ភ្នំពេញៈ នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី ២១ ខែវិច្ឆិកា គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វ៊ីសបានប្តេជ្ញាថា នឹងបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ខណៈមូលនិធិនេះ ក៏គ្រោងនឹងបញ្ជូនសាស្ត្រាចារ្យជំនាញឯកទេសពីប្រទេសស្វ៊ីសមកជួយដល់មន្ទីរពេទ្យនេះជាប្រចាំថែមទៀត។
យោងតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក Philip Robinson នាយកមូលនិធិគន្ធបុប្ផាស្វ៊ីស បានលើកឡើងថា ក្រោយពីអវត្តមានរបស់លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ (Dr. Beat Richner) មូលនិធិស្វ៊ីសបានចាប់ផ្តើមគិតគូរពីការតម្រង់ទិសដៅនិងរៀបចំអ្នកជំនាន់ក្រោយសម្រាប់មូលនិធិ ក្នុងនោះរូបលោកគឺជាអ្នកទទួលខុសត្រូវមូលនិធិជំនាន់ទី៣ដែលមានតួនាទីក្នុងការស្វែងរកសប្បុរសជនមកជួយទ្រទ្រង់ដល់មូលនិធិឱ្យបានយូរអង្វែងបន្តទៀត។
លោកបានបន្តថា៖«មូលនិធិគន្ធបុប្ផាស្វ៊ីស ប្តេជ្ញាចិត្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបាននិងកំពុងរៀបចំគម្រោងការផ្សេងៗដើម្បីអាចគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាតទៅទៀតដូចជាគម្រោងសហប្រតិបត្តិការមន្ទីរពេទ្យនិងសាកលវិទ្យាល័យជាដើមដោយបានបញ្ជូនសាស្ត្រាចារ្យជំនាញ ឯកទេសមកជួយដល់មន្ទីរពេទ្យជាប្រចាំផងដែរ»។
ជុំវិញការលើកឡើងនេះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វ៊ីស ដែលបានសហការនិងគាំទ្រមន្ទីពេទ្យនេះ ជាពិសេសចំពោះលោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាស្វ៊ីស តាំងពីឆ្នាំ១៩៩២ និងផ្តល់ការគាំទ្រដល់ការដំណើរការមន្ទីរពេទ្យនេះ។
លោកមានប្រសាសន៍ថា៖«មូលនិធិគន្ធបុប្ផាស្វ៊ីស បានជួយជាច្រើន តាមរយៈការទ្រទ្រង់ប្រព័ន្ធព្យាបាលសុខភាពដល់កុមារកម្ពុជានិងការបណ្តុះបណ្តាលធនធានមនុស្សព្រមទាំងបានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបជាបន្តបន្ទាប់រហូតមកដែលបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់រយៈពេល៣០ឆ្នាំ កន្លងមកនេះ»។
បន្ថែមពីនេះលោកក៏បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា និងបានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វ៊ីស ចំពោះការប្តេជ្ញាចិត្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងស្វែងរកគម្រោងនានាដើម្បីគាំទ្រមន្ទីរពេទ្យ ទាំងបច្ចេកទេស និងដំណើរការសេវាពិនិត្យ និងព្យាបាលជំងឺកុមារ ផងដែរ។
ជុំវិញរឿងនេះដែរ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានសារទរចំពោះមូលនិធិស្វ៊ីសដែលគ្រោងបញ្ជូនសាស្ត្រាចារ្យជំនាញឯកទេសមកជួយ មន្ទីរពេទ្យគន្ធបុប្ផា ដោយលោកថ្លែងថានេះជារឿងដ៏សំខាន់ណាស់។
លោកបានបញ្ជាក់ថា៖ «ការគ្រោងសហការជាមួយសាកលវិទ្យាល័យនានា ដោយមានបញ្ជូនសាស្ត្រាចារ្យជំនាញមកបណ្តុះបណ្តាលធនធានមនុស្សនៅមន្ទីរពេទ្យគន្ធបុប្ផាគឺសំខាន់ណាស់ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ឆាជាគំរូនៃមន្ទីរពេទ្យនៃសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិហើយមន្ត្រីបុគ្គលិកពេទ្យនៅទីនោះសង្គ្រោះកុមារបានល្អប្រកបដោយវិជ្ជាជីវៈ។ហេតុនេះខ្ញុំក៏សំណូមពរឱ្យរដ្ឋាភិបាលខិតខំរក្សាទំនាក់ទំនងជាមួយមូលនិធិនេះឱ្យបានល្អ»។
យោងតាមរបាយការណ៍សង្ខេបរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថា រយៈពេល ៦ ខែ ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យនិងព្យាបាលកុមារសរុបប្រមាណ៥០ម៉ឺននាក់ ក្នុងនោះមានកុមារឈឺធ្ងន់ៗប្រមាណ ៩ ម៉ឺននាក់ ត្រូវបានទទួលឱ្យសម្រាកព្យាបាល ដែលចំនួននៃការសម្រាកព្យាបាលនេះបានកើនឡើងជាង១០០ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បន្តថា ក្នុងចំណោមកុមារ ៥០ ម៉ឺននាក់នោះមានកុមារឈឺចំនួន ៣៩២ ០៣៤ នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅដែលកើន៥២ភាគរយ ច្រើនជាងឆ្នាំ ២០២២។
ក្នុងនោះកុមារមានជំងឺធ្ងន់ៗចំនួន៨៨ ៩៣០នាក់បានសម្រាកព្យាបាលដែលកើន១០៨ភាគរយច្រើនជាងឆ្នាំ២០២២ ហើយក្នុងនោះដែរមានកុមារចំនួន១ ៣២៦នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
ដោយឡែកនៅដដែលនោះ លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយនឹងលោកតាកាហាស៊ី ហ្វូមីអាគី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូដែលមកពីក្រុមហ៊ុនសហគ្រាសចំនួន២៦ផងដែរ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះ លោក តាកាហាស៊ី ហ្វូមីអាគី លើកឡើងថា ក្រុមការងារ សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនបានចាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគលើវិស័យសុខាភិបាលនិងស្នើសុំការណែនាំក៏ដូចជាសុំការសហការគាំទ្ររបស់ក្រសួងសុខាភិបាលផងដែរ។
លោកបន្តថាសហគ្រាសធុនតូចនិងមធ្យមទាំងនេះចង់វិនិយោគលើផលិតផលគ្រឿងសម្អាងនិងការបណ្តុះបណ្តាល ការថែរក្សាសម្ផស្ស ការវិនិយោគបណ្តុះបណ្តាលការថែទាំមនុស្សចាស់និងរៀបចំមន្ទីរពេទ្យដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍JICA ព្រមទាំងការបង្កើតការិយាល័យរបស់សមាគមជប៉ុន-កម្ពុជានៅកម្ពុជានាឆ្នាំខាងមុខ។
ទន្ទឹមនឹងនោះ លោក កុយ វ៉ាន់នី បានបង្ហាញក្តីរីករាយនិងស្វាគមន៍សហគ្រាសធុនតូចនិងមធ្យមរបស់ជប៉ុនដែលចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការឆ្លើយតបនឹងយុទ្ធសាស្ត្រអាទិភាពសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតលើភាពជាដៃគូសាធារណៈនិងឯកជនផ្ទាល់ផងដែរ។
ជាមួយគ្នានេះលោកបានលើកទឹកចិត្តដល់សមាគមកម្ពុជា-ជប៉ុន ជាពិសេសក្រុមហ៊ុនដែលចង់មកវិនិយោគនៅកម្ពុជាឱ្យពិភាក្សាជាមួយមន្ត្រីជំនាញនៃផ្នែកនីមួយៗដើម្បីស្វែងយល់ពីយន្តការ ការសម្របសម្រួល និងផ្តល់ការណែនាំច្បាស់លាស់ដល់ក្រុមហ៊ុន ព្រមទាំងបានអបអរសាទរសមាគមកម្ពុជា-ជប៉ុនដែលត្រៀមនឹងបើកទីស្នាក់ការនៅរាជធានីភ្នំពេញផងដែរ៕