ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់កងកម្លាំង និងអាជ្ញាធររាជធានីភ្នំពេញ ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋអ្នកទេសចរជាតិ និងអន្តរជាតិឱ្យបានល្អក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ និង ២៨ ខែវិច្ឆិកា។
លោកហ៊ុន ម៉ាណែត បានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជិត ២ ម៉ឺននាក់ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ។
លោកថ្លែងថា៖ «នៅសល់ ៥ ថ្ងៃទៀត យើងឈានដល់ថ្ងៃបុណ្យអុំទូកហើយ។ យើងមានរៀបចំពិធីប្រគំតន្ដ្រី និងកម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។ ទោះជាយ៉ាងណាសន្តិសុខ និងសុវត្ថិភាពត្រូវតែធានា»។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការពង្រីកទីតាំងសប្បាយរីករាយ ទៅដល់កោះនរា ដែលជាទីតាំងតំបន់អភិវឌ្ឍន៍៍ថ្មី សម្រាប់ប្រជាពលរដ្ឋសប្បាយរីករាយផងដែរ ដោយមានការរៀបចំទៅជាកន្លែងប្រគំតន្ត្រី និងកម្សាន្តផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅទីតាំងនោះ។
បើតាមលោក ហ៊ុន ម៉ាណែត សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានទូក «ង» ចូលរួមប្រណាំងជាង ៣០០ ទូក ដោយក្នុងនោះ លោកក៏បានប្រកាសជួយឧបត្ថម្ភទូកចំនួន ២០ ទូក និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏ជួយឧបត្ថម្ភចំនួន ២០ ទូកផងដែរ ខណៈលោក ហ៊ុន សែន បានជ្រើសរើសទូកចំនួន ៣ គូ ជាគូពិសេស សម្រាប់ធ្វើការប្រកួតប្រជែងនៅថ្ងៃចុងក្រោយ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្លែងថា លោកមិនទាន់ហ៊ានធ្វើអត្ថាធិប្បាយឱ្យស៊ីជម្រៅចំពោះការងារទាក់ទងនឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់នាព្រះរាជពិធីបុណ្យអុំទូកនេះនៅឡើយទេដោយលោកបញ្ជាក់ថា លោករង់ចាំការបើកកិច្ចប្រជុំពិភាក្សាលើការផែនការការពារសុវត្ថិភាព និងសន្តិសុខរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់បែងចែកភារកិច្ចរបស់កងកម្លាំងសិន។
ទោះជាយ៉ាងណាលោក សំ វិច្ឆិកា បញ្ជាក់ថា សម្រាប់កងកម្លាំងការពាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ សម្រាប់ការពារសុវត្ថិភាពរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងមានសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់រៀបរយល្អ។
ជាមួយគ្នានេះលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ ខែវិច្ឆិកា បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា និងការប្រើប្រាស់ក្បួនយានយន្តហែអម ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ផងដែរ។
យោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី ១៥ វិច្ឆិកាបានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី ២៦ ខែវិច្ឆិកា និងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រនៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។
យោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិបានឱ្យដឹងថា នៅឆ្នាំនេះទូកដែលនឹងត្រូវចូលរួមប្រណាំងសរុបមានចំនួន ៣៣៨ ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ ទូក, ទូកចែវបុរសចំនួន ៤២ ទូក, ទូកចែវនារី ១ ទូក, ទូកខ្នាតអន្តរជាតិបុរស ១៣៥ ទូក និងនារី ២ ទូក ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានីខេត្តទូទាំងប្រទេស។
ចំណែកប្រទីបមានចំនួន ៣០ ដែលក្នុងនោះមកពីក្រសួង និងស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន ២ ដែលនឹងបណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕