ភ្នំពេញៈក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ និងអ្នកស្នាក់នៅទីតាំងប្រមូលផ្តុំ ដែលសេចក្ដីព្រាងអនុក្រឹត្យនេះ បង្កើតឡើងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្រោមវត្តមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្ដីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ និងអ្នកស្នាក់នៅទីតាំងប្រមូលផ្តុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ លោក ប៊ុន ហុន បានស្នើឱ្យមន្ត្រីពាក់ព័ន្ធផ្ដល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះកាន់តែល្អប្រសើរស្របតាមការវិវឌ្ឍនៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ដោយធ្វើយ៉ាងណាអាចបម្រើដល់ការអនុវត្តរបស់មន្ត្រី មានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
យ៉ាងណាក្ដី ទាក់ទងនឹងខ្លឹមសារលម្អិតនៃសេចក្ដីព្រាងអនុក្រឹត្យនេះ កាលពីថ្ងៃទី២១ ខែវិច្ឆិកា លោកប៊ុន ហុន បានបដិសេធផ្តល់ការអត្ថាធិប្បាយ ដោយលោកបានបង្វែរឱ្យសួរអ្នកនាំពាក្យក្រសួងមហាផ្ទៃវិញ ខណៈដែលលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះ មិនអាចទាក់ទងបាន ។
ជុំវិញ ការបង្កើតសេចក្ដីព្រាងអនុក្រឹត្យនេះ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងថា ទោះបីលោកមិនទាន់បានដឹងពីខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យនេះក៏ដោយ ប៉ុន្តែកម្ពុជាមានអនុក្រឹត្យក៏ដូចជាច្បាប់ដែលចូលជាធរមានកន្លងមកច្រើនហើយពាក់ព័ន្ធសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
លោកបានបន្តថា អាជ្ញាធរគួរតែពង្រឹងនិងជំរុញតួនាទីនៃអ្នកអនុវត្តច្បាប់ទាំងឡាយ ដែលមាននៅក្នុងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តច្បាប់ និងអនុក្រឹត្យដែលកំពុងមានឱ្យបានត្រឹមត្រូវ គឺជារឿងដែលទទួលខុសត្រូវបានហើយពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនេះ។
លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា ការបង្កើតហើយបង្កើតទៀតនៃអនុក្រឹត្យទាំងអស់នេះ ខណៈដែលមិនមានយន្តការណាមួយពិនិត្យឱ្យមានការអនុវត្តសម្រចបានប្រសិទ្ធភាពល្អទេ វាអាចធ្វើច្របូកច្របល់ដល់អ្នកអនុវត្តទៅវិញនោះទេ។អ៊ីចឹងអាជ្ញាធរពាក់ព័ន្ធដែលជាអ្នកអនុវត្តគួរតែមានការពង្រឹងអ្វីដែលមានស្រាប់ហ្នឹងឱ្យល្អប្រសើរ នោះអាចមានភាពច្បាស់លាស់ និងប្រសិទ្ធភាពនៃការអនុវត្តច្រើនជាង»៕