ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២១ ខែវិច្ឆិកា បានសម្រេចអនុម័តជាផ្លូវការ នូវគម្រោងវិនិយោគសាងសង់វារីអគ្គិសនីចំនួន ២ ដែលមានតម្លៃជាង ៤៤៧ លានដុល្លារអាមេរិក នៅក្នុងស្រុកមណ្ឌលសីមា និងស្រុកថ្មបាំងខេត្តកោះកុង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន“KHMER ELECTRICAL POWER CO., LTD” ក្នុងគម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រំកណ្តាល ដែលមានអានុភាព ៧០ មេហ្គាវាត់នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០ មេហ្គាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់ អាជីវកម្ម និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥ លានដុល្លារអាម៉េរិក។ នេះបើយោងតាម CDC ។ គម្រោងនេះអាចបង្កើតការងារបានចំនួន ២៣០ កន្លែងផងដែរ។
ក្រៅពីគម្រោងខាងលើនេះ CDC ក៏បានសម្រេចផ្តល់សិទ្ធិ វិនិយោគដល់ក្រុមហ៊ុនចំនួន ៦ ទៀត។ ក្នុងនោះរួមមានក្រុមហ៊ុន JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD” ក្នុងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៣៣៥ កន្លែង។
ក្រុមហ៊ុន KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD” ក្នុងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៣៣៥ កន្លែងផងដែរ។
ក្រៅពីនោះរួមមានក្រុមហ៊ុន SKY BEST FASHION CO., LTD” ក្នុងគម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៥ កន្លែង។
ក្រុមហ៊ុនYF SINOSKY INDUSTRIAL (CAMBODIA) CO., LTD.” ក្នុងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារដែល អាចបង្កើតការងារបានចំនួន ១ ២៤៨ កន្លែង។
ចំណែកឯក្រុមហ៊ុន ២ ចុងក្រោយ គឺក្រុមហ៊ុន SVZ PRINTING & PACKAGING CO., LTD.” ក្នុងគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥៨ កន្លែង និងក្រុមហ៊ុន“XIN SUNN LONG (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,០៦ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១ ១៨៣ កន្លែង៕