ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យសហជីព អង្គការវិជ្ជាជីវៈដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួនជាតំណាងរបស់កម្មករ កម្មការិនី ដោយកុំយកឈ្មោះជាសហជីពតែប្រមូលកម្មករ-កម្មការិនីទៅធ្វើការងារផ្សេង ជាពិសេសការងារនយោបាយ ដែលវាអត់ចំណេញដល់កម្មករ។
នៅក្នុងជំនួបសំណេះសំណាលលើកទី១០ ជាមួយកម្មករនិយោជិតជិត ២ ម៉ឺននាក់ មកពីតាមបណ្តារោងចក្រសហគ្រាសនានា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «បើធ្វើការងារតំណាងសិទ្ធិរបស់កម្មករ-កម្មការិនី គឺត្រូវដោះស្រាយបញ្ហាកម្មករ កម្មការិនី កុំជ្រកក្រោមរូបភាពសហជីព តែយកបងប្អូនទៅធ្វើការងារផ្សេងខុសដែលនាំឱ្យមានបញ្ហា។ បើចង់ធ្វើការងារតំណាងលើប្រធានបទអី រៀបចំឱ្យចំទៅ ដូចជាបើចង់ការពារសិទ្ធិមនុស្ស ឬបរិស្ថាន រៀបចំជា NGO ដើរតួនាទីសម្រាប់ការងារសិទ្ធិមនុស្ស ឬអ្នកការពារបរិស្ថានទៅ»។
លោក ហ៊ុន ម៉ាណែត បន្តថា៖ «កុំជ្រកក្រោមរូបភាពអង្គការសហជីព វិជ្ជាជីវៈដោយយកដៃបងប្អូនកម្មករ កម្មការិនីទៅធ្វើជាការងារអីផ្សេងខុសជំនាញ។ សិទ្ធិសេរីភាពបងប្អូនយើងរាប់ពាន់នាក់ ហើយខ្ញុំអរគុណណាស់ដល់បងប្អូនសហជីពទាំងអស់ដែលធ្វើការងារបំពេញជាតំណាងរបស់កម្មករនិយោជិតក្នុងការដោះស្រាយ និងការចរចាអត្ថប្រយោជន៍ដល់ពួកគេ ដែលនេះជាប្រពៃណីនៃការធ្វើការរបស់យើង»។
លោកក៏ណែនាំផងដែរថា បើភាគីណាដែលមានបញ្ហាត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយខិតខំធ្វើយ៉ាងណាកុំឱ្យឈានទៅដល់ការប្តឹងផ្តល់ដល់តុលាការ។
ជាមួយគ្នានេះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រាជរដ្ឋាភិបាល និងក្រសួងការងារ ត្រូវតែការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ដោយមិនឱ្យបុគ្គលណាមួយទាំងនិយោជក និងទាំងបុគ្គលដែលតាំងខ្លួនជាតំណាងកម្មករនិយោជិត យកកម្មករធ្វើជាចំណាប់ខ្មាំងឡើយ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះកាលពីថ្ងៃទី ២០ ខែវិច្ឆិកា នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំកម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជាឆ្នាំ ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ,សភាពាណិជ្ជកម្មកម្ពុជា, តំណាងអង្គការអន្តរជាតិខាងការងារ (ILO)និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ហេង សួរ ថ្លែងថា៖ «ក្រសួងមិនលើកលែង ហើយក៏មិនមានការយោគយល់ដែរដែលរំលងយន្តការក្រសួង ហើយធ្វើអន្តរជាតូបនីយកម្មបញ្ហា ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារនៅកម្ពុជា។ ខ្ញុំជឿថា វាជាប្រយោជន៍រួមរបស់បងប្អូនកម្មករនិយោជិត។ ខ្ញុំសុខចិត្តប្រឈមនឹងបុគ្គលមួយចំនួន ដែលតាំងខ្លួនជាតំណាងកម្មករនិយោជិត ប៉ុន្តែធាតុពិត ជាអ្នកបំផ្លាញប្រយោជន៍របស់កម្មករនិយោជិត ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន»។
លោកថា៖ «ដូច្នេះក្រសួងការងារក៏ដូចជារាជរដ្ឋាភិបាល ត្រូវការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិតជាទូទៅតែម្តង ដោយមិនឱ្យបុគ្គលណារួមទាំងនិយោជក និងបុគ្គលដែលតាំងខ្លួនថា ជាតំណាងកម្មករ-និយោជិតយកកម្មករនិយោជិតជាចំណាប់ខ្មាំងឡើយ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានគាំទ្រចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការងារ ដែលរដ្ឋមន្ត្រីការងារអះអាងពីការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ។ ប៉ុន្តែលោកយល់ថា ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករពិតប្រាកដត្រូវផ្អែកលើកត្តា ៤ យ៉ាង។
លោកបញ្ជាក់ថា៖ «ទី១ ធានាបាននូវការងារធ្វើ, ទី២ ការគិតគូរសុខភាព និងសុវត្ថិភាពរបស់កម្មករ, ទី៣ ជីវភាពរបស់កម្មករ និងទី៤ លើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករនិយោជិត។ ទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាអ្វីដែលត្រូវបានធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញយើង»។
យ៉ាងណាក្តីលោក ប៉ាវ ស៊ីណា យល់ឃើញថា បច្ចុប្បន្នកម្មករ-និយោជិត បាននិងកំពុងប្រទះបញ្ហាមួយចំនួនជាពិសេសទាក់ទងនឹងការធ្វើកិច្ចសន្យាការងាររយៈពេលខ្លី ពី ៣ ទៅ ៦ ខែ ដែលបានធ្វើឱ្យកម្មករមានការព្រួយបារម្ភ ពីស្ថិរភាពប្រាក់ចំណូលរបស់ពួកគេ ហើយនេះជាអ្វីដែលលោកស្នើឱ្យក្រសួងការងារជួយគិតគូរដោះស្រាយ៕