ភ្នំពេញៈ មេបញ្ជាការ​តំបន់​ភូមិភាគ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន លោក​ វ៉ាង​ ស៊ីវ​ពី​ន បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ដែល​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​សមយុទ្ធ​ពហុ​សាសន៍​ពី​បណ្តា​ប្រទេស​អាស៊ាន ដែល​បានរៀបចំ​ដោយ​ប្រទេស​ចិន ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន នឹង​បន្ត​រឹងមាំ និង​ស៊ីជម្រៅ​
​ថែមទៀត​។​

​ការថ្លែងអំណរគុណ​ពី​មេទ័ព​​ចិន​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​សម្តែង​ការគួរសម​រវាង​លោក វ៉ាង ស៊ីវ​ពី​ន និង​ភាគី​កម្ពុជា​លោក វង្ស ពិ​សេន អគ្គ​មេ​បញ្ជា​ការ​នៃ​កងយោធពល​ខេ​មរ​​ភូមិន្ទ កាលពី​រសៀល​ថ្ងៃទី​ ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នា​ប្រទេស​ចិន បន្ទាប់ពី​ពិធី​បិទ​សមយុទ្ធ​ពហុ​សាសន៍ «​សន្តិភាព​មិត្តភាព​​ឆ្នាំ​ ​២០២៣»​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​ដែល​បានប្រកាស​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​។​

​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​លើកឡើងថា ក្នុងជំនួប​នេះ លោក ​វង្ស ពិ​សេន ប្រាប់​សម​ភាគី​ចិន​ថា ការចូលរួម​ពិធី​បិទ​សមយុទ្ធ​ពហុ​សាសន៍​នេះ គឺ​ដើម្បី​ជួយ​ពង្រឹង​ទំនាក់ទំនង​ល្អជា​ប្រពៃណី និង​ប្រវត្តិសាស្ត្រ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង ​២ ជាពិសេស​ដើម្បី​លើកទឹកចិត្ត​និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹង​​ប្រែង​របស់​កងកម្លាំង​នៃ​បណ្តា​ប្រទេស​នានា​ចូលរួម​ក្នុង​សម​​យុទ្ធ​នេះ​ឱ្យបាន​ជោគជ័យ ដែលជា​ចំណែក​គាំទ្រ​ស្ថិរភាព និង​សន្តិភាព​តំបន់​។​

​តាមរយៈ​ប្រភព​ដដែល​នោះដែរ លោក​ វ៉ាង ស៊ីវ​ពី​ន ក៏បាន​ថ្លែងអំណរគុណ​ដល់​សមភា​គី​​កម្ពុជា​ដែល​បាន​បញ្ជូន​កង​កម្លាំង​នៃ​កងយោធពល​ខេ​មរ​​ភូមិន្ទ​មក​ចូលរួម​សមយុទ្ធ​យោធា​ដែល​រៀបចំ​ដោយ​ចិន​នេះ ដែល​សបញ្ជាក់​យ៉ាងច្បាស់​ពី​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​កងទ័ព​រំដោះប្រជាជន​ចិន និង​សម្រាប់​តំបន់​ភូមិភាគ​ខាងត្បូង​។​

​មេបញ្ជាការ​ចិន​បាន​បន្ថែមថា​៖ «​កម្ពុជា​ និង​ចិន​ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​»​។​

​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ទៅ​ចូលរួម​សមយុទ្ធ​ពហុ​សាសន៍ «​សន្តិភាព​មិត្តភាព​ឆ្នាំ ​២០២៣» នា​ប្រទេស​ចិន​រយៈពេល ១០ ​ថ្ងៃ គឺ​ចាប់តាំងពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ២២ ខែវិច្ឆិកា នៅ​ទីក្រុង​ស៊ាន់​ជាំ​ង ខេត្ត​ក្វាង​តុង ដែលមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ផ្សេងទៀត​រួមមាន ឡាវ ម៉ាឡេស៊ី ថៃ និង​វៀតណាម ក្រោម​ប្រធានបទ «​ប្រតិបត្តិការ​យោធា​ចម្រុះ​លើ​ការប្រឆាំង​ភេរវកម្ម និង​ការ​ថែ​ ​រក្សា​សន្តិសុខ​លម្ហ​សមុទ្រ​»​។​

​លោក​ គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការ​ថ្លែង​អរគុណ​ពី​មេដឹកនាំ​យោធា​ចិន និង​ការលើក​ឡើងជា​វិជ្ជមាន​របស់​មេដឹកនាំ​យោធា​កម្ពុជា​ក្នុងជំនួប​នេះ បង្ហាញ​ពី​ការប្តេជ្ញា​ចិត្តជា​សុច្ឆន្ទៈ​រៀងៗ​ខ្លួន​ក្នុង​ការពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​​ជាតិ​និង​សន្តិសុខ​រវាង​ប្រទេស​ទាំង​ ២​។​

​លោក​ថ្លែងថា សម្រាប់​សម​យុទ្ធ​យោធា​ពហុ​សាសន៍​នេះ​វិញ កម្ពុជា​បានបង្ហាញ​គោលការណ៍​ពហុភាគី​និយម ខណៈ​សមយុទ្ធ​នេះ​មិនមែន​ធ្វើឡើង​តែ​ពី​ចិន​និង​កម្ពុជា​ឡើយ ដោយមាន​ការ​ចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន ព្រមទាំង​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ​ផង​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​បញ្ហា​សន្តិសុខ និង​ការពារជាតិ​នេះ មានរឿង​ច្រើន​ដែល​ទាមទារ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ពី​បណ្តា​ប្រទេស​ទាំង​​អស់ ទាំង​ក្នុង​តំបន់ និង​ពិភព​លោក​។ កន្លងមក​កម្ពុជា​និង​ចិន​បាន​ចូលរួម​ក្នុង​រង្វង់​ឯកសារ​មួយចំនួន​ដែល​ធានា​ដល់​សន្តិ​សុខ​តំបន់ និង​ពិភពលោក​ដែលជា​កង្វល់​រួម ទាំង​សន្តិសុខ​ប្រ​ពៃ​ណី និង​មិន​ប្រពៃណី​»​។​

​លោក​បាន​ថ្លែង​បន្ថែមថា សមយុទ្ធ​យោធា​ពហុ​សាសន៍​ដែល​រៀបចំ​ដោយ​ចិន​នេះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រៀងៗ​ខ្លួន​របស់​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម ក្នុង​គោលដៅ​ពង្រឹង កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិ​សុខ ហើយ​សមយុទ្ធ​នេះ​ក៏បាន​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ព្រមទាំង​ជា​ចំ​​ណែ​ក​ជំរុញ​ចរន្ត​ពហុភាគី​និយម​ផងដែរ​៕