លាប់មិនបានបញ្ចេញពលកម្មឬធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ»។
ចំពោះការព្យាបាលជំងឺទឹកនោមផ្អែមវិញ លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ជំងឺនេះត្រូវព្យាបាលអស់ ១ ជីវិត ក៏ប៉ុន្តែជំងឺនេះដែរ អាចបង្ការបានតាមរយៈការយក ចិត្តទុកដាក់លើរបបអាហារ ដោយត្រូវផ្លាស់ប្តូរឥរិយាបថនៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសម្បូរកាឡូរីលើសពីតម្រូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសាបារីជាដើម។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវជំរុញលើកទឹកចិត្ត និងអប់រំដល់អ្នកជំងឺទឹកនោមផ្អែម ហើយលោកក៏ជំរុញដល់ពលរដ្ឋដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើង ត្រូវប្រញាប់ទៅពិនិត្យមើលជាតិស្ករនៅក្នុងឈាម ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលាផងដែរ។
ជុំវិញរឿងនេះ លោក ហ៊ូ ក្រើន នាយកអង្គការហេឡេនខេល័រ (Helen Keller) ប្រចាំកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពជំងឺទឹកនោមផ្អែមនៅកម្ពុជា ក៏ដូចជាពិភពលោក ដោយសារប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានយល់ដឹងពីរបបអាហារត្រឹមត្រូវ និងចាប់អារម្មណ៍ពីគ្រោះថា្នក់នៃជំងឺនេះនៅឡើយ។
លោកបានប្រាប់ឱ្យដឹងថា៖ «បញ្ហាជំងឺមិនឆ្លង ពិសេសជំងឺទឹកនោមផ្អែម មិនត្រឹមតែធ្វើឱ្យជួបផលលំបាកសុខភាពប៉ុណ្ណោះទេ តែបញ្ហានេះក៏កំពុងជះឥទ្ធិពលខ្លាំងដល់និរន្តរភាពសេដ្ឋកិច្ចកម្ពុជាផងដែរ ហើយជំងឺទឹកនោមផ្អែមនេះ អាចបង្កឡើងតាមរយៈការមានរបបអាហារមិនល្អចំពោះសុខភាព ធាត់លើសទម្ងន់ និងការមិនសូវបញ្ចេញកម្លាំងពលកម្មជាដើម»។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភរូបនេះ ក៏បានជំរុញដល់ពលរដ្ឋកម្ពុជាទាំងអស់ឱ្យយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ពិសេសលើរបបអាហារប្រចាំថ្ងៃដើម្បីកាត់បន្ថយហានិភ័យដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងៗទៀត។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា នៅទូទាំងពិភពលោកជំងឺទឹកនោមផ្អែម គឺជាមូលហេតុផ្ទាល់មួយនៃការស្លាប់ដែលមានចំនួន ១,៥ លាននាក់ ក្នុងនោះចំពោះអ្នកដែលមានអាយុក្រោម ៧០ ឆ្នាំក្នុងអត្រាស្លាប់ចំនួន ៤៨ ភាគរយ នៅឆ្នាំ ២០១៩។
បើផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ ២០១៦ ដែលបង្ហាញដោយក្រសួងសុខាភិបាលបានឱ្យដឹងថា នៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព ២ ភាគរយក្នុងចំណោមករណីស្លាប់ទាំងអស់។
ចំណែកអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅកម្ពុជាវិញ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានរកឃើញថា អ្នកមានជំងឺទឹកនោមផ្អែម ២២ នាក់ស្លាប់ក្នុង ១ ថ្ងៃ គិតនៅក្នុងឆ្នាំ ២០១៩។
បើនិយាយដល់ការចំណាយលើថ្លៃព្យាបាលជំងឺទឹកនោមផ្អែមវិញស្ថាប័នអន្តរជាតិនេះ បានរកឃើញថាអ្នកជំងឺម្នាក់ចំណាយប្រហែល ២៣៨ ដុល្លារក្នុង ១ ឆ្នាំ ឬបើនិយាយពីការចំណាយលើថ្លៃព្យាបាលរបស់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ជាសរុបក្នុងឆ្នាំ ២០១៩ មានប្រហែល ១០២ លានដុល្លារអាមេរិក។
ស្ថាប័នមួយនេះ ក៏បានប៉ាន់ប្រមាណដែរថា ក្នុងឆ្នាំ ២០៣០ ការចំណាយលើថ្លៃព្យាបាលលើជំងឺទឹកនោមផ្អែមនៅកម្ពុជា អាចឡើងដល់ ១៤៥,៩ លានដុល្លារអាមេរិក៕