ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧ នេះ បន្តប្តេជ្ញាចិត្តឱ្យបានជាដាច់ខាតដោយរក្សានូវសមិទ្ធផល ដែលបានសម្រេចនាពេលកន្លងមក ជាពិសេសសុខសន្តិភាព ស្ថិរភាព និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត ២ ម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន ១៣ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាជំនួបលើកទី ១០ បន្ទាប់ពីលោកឡើងធ្វើជានាយករដ្ឋមន្ត្រី។
លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលសូមបញ្ជាក់ម្តងទៀតថា ជាមួយនឹងការថ្លែងអំណរគុណចំពោះការទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ នឹងបន្តប្តេជ្ញាចិត្តឱ្យបានជាដាច់ខាតនូវការថែរក្សាសមិទ្ធផល ដែលបានធ្វើពីមុនមក ជាពិសេសសុខសន្តិភាព ស្ថិរភាពនិងពង្រីកនូវសមិទ្ធផល និងការអភិវឌ្ឍប្រទេស ហើយជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសរបស់យើង»។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ឱ្យបន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលថា ដរាបណាមានរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានបទពិសោធន៍និងមានគោលនយោបាយបម្រើប្រជាពលរដ្ឋហើយមិនរត់ចោលប្រជាពលរដ្ឋនៅក្នុងគ្រប់កាលៈទេសៈណាក៏ដោយ សុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តនិងបន្តចូលរួមជាមួយនឹង រដ្ឋាភិបាលកសាងប្រទេស។
លោកបានមានប្រសាសន៍ថា៖ «មិនតិចទេ អ្នកដែលចង់ដុតប្រទេស។ ម៉្ងៃៗអំពាវនាវឱ្យតែប្រជាពលរដ្ឋងើបបះបោរ, ម៉្ងៃៗអំពាវនាវឱ្យតែកងកម្លាំងប្រដាប់អាវុធងើបឡើង ហើយអ្នកខ្លះជេរថ្នាក់ដឹកនាំរហូតដល់ប្រមាថព្រះមហាក្សត្រទៀត»។
លោកបន្តថា៖ «មិនខ្វះទេអ្នកដែលខិតខំបំពុលតែជាសិទ្ធិរបស់គេចុះ តែកុំនាំប្រជាពលរដ្ឋខុសច្បាប់ កុំធ្វើអីមួយដែលបំផ្លាញសុខសន្តិភាព ស្ថិរភាព និងសិទ្ធិសេរីភាពបញ្ចេញមតិប៉ុន្តែអាស្រ័យលើប្រជាពលរដ្ឋរបស់យើងទេ ជាពិសេសក្មេងៗឥឡូវមានម្ចាស់ការខ្លួនឯងដោយសារពួកគាត់ដឹងច្រើនជាងជំនាន់កាលខ្ញុំនៅក្មេង»។
ប្រជាពលរដ្ឋ យុវជនក្មេងៗអាចមានសមត្ថភាពសម្រេច វិនិច្ឆ័យបានថាតើអ្វីល្អ ឬអាក្រក់ អ្វីដែលមានផលប្រយោជន៍សម្រាប់ខ្លួនឯង។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា៖ «ខ្ញុំឃើញនៅពេលបោះឆ្នោត ដែលមានជាង៨លាននាក់ បានទៅបោះឆ្នោតទោះបីជាមានការអំពាវនាវមិនឱ្យមានការទៅបោះឆ្នោតក៏ដោយ»។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ការបោះឆ្នោតដូចជាការចុះកុងត្រា រវាងប្រជាពលរដ្ឋ និងបក្សនយោបាយដែរហើយការសម្រេចរបស់ប្រជាពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា គឺផ្តល់ការវិនិច្ឆ័យមួយដ៏ច្បាស់លាស់ គឺមិនរត់ចោលប្រជាពលរដ្ឋ មិនមែនជាទន្សាយនោះទេជាពិសេសនៅពេលដែលមានការលំបាកគឺគណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាពលរដ្ឋរហូត។
លោកសង្កត់ធ្ងន់ថា៖ «គណបក្សប្រជាជនកម្ពុជា មិនដែលហែកកុងត្រាចោល មិនដែលក្បត់កុងត្រាខ្លួនឯងនោះទេ»។
លោក ស៊ឺន សម អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺជារឿងមួយសាមញ្ញ និងជាទូទៅដូចអ្នកកាន់អំណាចដទៃទៀតនៅលើពិភពលោកដែរ ព្រោះគាត់គឺជានាយករដ្ឋមន្ត្រី ដែលមានតួនាទី និងភារកិច្ចចាំបាច់ក្នុងការថែរក្សាសុខសន្តិភាពនិងស្ថិរភាពដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា៖ «ជាធម្មតា អ្នកនៅក្នុងអំណាច តែងតែនិយាយអ្វីដែលល្អៗ និងជាផ្លែផ្កា ព្រមទាំងអ្វីដែលខ្លួនធ្វើបានជារឿងសំខាន់ ពីព្រោះថា ជាទិដ្ឋភាពនយោបាយនៅក្នុងពិភពលោកជាធម្មតា អ្នកដែលកាន់អំណាចតែងតែនិយាយពីចំណុចល្អនិងជាស្នាដៃដែលខ្លួនសម្រេចបាន»។
លោក ស៊ឺន សម បន្ថែមទៀតថា ការលើកឡើងពីបញ្ហាសន្តិភាព និងស្ថិរភាព គឺមានភាពចាំបាច់និងមានតម្លៃសម្រាប់មនុស្សទូទៅ ព្រមទាំងបង្ហាញពីសារនយោបាយ និងស្នាដៃក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ព្រោះបើក្រឡេកមើលទៅប្រទេសមួយចំនួន ដែលមានសង្គ្រាម ដូចជាប្រទេសភូមា រុស្សី-អ៊ុយក្រែន និងថ្មីៗនេះ ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលមានវិបត្តិសង្គ្រាមនាំឱ្យមានផលវិបាកដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ។
ស្រដៀងគ្នានេះដែរលោកជ័យតិចអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានលើកឡើងដែរថា ការថែករក្សាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះនិងជារឿងចាំបាច់ សម្រាប់បន្តទៅមុខទៀតរបស់កម្ពុជា ព្រោះថា ការកសាងប្រទេសនាពេលកន្លងមកនេះ គឺចំណាយពេលច្រើនរហូតដល់ជាង ៤០ ឆ្នាំ បន្ទាប់ពីការដួលរំលំនៃរបបខ្មែរក្រហម ហើយនាំមកនូវសន្តិភាព ស្ថិរភាព និងការឯកភាពជាតិរបស់ប្រទេសកម្ពុជា។
លោកថ្លែងថា៖ «នេះគឺជាសមិទ្ធផលដ៏ថ្លៃថ្លារបស់កម្ពុជា បើយើងគ្មានសន្តិភាពទេក៏គ្មានការអភិវឌ្ឍដែរ។ ឧទាហរណ៍នៅតាមប្រទេសផ្សេងៗ និងសង្គ្រាមបច្ចុប្បន្ន និងអតីតកាល ធ្វើឱ្យប្រទេសជាតិ រលំរលាយ ទាំងរចនាសម្ព័ន្ធ និងជីវិតមនុស្ស ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗផងដែរ»។
ជាមួយគ្នានេះ លោក ជ័យ តិច ក៏ទទួលស្គាល់ដែរថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស គឺជាមូលដ្ឋានគ្រឹះនាំមកនូវការអភិវឌ្ឍទាំង សង្គម សេដ្ឋកិច្ច និងឈានទៅរកចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
ឆ្លៀតក្នុងជំនួបនោះដែរលោក ហ៊ុន ម៉ាណែត ក៏បានថ្លែងចំអកទៅដល់អ្នកតែងតែលើកឡើងថា រដ្ឋាភិបាលកម្ពុជាចេញនូវសូចនាការ ឬយុទ្ធសាស្ត្រនានាទាំ ងការដេកស្រមើស្រមៃ ដោយលោកឆ្លើយតបទៅវិញថា វាទាមទារនូវការស្រមៃ ការដាក់ទិសដៅ ដើម្បីការខំប្រឹងប្រែងសម្រេចឱ្យបានដើម្បីប្រជាពលរដ្ឋ។
លោកថ្លែងថា ៖ «ដូចនេះ អ្វីដែលរដ្ឋាភិបាលត្រូវធ្វើគឺនឹងមិនឈប់ឈរទេ ហើយការធ្វើនេះ ក៏មិនមែនត្រឹមតែ ៩០ ថ្ងៃទេ តែរយៈពេល ៥ ឆ្នាំនេះ គឺនឹងមិនឈប់ឈរហើយកាន់តែបន្ថែមសម្ទុះ ហើយដរាបណាប្រជាពលរដ្ឋមានជំនឿជឿជាក់នៅឆ្នាំ ២០២៨ ផ្តល់ការទុកចិត្តដើម្បី បន្តបម្រើតទៅទៀត យើងនឹងធ្វើរហូត»៕