ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក កែវ រតនៈ បានអះអាងថា រដ្ឋបានត្រៀមថវិកាសម្រាប់ការខាតទៅលើការប្រើប្រាស់អគ្គិសនីនៅក្នុងឆ្នាំនេះ ប្រមាណ ១៣០ លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយដល់វិស័យសំខាន់ៗមួយចំនួនផងដែរ។
លោក កែវ រតនៈ បានថ្លែងបែបនេះនៅក្នុងវេទិកាពិភាក្សាស្តីពីគោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជានៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយលោកបានថ្លែងថា កន្លងទៅរាជរដ្ឋាភិបាលបានប្រកាសពីការចុះថ្លៃពិសេសដល់វិស័យកសិកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្មជាពិសេសការបូមទឹកនៅពេលយប់ដែលមានតម្លៃក្នុងអត្រា ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង។
លោកបានបន្ថែមថា សម្រាប់វិស័យឧស្សាហកម្ម រដ្ឋបានចាប់ផ្តើមបញ្ចុះថ្លៃអគ្គិសនីហើយចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ ២០២៣ ខណៈដែលវិស័យទេសចរណ៍វិញនឹងត្រូវអនុវត្តការបញ្ចុះថ្លៃអគ្គិសនី ៣ ខែដូចគ្នាគឺខែធ្នូ ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក កែវ រតនៈ បានបញ្ជាក់ថា៖ «ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យទេសចរណ៍នេះ គឺអនុវត្តនៅទូទាំងប្រទេសសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋានទេសចរណ៍និងភោជនីយដ្ឋានជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍»។
ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនេះបានត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ដោយលោកកែវរតនៈ បានអះអាងថា មិនអាចបញ្ចុះតម្លៃរហូតបានទេ ព្រោះវាអាចនាំឱ្យអគ្គិសនីដួលរលំបាន។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «ឆ្នាំនេះអគ្គិសនីកម្ពុជាត្រៀមខាត ១៣០ លានដុល្លារ (ត្រៀមធ្វើការឧបត្ថម្ភធន) ដើម្បីជួយទប់។ ឧទាហរណ៍ថា បើយើងធ្វើលើសពីនេះ EDC រលាយតែម្តង។ ដូច្នេះយើងនៅតែបន្តចុះថ្លៃ ប៉ុន្តែចុះដោយទទួលខុសត្រូវដើម្បីធានាថា ការចុះថ្លៃនេះវាមិនឱ្យយើងរលាយ»។
ចំពោះការបញ្ចុះតម្លៃអគ្គិសនីដល់វិស័យទេសចរណ៍នេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា វាបានជួយលើកទឹកចិត្តបន្ថែមដល់អ្នកផ្គត់ផ្គង់សេវាទេសចរណ៍ដែលអាចឱ្យប្រតិបត្តិករទេសចរណ៍គិតគូរដល់ការបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនដែលជាផ្នែកមួយនៃការទាក់ទាញទេសចរមកកម្សាន្ត។
យ៉ាងណាក្ដី លោក ហូ វណ្ឌី បានបង្ហាញការយល់ឃើញថា រាជរដ្ឋាភិបាលបានជួយគាំទ្រនិងលើកទឹកចិត្តដល់វិស័យទេសចរណ៍ដូចជា ការទម្លាក់ថវិកាសម្រាប់ហិរញ្ញប្បទាន,ការអនុគ្រោះពន្ធមួយចំនួន រួមនឹងការបញ្ចុះថ្លៃអគ្គិសនីនេះជាដើម វានឹងគ្មានប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងបញ្ហាទេ ប្រសិនបើវិស័យឯកជននៅតែព្រងើយកន្តើយ ចំពោះការពង្រឹងខ្លួនឯងឡើងវិញក្រោយវិបត្តិនានានោះ។
លោកបានថ្លែងថា៖ «ខាងវិស័យឯកជនយើង សូមមេត្តាគិតគូររៀបចំផែនការ និងយុទ្ធសាស្ត្រក្នុងការស្តារ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឡើងវិញកុំលង់លក់នឹងវិបត្តិដែលបានកើតមាននិងត្រូវរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនមានភាពល្អប្រសើរឡើងវិញ»។
ចំណែក លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាក៏បានប្រាប់ដែរថា សហគ្រាសធុនតូច និងមធ្យម ពិតជាត្រូវការការជួយជ្រោមជ្រែងបន្ថែមពីរាជរដ្ឋាភិបាលលើការអន្តរាគមន៍តម្លៃអគ្គិសនីនេះ។
លោកស្រីបានថ្លែងថា៖ «យើងជឿជាក់ថា រាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់ហើយ ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះ។ ជាធម្មតា SME តែងតែចង់បានតម្លៃអគ្គិសនីថោក ប៉ុន្តែយើងក៏គិតគូរដែរដល់ស្ថិរភាពនៃចំណូលរបស់រដ្ឋ ព្រោះថា ឯកជន និងរដ្ឋជាដៃគូដែលមិនអាចខ្វះបាន»។
បើតាម លោក កែវ រតនៈ នៅក្នុងរយៈពេលជិត ៣ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ នៅក្នុងវិស័យរ៉ែ និងថាមពល កំពុងតែបន្តបំពេញតាមការសន្យាមុនការបោះឆ្នោត គឺផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់,ប្តេជ្ញាមិនដំឡើងថ្លៃអគ្គិសនី និងបន្តបញ្ចុះថ្លៃអគ្គិសនី នៅកម្រិតមួយដែលពលរដ្ឋ វិស័យឯកជន និងរដ្ឋព្រមព្រៀងគ្នាទទួលយកបាន។
ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានសំណូមពរឱ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ ហើយនៅពេលខាងមុខ ក្រសួងនឹងធ្វើការជាមួយអ្នកពាក់ព័ន្ធដោយមិនអនុញ្ញាតឱ្យនាំចូលសម្ភារអគ្គិសនីណាដែលត្រូវប្រើថាមពលអគ្គិសនីច្រើនទេ ពោលគឺនឹងអនុញ្ញាតឱ្យនាំចូលតែសម្ភារអគ្គិសនីណាដែលមានមុខងារសន្សំសំចៃអគ្គិសនីបានច្រើនបំផុតតែប៉ុណ្ណោះ។
សូមជម្រាបថា កាលពីឆ្នាំ ២០២២ រដ្ឋាភិបាលអាណត្តិទី៦ បានជួយចេញការខាតបង់ជាលើកដំបូងរបស់ EDC ក្នុងទំហំទឹកប្រាក់ ១០០ លានដុល្លារដែលការអន្តរាគមន៍នេះត្រូវបានរដ្ឋាភិបាលបញ្ជាក់ថាគឺផ្តើមចេញពីវិបត្តិសកល និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន រួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចពិភពលោកលើប្រទេសរុស្ស៊ីផងដែរ៕