ភ្នំពេញៈ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការបង្កើនឱកាសការងារសម្រាប់ជនមានពិការភាព គឺជាគោលបំណងដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈលោកក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាលើកកម្ពស់បរិយាបន្នការងារសម្រាប់ជនមានពិការភាពឱ្យកាន់តែប្រសើរថែមទៀតផងដែរ។
ថ្លែងក្នុងពិធីអបអរសាទរបញ្ចប់គម្រោងដោយជោគជ័យស្ដីពី «ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព» កាលពីថ្ងៃទី២១ ខែវិច្ឆិកា លោកឯម ច័ន្ទមករា បានបង្ហាញក្តីរីករាយចំពោះការបញ្ចប់គម្រោងនេះដោយជោគជ័យ ដែលបានអនុវត្តរយៈពេល៣ឆ្នាំកន្លងមកនេះ។
លោកបានបន្តថា ដើម្បីជំរុញនូវការធ្វើបរិយាបន្នក្នុង វិស័យអប់រំ សហគ្រិនភាពសម្រាប់ជនមានពិការភាព និងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអនុវត្តបរិយាបន្នការងារសម្រាប់ជនមាន ពិការភាពប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់។
លោកបានថ្លែងថា៖«នៅក្នុងបរិបទដែលពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ការងារសម្រាប់ពេលអនាគត នៅតែជាក្តីបារម្ភជាសកល ដែលត្រូវបានបង្កើតជាបញ្ហាប្រឈមសំខាន់ៗដែលត្រូវដោះស្រាយជាបន្ទាន់ ខណៈបញ្ហាប្រឈមមួយនោះគឺ របៀបដើម្បីធានាថា អនាគតនៃបរិយាបន្នការងារ ត្រូវតែនាំគ្នាគិតអំពីការងារសម្រាប់ជនមានពិការភាព ជាង១ ០០០លាននាក់ ដែលកំពុងរស់នៅលើភពផែនដីរបស់យើង»។
លោក ឯម ច័ន្ទមករា បានបន្តថា ជនមានពិការភាព ត្រូវបានគេចាត់ទុកថា ជាក្រុមមួយក្នុងចំណោមក្រុមដែលទទួលបានការយកចិត្តទុកដាក់ជាក់លាក់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានកំណត់យ៉ាងច្បាស់ពីផលប្រយោជន៍របស់ជនមានពិការភាព រួមទាំងក្នុងបរិបទនៃការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។ ហេតុនេះ វិធីសាស្ត្រ ដែលផ្តោតលើសិទ្ធិឆ្ពោះទៅរកការឆ្លុះបញ្ចាំងនៅក្នុងរបៀបវារៈឆ្នាំ២០៣០សម្រាប់ជនមានពិការភាព គឺមានភាពបន្ស៊ីគ្នាស្រប តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព។
លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានបង្ហាញការគាំទ្រ ចំពោះការជំរុញ និងផ្តល់ឱកាសលើកកម្ពស់សិទ្ធិ សុខុមាលភាព មុខរបរ អប់រំ និងជីវភាពការរស់នៅរបស់ជនមានពិការភាព ខណៈការជំរុញនេះនឹងជួយធានានូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម។
លោកបានបន្តថា៖«ការជំរុញការលើកកម្ពស់បរិយាបន្នការងារសម្រាប់ជនមានពិការភាពពិតជាសំខាន់ណាស់ ថ្វីដ្បិតគាត់មានពិការភាពក៏ពិតមែន មិនប្រាកដថាពួកគាត់គ្មានសមត្ថភាពអាចបំពេញការងារដូចមនុស្សទូទៅនោះឡើយ ហេតុនេះសូមជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ពីការផ្តល់អាទិភាពសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារ»។
បើតាមក្រសួងសង្គមកិច្ច តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការផ្តល់អាទិភាពការងារ សម្រាប់ជនមានពិការភាពឃើញថា ជនមានពិការភាពជាច្រើនបានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងមានស្ថាប័នឯកជនកំពុងកើនឡើងគួរឱ្យកត់សម្គាល់។
ជាក់ស្តែង បើតាមសារលិខិតអបអរសាទរក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២នាក់, ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២,០១% កើនលើសឆ្នាំ២០២១។
ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកានិងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន ៥ ៨៣៩នាក់ (ស្ត្រី ៣៨៣៦នាក់) សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩ ៥៨៧នាក់កំពុងបម្រើការងារ៕